ព័ត៌មាន
ព្រះករុណា ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣ នៅខេត្តកំពង់ចាម
កំពង់ចាម៖ នៅព្រឹកថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣ នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមប្រជាពលរដ្ឋខេត្តកំពង់ចាម ជាច្រើនរូបទៀត។
«រុក្ខទិវា ៩កក្កដា» ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។
ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតឡើងវិញនូវពិធី «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២មក។
មកទល់ពេលនេះ ព្រឹត្តិការណ៍ «រុក្ខទិវា ៩កក្កដា» បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយបង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សាលារៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។ គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម។ល។
សម្រាប់ពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥,០០០ ដើម នឹងត្រូវដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
កាលពីដើមឡើយ ពោលគឺចាប់ពីឆ្នាំ១៩៣៤មក ទីតាំងនេះ គឺជាអតីតស្ថានីយកសិកម្មចំការក្រូច ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា ស្ថានីយ៍ពិសោធន៍ដំណាំកប្បាសចំការលើនៅឆ្នាំ១៩៨១ ក្រោយពេលក្រសួងកសិកម្ម និងអ្នកជំនាញការអតីតសហភាពសូវៀតបានសហការដាំដើមកប្បាសនៅលើទីតាំងនេះ ដើម្បីបម្រើឱ្យឧស្សាហកម្មដំណាំកប្បាស និងបំពេញតម្រូវការរោងចក្រវាយនភណ្ឌ។ ជាអកុសលនៅខែសីហា ឆ្នាំ១៩៨៣ អ្នកជំនាញការសូវៀត ចំនួន ៩នាក់បានបាត់បង់ជីវិតក្រោមការពួនស្ទាក់បាញ់ប្រហាររបស់ពួក ប៉ុល ពត បានធ្វើឱ្យគម្រោងផលិតកម្មដំណាំកប្បាសត្រូវបានផ្អាកទាំងស្រុង ហើយក្នុងឆ្នាំដដែលនោះ ក្រសួងកសិកម្មបានសម្រេចប្តូរឈ្មោះស្ថានីយ៍នេះ មកជាស្ថានីយ៍ ពិសោធន៍ដំណាំចំការលើវិញ។ នៅឆ្នាំ១៩៩០ ស្ថានីយ៍នេះត្រូវបានផ្លាស់ប្តូរឈ្មោះម្តងទៀត មកជាកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ និងត្រូវបានប្រើប្រាស់សម្រាប់ពិសោធវិធីសាស្រ្តដាំដុះពូជដំណាំផ្សេងៗ រហូតមក។
រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពជាច្រើន ដើម្បីពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ ទឹក ដី និងសត្វព្រៃ។ កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០ភាគរយនៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។ ជាមួយគ្នានេះផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វព្រៃ សម្តេចតេជោ ក៏បានសម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បីឱ្យសត្វទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ក្រោមការពិនិត្យ និងការផ្តល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់មករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាមាគ៌ា និងមានទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត» កំពុងជំរុញ និងបង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងអនុវិស័យព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាសេនាធិការ បាននិងកំពុងអនុវត្ត ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា ដូចជា៖ ១). ការពង្រឹងការការពារ និងគ្រប់គ្រងដីព្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការជំរុញចុះបញ្ជីដីរដ្ឋ រួមមាន ដីគម្របព្រៃឈើ ដីសហគមន៍ព្រៃឈើ និងដីស្ថានីយស្តារព្រៃឈើ ២). ការបង្កើន និងលើកទឹកចិត្ត ដល់ការបណ្តុះកូនឈើគ្រប់រូបភាព ទាំងរដ្ឋ អង្គការដៃគូ និងវិស័យឯកជន