ធឿន ធារ៉ា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម បានវាយចាញ់ ឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យដោយពិន្ទុ នៅក្នុងឱកាសគេផ្គូឲ្យជួបប្រកួតសាកកណ្ដាប់ដៃ លើសង្វៀនបិទទ្វារខារ៉ាបាវបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យ ទី៣០ ខែសីហានោះ។
ឯម ឡេងលី ឈ្នះធឿន ធារ៉ា ដោយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ធារ៉ា ការប្រកួតរបស់គេមិនជាសូវល្អប៉ុន្មានឡើយ ក្នុងការជួបប្រកួតជាមួយអ្នកប្រដាល់រួមជាតិដូចគ្នានេះ ដោយគេវាយ ឯម ឡេងលី សឹងតែរកពិន្ទុឈ្នះពុំបាន មិនដូចជាការប្រកួតជាមួយថៃនោះឡើយ។ តែសម្រាប់ ឡេងលី វិញ គេវាយអស់ពីសមត្ថភាពហើយ តែក៏មិនអាចផ្ដួល ធារ៉ា មុនទឹក៥ បាននោះដែរ។ អ្នកប្រដាល់ទាំងពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។
ចំណែក លីន វីរៈ អ្នកប្រដាល់ជើងចាស់ក្លិបបូរីរាជសីហ៍មានរិទ្ធ ដែលឡើងសងសឹកអ្នកប្រដាល់ស្រករក្រោយ ទូច ដេវីត ក្លិបអារុណរះកីឡានោះ គេធ្វើមិនបានសម្រេចនោះឡើយ ដោយវាយចាញ់ដេវីត ដោយពិន្ទុជាលើកទី២។ ពួកគេទាំងពីរនាក់នេះ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ដេវីត ឈ្នះ លីន វីរៈ ក៏រាងពិបាកដែរ ដោយសារ វីរៈ គេមានស្នៀតប្រដាល់ល្អ ពិសេស កែង និងជង្គង់។ តែយ៉ាងណា វីរៈ គេអន់កម្លាំងស៊ុហ្វ ទើបមិនអាចសងសឹក ទូច ដេវីត បាននោះ។
រឿន សុខលី អ្នកប្រដាល់ក្លិបយុវជនគុនខ្មែរពន្លឺថ្មីព្រែកឯង ដែលគេផ្គូឲ្យជួបប្រកួតជាមួយ បាន លីម អ្នកប្រដាល់ក្លិបបញ្ជាការដ្ឋានទ័ពពិសេសនោះ បានវាយឈ្នះដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕
អត្ថបទ ៖ វិសិទ្ធ



