និយាយដល់តារាសម្តែងស្រីកូនកាត់ និងជាពិធីការនីដ៏ល្បីមួយរូប ទស្សនិកជនប្រាកដជានឹកឃើញដល់កញ្ញា ណា សាឌី មុនគេមិនខាន។ ក្រៅពីអាជីពជា MC ស្រីស្អាតសាឌី ក៏មានទេពកោសល្យ និងភាពប៉ិនប្រសព្វផ្នែកសម្តែងផងដែរ។


ប៉ុន្មានថ្ងៃមុន យើងសង្កេតឃើញមានវត្តមានស្រីស្អាត សាឌី សម្តែងជាតួអង្គក្នុងភាពយន្តខ្លី រឿង «បែកតែមាត់» របស់ផលិតកម្ម សាស្ត្រាហ្វៀម ដែលត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។

យ៉ាងណាមិញ ភាពយន្តជីវិត រឿង «បែកតែមាត់» ធ្វើឱ្យសាឌីខកចិត្ត និងខូចចិត្តខ្លាំង ព្រោះតែសាច់រឿងតម្រូវឱ្យនាងសម្តែងជាតួអង្គស្រីចរិតចង់ឈ្នះ មិនព្រមចាញ់នរណាម្នាក់ងាយៗទេ។ ដោយសារការចង់ឈ្នះបែបនេះហើយ ចុងក្រោយសាឌីត្រូវមកយំខូចចិត្តម្នាក់ឯង ក្រោយបាត់បង់មនុស្សជាទីស្រឡាញ់ដោយមិនបានត្រៀមចិត្តទុកមុន។ ព្រោះពាក្យបែកដដែលៗ ធ្វើឱ្យបុរសជាគូស្នេហ៍ទ្រាំមិនបាន ឈប់លួង ឈប់តាមទ្រហើយសម្រេចចិត្តបែកគ្នាមែនទែន។

ទោះបីឃ្លាតឆ្ងាយពីការសម្តែងរយៈពេលជាង ៤ឆ្នាំហើយក្តី ស្រីស្អាតសាឌី មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ជាមួយស្នាដៃថ្មីនេះនឹងទាក់ចិត្តអ្នកទស្សនាពិសេសយុវវ័យតែម្ដង។ បន្ថែមពីនេះទៀត សាឌី បានផ្តាំតាមអេដមីន ឱ្យហ្វេនៗរង់ចាំទស្សនារឿងដុំភាគរបស់សាឌីជាបន្ត ដែលត្រៀមនឹងចេញផ្សាយឆាប់នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ខាងមុខនេះហើយណា។


សូមបញ្ជាក់ផងដែលថា រឿង បែកតែមាត់ ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី០៨ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន៕


អត្ថបទដោយ៖ Ha Ti