ព័ត៌មាន
ពលរដ្ឋប្រទះឃើញសត្វកែះ ១ក្បាល រត់ចូលភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ត្រូវបានសង្គ្រោះ និងត្រៀមបញ្ជូនទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយត្រូវបានប្រជាពលរដ្ឋចាប់មកប្រគល់ឱ្យមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដានសុខភាព និងទាក់ទៅមន្ត្រីជំនាញសត្វព្រៃ មើលថែទាំមុននាំទៅលែងទៅព្រៃធម្មជាតិវិញ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូលភូមិកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ ហើយបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារទេសភាពបន្ទាយឆ្មារ បានទទួលពីសហគមន៍ ដោយបាននាំយកមកថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ជូលទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។
ឯកឧត្តម ក៏បានវាយលៃដែរថា វត្តមានរបស់សត្វ«កែះ» អាចនិងមានច្រើនជាងនេះ ដែលនេះគឺជាការល្អ ហើយមិនមែនជាការរំខាននោះទេ ចំពោះមនុស្ស ហើយឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបើឃើញសត្វព្រៃសូមកំឱ្យមានការបរបាញ់ ត្រូវយកចិត្តទុកដាក់ ក្នុងការអភិរក្សថែរក្សាសត្វព្រៃ ព្រោះនិងផ្តល់សារៈប្រយោជន៍ទៅដល់សហគមន៍វិញ តាមរយៈចំណូលពីភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ។
សត្វ «កែះ» ជាសត្វព្រៃដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ «កែះ» ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។ លក្ខណៈជីវសាស្រ្ត «កែះ» ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។ «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះវាណាស់។
«កែះ» ចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាបានដោយសារគំនរលាមករបស់វា។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ នារដូវបន្តពូជនៅខែតុលានិងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្របន្ទាប់ពីពពោះរយៈពេល៧ខែ។ កូនដែលកើតមករស់នៅជាមួយមេរបស់វាស្ទើរពេញមួយឆ្នាំទើបចាកចេញ។
សត្វ «កែះ» គេអាចសម្គាល់បានគឺ វាមានមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង ហើយមានដងខ្លួនខ្លី ចំណែកជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីាល្ង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង កន្ទុយរបស់វាខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ រីឯបបូរមាត់របស់វាវិញពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ចំពោះត្រចៀកវាវែងត្រង់ទៅលើ។ សត្វ «កែះ» វាមានស្នែងដូចសត្វពពែដែរ ដោយដុះកោងទៅក្រោយបន្តិច មានប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន18 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក