Home Uncategorized ដំណឹងល្អ! ៩រាជធានីខេត្ត កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

ដំណឹងល្អ! ៩រាជធានីខេត្ត កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស បានមានប្រសាសន៍ឆ្លើយតបសំណួររបស់ អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២៤ ខែមិថុនានេះថា បច្ចុប្បន្នក្រសួងសុខាភិបាលបានចាត់ចែងផែនការយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្ដាខេត្ត ដែលអនុវត្តតាមយុទ្ធសាស្ត្រផ្ការីករបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ​ និងកំពុងចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល។

លោកស្រីមានប្រសាសន៍បន្ថែមថា៖ “បន្តមកទៀត យើងបានចាក់ [វ៉ាក់សាំង] នៅ​ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ​ ដោយជ្រើសយកស្រុកចំនួន៣។ ស្រុកនៅតាមផ្លូវជាតិលេខ១នៅខេត្តស្វាយរៀង ព្រមទាំងកំពង់ឆ្នាំង និងកំពង់ចាម យើងចាក់វ៉ាក់សាំងតាមស្រុកដែលមានរោងចក្រ និងកម្មករកម្មការិនី”។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលរូបនេះ បានឱ្យដឹងបន្ថែមថា ក្រសួងសុខាភិបាលបានចាត់ចែងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទៅតាមចំនួនវ៉ាក់សាំងដែលមានក្នុងដៃ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “​នេះជាផែនការមួយដំណាក់ដែលយើងមានវ៉ាក់សាំងជាង៤,៥លានដូស។ រហូតទៅដល់ដំណាច់ខែសីហា​ ដែលនឹងមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀតទៅតាមផែនការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល”។

​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩រូបនេះ មានការរំពឹងថា ប្រសិនជាមិនមានការប្រែប្រួលទេនោះ វ៉ាក់សាំងនឹងមកដល់តាមចំនួ​​​នបញ្ជាទិញ នោះកម្ពុជានឹងអាចសម្រេចផែនការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋ១០លាននាក់នៅមុនដំណាច់ឆ្នាំ២០២១ និងមុន​ផែនការដែលបានកំណត់បញ្ចប់ការចាក់វ៉ាក់សាំងនេះ នៅចុងឆមាសទី១ ឆ្នាំ២០២២។
លោក មាស អ៊ុយ នាយក​រដ្ឋបាល​ខេត្ត​តាកែវ បានឱ្យដឹងថា នៅ​ខេត្ត​តាកែវ​ កំពុង​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​នៅ​គោលដៅ​ដែល​មាន​ការ​ប្រឈម​ចំនួន ៣ស្រុក គឺ​ស្រុកបាទី ស្រុក​សំរោងទង និង​ស្រុក​ត្រាំកក់។

លោក មាស អ៊ុយ បានបញ្ជាក់ថា នៅ​ស្រុក​បាទី និង​ស្រុក​សំរោងទង ពេទ្យ​ទាហាន​ជា​អ្នក​ចាក់ ចំណែក​នៅ​ស្រុក​ត្រាំកក់ គឺ​មន្ត្រី​សុខាភិបាល​របស់​ខេត្ត​ជា​អ្នក​ចាក់​វ៉ាក់សាំង។

លោក​មានប្រសាសន៍ថា៖ “​យើង​​បាន​ចាក់​រួច​រាល់​ហើយ​ ចំពោះ​មន្ត្រី​រាជការ ខាង​ពន្ធនាគារ​អី​ផ្សេងៗ​ហ្នឹង ចំណែក​ជំហាន​នេះ គឺ​យើង​ចាក់​ជូន​ពលករ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដែល​ផ្ទុះ​កូវីដ​ច្រើន”។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​ បង្ហាញ​ថា ការ​ចាក់​វ៉ាក់សាំង​​ធ្វើ​ឡើង​នៅ​តាម​គោល​ដៅ​ទាំង ៨ក្រុង​ស្រុក ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ការ​បែងចែក​ទីតាំង​ជាច្រើន​កន្លែង​បន្ថែម​ទៀត។

លោកអភិបាលខេត្តកំពង់ស្ពឺរូបនេះ មានប្រសាសន៍ថា៖ “តាម​គោលការណ៍​​គឺយើង​ធ្វើ​ទៅ​លើ​អ្នក​ដែល​​ប្រឈម​ខ្លាំង​មុន​គេ ហើយកាល​នៅ​ថ្ងៃទី២២ ខែ​មិថុនា​នោះ យើង​ប្រើ​ទ្រង់ទ្រាយ​ធំ​ទៅ​គ្រប់​រោងចក្រ​សហគ្រាស​ទាំង​អស់។ យ៉ាង​ណា​យើង​ក៏​បាន​ចាក់​បណ្តើរៗ​ហើយ​ដែរ មាន​តាំង​ពី​មន្ត្រី​រាជការ អ្នក​ជាប់​ពន្ធនាគារ រោងចក្រ​សហគ្រាស​ខ្លះ​ក៏​បាន​ចាក់​ដែរ”។

