Connect with us

ព័ត៌មាន

ពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន»

សៀមរាប៖ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប, តំណាងស្ថាប័នជាតិអាស៊ាន (អាស៊ាន NTOs), ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ប្រធានសមាគម, តំណាងអង្គការជាតិ-អន្តរជាតិ, លោក លោកស្រី អ្នកវាយតម្លៃបង្គោលជាតិនិងអាស៊ាន, តំណាងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តសៀមរាប, តំណាងសាកលវិទ្យាល័យ, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍, សមាគមក្លឹបទេសចរណ៍, ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងក្មួយៗសិស្សនិស្សិត ប្រមាណជាង ៤០០នាក់។

ថ្លែងក្នុងឱកាសនៃពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ានលើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN RPL Guidelines) នៅថ្ងៃនេះ ពិតជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារនៃឧស្សាហកម្មទេសចរណ៍នាពេលបច្ចុប្បន្ន, និងពិតជាឆ្លើយតបបានទៅនឹងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ នៅប្រទេសម៉ាឡេស៊ី ដែលបានគូសរំលេចអំពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយបានជំរុញប្រទេសសមាជិកអាស៊ានឱ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងអ្នកជំនាញទេសចរណ៍ឤស៊ាន (MRA-TP) តាមរយៈការបណ្តុះបណ្តាលសមត្ថភាពអ្នកជំនាញទេសចរណ៍, គ្រូបង្គោលជាតិនិងអាស៊ាន, អ្នកវាយតម្លៃបង្គោលជាតិ និងអាស៊ាន ស្របពេលនឹងការដាក់ឱ្យមានប្រតិបត្តិការពេញលេញរបស់លេខាធិការដ្ឋានថ្នាក់តំបន់ (Regional secretariat) ដើម្បីអនុវត្ត MRA-TP, ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ (ASEAN Tourism Strategic Plan), ការរៀបចំផែនការវិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣០ (ASEAN tourism sectoral plan), និងផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ (Post-COVID-19 Recovery Plan for ASEAN Tourism)។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បញ្ជាក់បន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ គឺកើតចេញមកពីមរតកដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាននៃសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ, សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម ដែលបានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើនសមិទ្ធផលជាច្រើនទៀត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយជវភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្ពុជា បាននិងកំពុងបន្តថែរក្សា ពូនជ្រុំសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើមាគ៌ាដ៏ត្រឹមត្រូវ និងប្រាកដនិយម ឆ្ពោះទៅសម្រេចឱ្យបានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។

សូមជម្រាបជូនអំពីសមិទ្ធផលសំខាន់ៗ របស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ដូចខាងក្រោម៖ បានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យដៃគូ ដែលបានអនុវត្ត គាំទ្រតាមកម្មវិធីសិក្សាអាស៊ាន ចំនួន ១៨ រាជធានី និងខេត្តគោលដៅ ដោយសាលាបានបណ្តុះបណ្តាលសិស្សសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមាណ ៨,៩៨៩នាក់ គិតត្រឹមឆ្នាំ២០២៤ អ្នកជំនាញទេសចរណ៍ដែលបានឆ្លងកាត់ការវាយតម្លៃលើការសិក្សាពីមុន (Recognition of Prior Leaming RPL) ស្របតាមស្តង់ដាអាស៊ានប្រមាណ ២,២០០នាក់។ ក្នុងនោះកម្ពុជាមានគ្រូបង្គោលអាស៊ាន ចំនួន ៣០នាក់ នៃសេវាកម្មសណ្ឋាគារលើផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងសេវាកម្មធ្វើដំណើរ លើផ្នែកការីទេសចរណ៍ និងផ្នែកទីភ្នាក់ងារទេសចរណ៍ ព្រមទាំងមានគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ចំនួន ៧៧៣នាក់ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia