ព័ត៌មាន
អង្គការអុកស្វាម បើកវេទិកាផ្សព្វផ្សាយ “ការថែទាំ និងការងារតាមផ្ទះ” ដើម្បីលើកសកម្ពស់សិទ្ធិ និងឱកាសរបស់ស្ត្រី
ដោយមានការគាំទ្រពីស្ថានទូតអៀរឡង់ អង្គការអុកស្វាម បានធ្វើការស្ទង់មតិអំពី “ការថែទាំ និងការងារតាមផ្ទះ” ដែលជាផ្នែកមួយនៃគម្រោង “បង្កើនសមភាពយេនឌ័រ តាមរយៈការឆ្លើយតបចំពោះការថែទាំ”។ ការរកឃើញពីការស្ទង់មតិនេះ ត្រូវបានបង្ហាញនៅក្នុងវេទិកាផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ ការស្ទង់មតិ និងការវិភាគត្រូវបានធ្វើឡើងដោយ Analytics and Insights Asia (AI-Asia) កំឡុងខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយអង្គការអុកស្វាម និងក្រសួងកិច្ចការនារី។ ក្រុមអ្នកស្ទង់មតិបានសម្ភាសន៍ប្រជាជនកម្ពុជាជាង ១,១០០នាក់ ទាំងស្ត្រី បុរស កុមារី និងក្មេងប្រុស ពីគ្រួសារចំនួន ៤៤៧ នៅខេត្តព្រៃវែង សៀមរាប មណ្ឌលគិរី និងកំពត។ អ្នកឆ្លើយសំណួរ បានរាយការណ៍លម្អិតពីរបៀបដែលពួកគេប្រើប្រាស់ពេលវេលាប្រចាំថ្ងៃ ផលប៉ះពាល់នៃការធ្វើការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ អារម្មណ៍ និងការយល់ដឹងរបស់ពួកគេអំពីការងារផ្ទះ និងការងារថែទាំដែលមិនទទួលបានប្រាក់កម្រៃ ព្រមទាំងលទ្ធភាពទទួលបានសុខុមាលភាព និងសេវាកម្មសំខាន់ៗ និងតម្រូវការគាំទ្រដែលពួកគេត្រូវការ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា សង្គមរំពឹងទុកយ៉ាងខ្ពស់ និងដោយអយុត្តិធម៌លើស្ត្រី និងកុមារី ឲ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការថែទាំគ្រួសារ និងផ្ទះសម្បែង។ ការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ សំដៅលើសកម្មភាពទាំងអស់ដែលមិន ទទួលបានប្រាក់ចំណូល ជាការងារដែលធ្វើនៅក្នុងគ្រួសារ រួមទាំងការថែទាំដោយផ្ទាល់ចំពោះកុមារ ឬមនុស្សចាស់ និងការថែទាំដោយប្រយោល ដូចជាចម្អិនម្ហូបអាហារ ការលាងសម្អាត បោកសម្លៀកបំពាក់ និងការបោសសំអាតជាដើម។
លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិកា ក្រសួងកិ្ចការនារី បានមានប្រសាសន៍បញ្ជាក់ថា សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាពកំពុងក្លាយជាចរន្តដ៏សំខាន់នៅលើសាកលលោក ក៏ដូចជានៅក្នុងថ្នាក់តំបន់ផងដែរ។ លោកជំទាវ បានបន្តថា ទោះបីការងារខាងលើ កម្ពុជាទើបចាប់ផ្តើមបានប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងកំពុងព្យាយាមបន្ថែមទៀតពន្លឿនកាន់តែខ្លាំង ក៏ប៉ុន្តែប្រទេសកម្ពុជាបានទទួលស្គាល់យ៉ាងឆាប់រហ័សនូវតម្លៃសំខាន់នៃការងារថែទាំ និងការងារផ្ទះ ក្នុងមាត្រាទី៣៦ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ការងារផ្ទះត្រូវមានតម្លៃដូចការងារដែលមានប្រាក់កម្រៃនៅក្រៅផ្ទះ ហើយនៅក្នុងមាត្រាផ្សេងៗបានធានាផងដែរនូវការទទួលបានអត្ថប្រយោជន៍ពីការគាំពារសង្គម ជាពិសេសសម្រាប់ស្រ្តី និងជនដែលងាយរងគ្រោះ ដូចជា កុមារ ជនមានពិការភាព និងមនុស្សចាស់ជាដើម។
នៅក្នុងប្រទេសកម្ពុជា ទិន្នន័យចុងក្រោយនៅកម្រិតថ្នាក់ជាតិដែលពាក់ព័ន្ធនឹងការប្រើប្រាស់ពេលវេលាទាក់ទងនឹងការថែទាំ ត្រូវបានប្រមូលនៅឆ្នាំ២០០៤ ដែលត្រូវបានគេរកឃើញថា ស្ត្រីចំណាយពេល ១៨៨នាទី (៣ ម៉ោង និង ៨ នាទី) ជារៀងរាល់ថ្ងៃលើការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ និងបុរសចំណាយពេលត្រឹមតែ ១៨នាទីប៉ុណ្ណោះ។ ដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវអំពី “ការងារថែទាំ និងការងារផ្ទះ” របស់អង្គការអុកស្វាម ពេលវេលាដែលចំណាយដោយស្ត្រីបានកើនឡើង ប៉ុន្តែគម្លាត រវាងស្ត្រី និងបុរសបានថយចុះយ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