ដើម្បីគាំទ្រសកម្មភាពដាំឈើនៅទូទាំងប្រទេស ៣). ការពង្រឹងការទប់ស្កាត់ និងអនុវត្តច្បាប់ម៉ឺងម៉ាត់លើការទន្ទ្រានដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃ ៤). ការបង្ការ ទប់ស្កាត់ និងអន្តរាគមន៍ទាន់ពេលវេលា ចំពោះករណីភ្លើងឆេះព្រៃ ជាពិសេស ក្នុងរដូវប្រាំងស្ងួតហួតហែង ដើម្បីការពារព្រៃឈើធម្មជាតិ និង៥). ការគាំទ្រ និងជំរុញឧស្សាហកម្មឈើដាំ ដើម្បីដោះស្រាយតម្រូវការឈើសម្រាប់ ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយសម្ពាធ និងធានានិរន្តរភាពព្រៃឈើធម្មជាតិ ព្រមទាំងគាំទ្រការកែច្នៃផលិតផលឈើដើម្បីចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងវិស័យឯកជន ក្រសួងកសិកម្មបាននិងកំពុងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងថវិកាដល់ការបង្កើតមុខរបរសម្រាប់ប្រជាសហគមន៍ ដូចជាការចិញ្ចឹមសត្វ ការធ្វើកសិ-រុក្ខកម្ម កសិ-ទេសចរណ៍ និងការប្រមូលផលអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ចំនួន ៦៥៥សហគមន៍ ដែលមានសមាជិកជាង ១៧ម៉ឺនគ្រួសារ ស្មើនឹងជាង ៥១ម៉ឺននាក់នៅទូទាំងប្រទេស ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការការពារដីព្រៃសហគមន៍ និងសត្វព្រៃ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្តល់ដី ការពារព្រៃ ក្នុងទម្រង់ជាសម្បទានដីសង្គមកិច្ច ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បង្កើនការអភិរក្សធនធានធម្មជាតិ និងប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ ក៏ដូចជាជួយបងប្អូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដឱ្យទទួលបានដីសម្រាប់ប្រកបរបរ កសិកម្មចិញ្ចឹមជីវិត និងជួយការពារព្រៃឈើ និងដីព្រៃដែលនៅជិតនោះ។ មកទល់ពេលនេះ រាជរដ្ឋាភិបាលបានទទួលសំណើរបស់ប្រជាពលរដ្ឋជាង ១២,០០០គ្រួសារ មកពីឃុំ/សង្កាត់ចំនួនជាង ១,០០០ នៅទូទាំងប្រទេស និងបានរៀបចំការចាប់ឆ្នោត ដើម្បីជ្រើសរើសប្រជាពលរដ្ឋចំនួន ២ ៥០០គ្រួសារដំបូងមកទទួលដី និងតាំងទីលំនៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានរៀបចំជាប្លង់បែងចែកឡូតិ៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់គាំទ្រដល់ការរស់នៅរបស់។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចូលរួមតាមរយៈការរៀបចំចងក្រង ជាសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសេនាធិការ កម្ពុជានៅតែបន្តរក្សាបាននូវតុល្យភាព និងនិរន្តរភាពល្អប្រសើរ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា៕

-
ព័ត៌មាន1 week ago
មញ្ជូសាសម្ដេច ជា ស៊ីម និងភរិយា ត្រូវបានដង្ហែពីភ្នំពេញមកតម្កល់ធ្វើបុណ្យ៣ថ្ងៃ នៅស្រុកកំណើត ស្រុកកំចាយមារ ខេត្តព្រៃវែង
-
ព័ត៌មាន4 days ago
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោចេញសារដាស់តឿនដល់ជនរួមជាតិកម្ពុជាត្រៀមខ្លួនវាយចោរឈ្លានពានទឹកដី ខណៈថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីកម្ពុជា
-
ព័ត៌មាន5 days ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ
-
PR NEWS1 day ago
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
-
ព័ត៌មាន1 week ago
សម្ដេចធិបតីជួបជាមួយមេធាវីអន្តរជាតិដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធការបន្តនីតិវិធីរបស់កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ករណីវិវាទព្រំដែនជាមួយថៃ
-
ព័ត៌មាន4 days ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
បក្សនយោបាយ និងមហាជនគាំទ្រការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីជនគប់គិតបរទេសមកបំផ្លាញខ្មែរ