ព័ត៌មាន
គិតត្រឹមឆ្នាំ២០២៥នេះ សិស្សស្នើសុំចុះឈ្មោះរៀនជំនាញ ធីវ៉េត កើនឡើងចំនួនជាង ១០ម៉ឺននាក់
គិតចាប់ពីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ត្រឹមបំណាច់ខែមីនា ឆ្នាំ២០២៥នេះ មានសិស្សស្នើចុះឈ្មោះចូលរៀនសរុបចំនួនជាង ១០៨ ០៣៤នាក់ ក្នុងនោះក្រុមគោលដៅចំនួន ៤២ ៦៧២នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរាត្រីថ្ងៃទី១៨ ខែមេសានេះថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ១០ម៉ឺននាក់។ ក្នុងនោះ សិស្សកំពុងរៀននៅក្នុងថ្នាក់ជាង ៣ម៉ឺន ៨ពាន់នាក់, សិស្សដែលបានបញ្ចប់ការសិក្សាចំនួនជាង ២ម៉ឺន ៨ពាន់នាក់ ក្នុងនោះក្រុមគោលដៅចំនួនជាង ១ម៉ឺន ២ពាន់នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួនជាង ១ម៉ឺន ៤ពាន់ ក្នុងនោះក្រុមគោលដៅចំនួនជាង ៦ពាន់ ៦០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយសមាគមនិយោជក និងសភាពាណិជ្ជកម្មកម្ពុជាក្នុងវិស័យការងារជាច្រើន ដើម្បីឱ្យសិក្ខាកាម និងសិស្ស ដែលរៀនជំនាញវិជ្ជាជីវៈនានា បានទៅហាត់ការ និងធ្វើកម្មសិក្សា ជាពិសេសដើម្បីលើកកម្ពស់ដល់ការបណ្តុះបណ្តាលជំនាញឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ខណៈវិស័យឧស្សាហកម្ម មានតម្រូវការកម្លាំងពលកម្មច្រើនជាងកសិកម្ម និងសេវាកម្ម។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងជាអាណាព្យាបាលរបស់យុវជនទាំងអស់ សូមលើកទឹកចិត្ត និងជំរុញឲ្យយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានការងារសមរម្យ។
សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។
ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