លោក វ៉ី សំណាង បានបញ្ជាក់ថា ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​វ៉ាក់សាំង​ចំនួន ៥៥ម៉ឺនដូស ដោយចែកកាច់​ជា២ ពាក់​កណ្តាល​សម្រាប់​ចាក់​ជូន​ទៅ​កម្មកររោងចក្រ សហគ្រាស ហើយ​ក្រៅ​ពី​នោះ​សម្រាប់​ចាក់​នៅ​ទីប្រជុំជន​ទាំង​អស់។

លោក កែរ រដ្ឋា ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​ឱ្យ​ដឹង​ថា ខេត្ត​ស្វាយរៀងបានចាក់វ៉ាក់សាំងដំណាក់​កាល​ទី១​បញ្ចប់​ដោយ​ជោគជ័យ​ និងកំពុង​ចាក់​វ៉ាក់សាំង​ដូស​ទី២ ដំណាក់​កាល​ទី២។
ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​ស្វាយរៀង​ដដែលនេះ បានបញ្ជាក់ថា​ ដំណាក់​កាល​ទី១ គឺការ​ចាក់វ៉ាក់សាំង​ជូន​មន្ត្រី​សុខាភិបាល មន្ត្រី​ពន្ធដារ និង​អ្នក​នៅ​ក្រុម​ជួរ​មុខ​ដែល​ប្រឈម​នឹង​ជំងឺ​កូវីដ-១៩ ចំណែក​ដំណាក់កាល​ទី២ គឺ​ចាក់​ជូន​ក្រុម​ប្រឹក្សា​ខេត្ត អភិបាល​ខេត្ត អភិបាល​ក្រុង-ស្រុក និង​ឃុំ-សង្កាត់ និង​ដំណាក់កាល​ទី៣ គឺ​​ចាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ទីតាំង ៣ ក្រុង-ស្រុក គឺ​ក្រុងបាវិត ស្រុក​កំពង់រោទ៍ និង​ស្រុក​រំដួល។

លោក​ កែវ រដ្ឋា បានឱ្យដឹងបន្ថែម​ថា៖ “ទីតាំង​ដែល​មាន​កម្មករ-កម្មការិនី​ច្រើន​ជា​មុខ​សញ្ញា​ប្រឈម​ត្រូវ​តែ​ចាក់​វ៉ាក់សាំង ដូចជា​នៅ​ក្រុង-ស្រុក​ទាំង ៣ ហ្នឹង​សុទ្ធ​តែ​ត្រូវ​ចាក់។ ចំពោះ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ជូន​កម្មករ​រោងចក្រ សហគ្រាស​នេះ ប្រហែល​ជា​អាច​ទទួល​បាន​នៅ​ដើម​ខែ​កក្កដា នេះ”។

គួរបញ្ជាក់ថា គិតត្រឹមយប់ម្សិលមិញថ្ងៃទី២៤ ខែមិថុនានេះ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ មានចំនួន៣,៧១៥,៧៥១នាក់ ឬប្រមាណ ៣៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់។ វ៉ាក់សាំងកំពុងប្រើនៅកម្ពុជាមាន៣ប្រភេទដូចជា​ Sinopharm AstraZeneca និងSinovac៕​

អត្ថបទពី៖ កម្ពុជាថ្មី

កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកចូបៃដិន ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាពេលឆាប់ៗនេះ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងទៅសហរដ្ឋអាមេរិកធ្វើសហប្រធានកិច្ចប្រជុំកំពូលអាមេរិក អាស៊ានជាមួយចូបៃដិន នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ។

សម្តេចតេជោ៖ អាកាសយានដ្ឋាន​អន្តរជាតិថ្មី​មាន​ឈ្មោះថា​ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

គណបក្សប្រជាជនកម្ពុជានឹងបើកសន្និបាតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននៅថ្ងៃទី២៤ ធ្នូ ខាងមុខ

សម្តេចក្រឡាហោម ស ខេង បានអះអាងថា សម្តេចគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៅទៀត។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន ៖ ការប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជាយុទ្ធសាស្រ្ដពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់មជ្ឈដ្ឋាននានា ដែលបានប្រកាសគាំទ្របេក្ខភាពឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។