ព័ត៌មាន
សម្តេចធិបតីណែនាំឱ្យផ្តល់រថយន្តក្រុងជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះ
ភ្នំពេញ ៖ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុតង ជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះតទៅ។
ក្នុងឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។
សម្តេចថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានរៀបចំរថយន្តក្រុង ចំនួន៤៩៧គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងរថយន្តក្រុងចំនួន៥៦គ្រឿងផ្សេងទៀត ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ។
សម្តេចធិបតី បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ ដើម្បីប្រារព្ធព្រះរាជពិធីនេះដោយជោគជ័យ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានលើកទឹកចិត្តដល់បណ្តាខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីក្រុមហ៊ុនទេសចរណ៍អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។ សម្តេច ក៏បានណែនាំឱ្យរៀបចំអង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម។
សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុងការតាមដានឱ្យជាប់ជាប្រចាំ និងការដោះស្រាយឱ្យបានទាន់ពេល ក្នុងករណីដែលមានគ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យភាគីពាក់ព័ន្ធមានដូចជា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារចាំបាច់នានា ដើម្បីធ្វើការអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។
សម្តេចធិបតី បានណែនាំឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យជាប់ជាមួយអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសមស្រប ជាមួយនឹងការត្រៀមកម្លាំង និងមធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងបរិក្ខារចាំបាច់ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានឱ្យជាប់ជាប្រចាំអំពីការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវ ពូជ និងសម្ភារចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ និងដែលចាំបាច់ត្រូវជួយស្ដារឡើងវិញ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN