ព័ត៌មាន
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច បានអំពាវនាវដល់បងប្អូនជនរួមជាតិកុំឱ្យធ្វើ សកម្មភាពជ្រុលនិយម ដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃប្រចាំនៅកម្ពុជា បើទោះជាកម្ពុជា និងថៃកំពុងមានភាពតានតឹងលើជម្លោះព្រំដែនក៏ដោយ។

ការអំពាវនាវនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗ បន្ទាប់ពីភាគីថៃបានពង្រីកជម្លោះព្រំដែនរីករាលដាលទៅកន្លែងផ្សេង ដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិត ព្រមទាំងលួចរាយលួសបន្លាថ្មីនៅតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា នេះថា៖«ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ»។


នៅក្នុងជម្លោះព្រំដែននេះ កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមជាតិនិយមថៃដែលរួមមានបណ្តាញក្រុមនិស្សិត និងប្រជាជនថៃ បានប្រមូលផ្តុំធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ដើម្បីបង្ហាញពីការតាំងចិត្តក្នុងការគាំទ្ររដ្ឋាភិបាលថៃលើសំណុំរឿងព្រំដែនជាមួយកម្ពុជា។
បើវិលទៅរកអតីតកាល ក្នុងអំឡុងឆ្នាំ ២០០៣ ពលរដ្ឋខ្មែរបានធ្វើបាតុកម្មដុតស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃទំនាក់ទំនង កម្ពុជា-ថៃ ឈានទៅរកការប្រេះឆាគ្នា ទៅលើបុព្វហេតុជាតិនិយម នៃជាតិសាសន៍ទាំងពីរ ។ មូលហេតុដែលនាំឱមានបាតុកម្មនៅស្ថានទូតថៃប្រចាំនៅកម្ពុជា ដោយសារតែមានតារាសម្ដែងថៃដ៏ល្បីមួយរូប បានមាក់ងាយមកលើជាតិសាសន៍ខ្មែរ ហើយបានអះអាងថាប្រាសាទអង្គរវត្តជារបស់ថៃ។

ក្រុមបាតុករធ្វើបាតុកម្មដុតសំបកកង់ឡាន ទាមទារឱ្យតារាថៃ នាងផ្កាយព្រឹក ចេញមុខសុំទោសប្រជាជនកម្ពុជាជាសាធារណៈ។ យ៉ាងណាមិញ ក្រោយការវាយប្រហារលើស្ថានទូតថៃ រាជរដ្ឋាភិបាលកម្ពុជាបានចេញមុខទទួលខុសត្រូវ ដោយបង់ប្រាក់សំណងរាប់លានដុល្លារទៅប្រទេសថៃ។ ឧបទ្ទវហេតុនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
គួរជម្រាបថា ភាពតានតឹងរវាងកម្ពុជា-ថៃ បានកើតឡើងជាថ្មីបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ កាលពីថ្ងៃទី ២៨ ខែឧសភា ដោយយោធិនថៃបានបាញ់មកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងយូរយារណាស់មកហើយ បណ្តាលឱ្យយោធិនខ្មែរមួយរូបបាត់បង់ជីវិត៕
Credit: KPT
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា2 days agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន4 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
-
ព័ត៌មាន1 day agoប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក