Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ពលរដ្ឋខ្មែរស្រលាញ់ជាតិពិតប្រាកដកុំព្រួយបារម្ភពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិ

ភ្នំពេញ ៖ ការធ្វើវិសោធកម្មរដ្ឋធម្ម ដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរចំពោះជនណាដែលបានឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងនោះ គឺធ្វើឡើងដើម្បីផលប្រយោជន៍ជាតិ ហើយប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ជាតិពិតប្រាកដកុំព្រួយបារម្ភពីការធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញនាពេលនេះ។

ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី០៣ខែកក្កដានេះ បានប្រាប់BTVឱ្យដឹងថា ទាក់ទងនឹងច្បាប់ដកសញ្ជាតិប្រជាពលដ្ឋដែលចង់បំផ្លាញជាតិឯង មិនមែនធ្វើឡើងនៅតែក្នុងប្រទេសកម្ពុជានោះទេ ពោលដូចជា សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី បារាំង និងបណ្តាប្រទេសជាច្រើនទៀត។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់ជាតិពិតប្រាកដសូមកុំព្រួយបារម្ភពីការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរចំពោះជនណាដែលបានឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯង ព្រោះថាច្បាប់នេះ បង្កើតឡើងមិនមែនធ្វើបាបប្រជាប្រពលរដ្ឋខ្មែរស្រលាញ់ជាតិពិតប្រាកដនោះទេ។

​យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅថ្ងៃទី២ខែកក្កដាម្សិលមិញ ដោយឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិសេសអំពើឃុបឃិត ជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តម ប្រយោជន៍របស់ប្រទេសជាតិ។ ក្នុងន័យនេះ ការស្នើសុំធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃមាត្រាខាងលើ គឺដើម្បីលើកកម្ពស់ ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសការតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាម មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ

កម្ពុជា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលវិសោធនកម្មនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន ដោយផ្អែកលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដូចជា៖ មាត្រា១៥៣ ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ ថ្មី(ពីរ មាត្រា១៥២ថ្មី) និងមាត្រា១៥៥ ថ្មី(ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ។ ជារួមក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើទៅបាន។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia