ព័ត៌មាន
អង្គហេតុចំនួន៣ ដែល ACU សម្រេចចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក២ទៀតក្នុករណីបោកប្រាស់អ្នកវិនិយោគចិន
ឯកឧត្ដម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានលម្អិតប្រាប់ពីការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក២ទៀតថា អង្គភាពពិតជាបានកសាងសំណុំរឿង លោក ទិត វុទ្ធី (អភិបាលរងខេត្តកំពង់ស្ពឺ) និងបក្សពួកបញ្ជូនទៅតុលាការពិតមែន ហើយករណីនេះ អយ្យការ និងចៅក្រមតុលាការខេត្តកំពង់ស្ពឺពិតជាបានចោទប្រកាន់ (១)លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី (២)អ្នករត់ការ ហ៊ាវ ខន (វរៈសេនីយត្រីយោធា) និង(៣) អ្នកបកប្រែភាសាចិន អ៊ីង សារឿន ពីបទពុករលួយ(រំលោភអំណាច) សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ ពិតមែន។
ឯកឧត្ដម សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា ព័ត៌មានលម្អិតផ្តើមចេញពីការចុះផ្សាយរបស់សារព័ត៌មានយ៉ាងតិចចំនួន០៧គេហទំព័រ បានចង្អុលមុខចំៗថា អភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី បានយកប្រាក់ពីអ្នកវិនិយោគជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ លើតម្លៃសរុប ៨០ម៉ឺនដុល្លារ ដែលតម្រូវឲ្យអ្នកវិនិយោគបង់ថ្លៃធ្វើអាជ្ញាបណ្ណ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ មានអ្នកចូលមើលជិត ១លាននាក់។ គេហទំព័រទាំងនោះបានបង្ហាញច្បាស់ពីតួអង្គ៣រូប អភិបាលរង ទិត វុទ្ធី, វីរសេនីយត្រីយោធា ហ៊ាវ ខន ជាអ្នករត់ការ និងតួអង្គទី៣ ឈ្មោះ អ៊ីង សារឿន (ឈ្មោះភាសាចិន អ៊ីង វិនឆាយ Yin Wemncai) បានរៀបគម្រោងឲ្យអ្នកវិនិយោគចិនម្នាក់ ឈ្មោះ លី មិនឆាង (Li Minchang) ដែលចង់វិនិយោគលើរ៉ែស្ពាន់នៅខេត្តប៉ៃលិន។ សារព័ត៌មានបានចុះផ្សាយខ្សែអាត់សម្លេង ជាកង់ៗមួយចំនួន លិខិតទទួលប្រាក់២លើក ២៣ម៉ឺនដុល្លារ និង ១៦ម៉ឺនដុល្លារ ដែលភាគីជនជាតិចិនបានប្រគល់ឲ្យអ្នកបកប្រែ អ៊ីង សារឿន។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា គេហទំព័របានចុះផ្សាយនូវអាត់សំឡេងដែល អ៊ីង សារឿន (អ្នកបកប្រែ) បានទទួល ៤០ម៉ឺនដុល្លារ ពិតប្រាកដ តែដោយភាគីចិន លី មិនឆាង (Li Minchang) (ACU ហៅថា ចិនទី១) មិនព្រមបង់ ៤០ម៉ឺនដុល្លារទៀត បង្រ្គប់ ៨០ម៉ឺនដុល្លារ ទើបក្រសួងបញ្ឈប់មិនឲ្យអាជ្ញាបណ្ណ (អ្នកបកប្រែ អ៊ីង សារឿន មួលបង្កាច់ថា ក្រសួងជាអ្នកនិយាយដូច្នោះ)។ រីឯអាត់សម្លេងដែលគេហទំព័រ បានបង្ហាញទៀតបង្ហាញថា អ្នករត់ការ ហ៊ាវ ខន ថាខ្លួនមិនបានទទួលយក ៤០ម៉ឺនដុល្លារដូចអ្នកបកប្រែ អ៊ីង សារឿន និយាយនោះទេ ខ្លួន (ហ៊ាវ ខន) ទទួលបាន១០ម៉ឺនប៉ុណ្ណោះ (ACU ស្រាវជ្រាវឃើញថាក្នុងករណីចិនទី១នេះ ហ៊ាវ ខន ទទួលបានតែ ៤ម៉ឺនដុល្លារទេ មិនមែន១០ម៉ឺនឡើយ)។ គេហទំព័រទាំង៧នោះ នៅបានចុះផ្សាយភស្តុតាង២ទៀតយ៉ាងសំខាន់ គឺ (១) ផែនទីទីតាំងជម្រករ៉ែ លោហៈទំហំ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលត្រូវរត់ការឲ្យចិនទី១ និងទី២ ភស្តុតាងដែលក្រុមទាំង៣នាក់ (អភិបាលរងខេត្ត ទិត វុទ្ធី, អ្នករត់ការ ហ៊ាវ ខន និងអ្នកបកប្រែ អ៊ីង សារឿន) ឯកភាពឲ្យអ្នកបកប្រែ អ៊ីង សារឿន ប្រាប់ទៅចិនទី១ និងចិនទី២ នៅតម្លៃដែលរដ្ឋ (ក្រសួងរ៉ែនិងថាមពល) កំណត់យកថ្លៃសេវាថ្លៃរត់ការយកអាជ្ញាបណ្ណរ៉ុករករ៉ែ ដែលមានទំហំ៩០គម២ គឺ៨០ម៉ឺនដុល្លារ ហើយត្រូវបង់ជាបីដំណាក់កាល ដែលដំណាក់កាលទី១ ពេលចាប់ដាក់ពាក្យ បង់៣០% ដំណាក់កាលទី២ ក្រោយបន្តិចបង់២០% (៥០%នេះ ត្រូវជា៤០ម៉ឺនដុល្លារ ភាគីចិនទី១គឺលោក លី មិនឆាង បានបង់ប្រាក់ឲ្យរួចរាល់ហើយ) និងនៅដំណាក់កាលទី៣ បង់៥០%ទៀត ពេលចូលកាន់កាប់ និងធ្វើសកម្មភាពរ៉ុករក។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តទៀតថា ទោះបីមានភស្តុតាងប្រហែល១០% នៃសាច់រឿងទាំងមួលដែលសារព័ត៌មានបានផ្សាយជាសាធារណៈក្តី ក្រុម៣នាក់នេះ នៅតែប្រកែកថា មិនបានប្រព្រឹត្តិនោះទេ រហូតមកដល់មុខ ACU ក៏នៅតែប្រកែកថា ខ្លួនមិនបានដឹងរឿងទាំងនេះទេ។ អ្នកបកប្រែ អ៊ីង សារឿន បដិសេធន៍ថា បានផ្តិតមេដៃលើលិខិតទាំង២មែន តែប្រាក់ខ្លួននៅមិនបានទទួលនៅឡើយ ពេល ACU ទម្លាក់ភស្តតាងថាពិតជាបានទទួលប្រាក់ ៤០ម៉ឺនដុលារមែន អ្នកបកប្រែ អ៊ីង សារឿន បានឆ្លើយថា ប្រាក់នោះបានប្រគល់ឲ្យអ្នករត់ការអស់ហើយ ។ ឯអភិបាលរងខេត្ត ទិត វុទ្ធី ប្រកែកថា មិនស្គាល់ចិននោះទេ រហូតពេល ACU ទម្លាក់ភស្តតាងម្តងមួយៗ ទើបទទួលថាស្គាល់ហើយបានជួប២ដង ACU បង្ហាញភស្តុតាងទៀត ទើបទទួលស្គាល់ថា ជួបច្រើនដង និងមានចរចាររត់ការមែន។ នៅដំណាក់កាល ACU អ្នកទាំងបីនៅបន្តភូតកុហកបន្តទៀត រហូតភស្តុតាងទម្លាក់បន្តបន្ទាប់ទើបប្រកែកមិនបាន។ ដើម្បីឲ្យភាគីចិនជឿជាក់ និងព្រមបង់លុយឲ្យខ្លួនក្រុម៣នាក់នេះ បានធ្វើសកម្មភាពជាច្រើនដូចជា ¬
-យកផែនទីតំបន់រ៉ុករករ៉ែ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឲ្យអ្នកវិនិយោគមួយរួចហើយ មកក្លែងក្លាយ (លុបឈ្មោះម្ចាស់ពិតចេញ) មកប្រគល់ឲ្យ លី មិនឆាង (ចិនទី១) នាំចិនទៅខេត្តប៉ៃលិន ដើម្បីបានទៅមើលទីតាំងនោះដែលជាទីតាំងមានម្ចាស់រួចទៅហើយ។ ពេលទៅមិនបានសម្រេច អភិបាលរង ទិត វុទ្ធី យកតួនាទីខ្លួនទាក់ទងខេត្តប៉ៃលិនឲ្យជួយទទួលក្រុមខ្លួន និងអ្នកវិនិយោគចិន និងជូនចិនផ្ទាល់ទៅខេត្តប៉ៃលិន ធ្វើឲ្យចិនមានការទុកចិត្ត។
-នាំចិនដើម្បីទៅខួងយកសំណៅសម្រាប់វិភាគអំពីរ៉ែស្ពាន់ ។ល។ ទើបភាគីចិនសុខចិត្តប្រគល់លុយ២លើកចំនួន៥០%ត្រូវជា៤០ម៉ឺនដុល្លារ។ ក្រោយសកម្មភាពបានមួយរយៈក៏សម្រុកទារ៤០ម៉ឺនដុល្លារទៀត ដើម្បីបញ្ចប់។ ភាគីចិន(ចិនទី១) ចាប់ផ្តើមសង្ស័យថា គាត់មិនទាន់បានចូលកាន់កាប់ ទី២គាត់មិនទាន់បានឃើញអាជ្ញាបណ្ណ។ ក្រុម៣នាក់នេះរួមគ្នាក្លែងអាជ្ញាបណ្ណរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ, លិខិតអនុញ្ញាតយល់ព្រមឲ្យរុករករបស់រដ្ឋមន្រ្តីបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើទៅភាគីចិនទី១នេះ ភាគីចិនមិនមានការសង្ស័យលើលិខិតក្លែងទាំង២នេះទេ ប៉ុន្តែនៅតែមិនកក់ក្តៅ ដើម្បីប្រគល់លុយ៤០ម៉ឺនដុល្លារបង្រ្គប់៨០ម៉ឺនដុល្លារដែរ។ ក្រុមទាំង៣នាក់ប្រាប់ទៅភាគីចិនទី១ថា ទុកពេលឲ្យ២ខែ បើមិនបង់ប្រាក់៤០ម៉ឺនទៀតអាជ្ញាបណ្ណដែលទទួលបាននឹងត្រូវលុប ។ អ្នកបកប្រែ អ៊ីង សារឿន បាននិយាយតាម WeChat ទៅភាគីចិនថា ក្រសួងគិតថាបើអ្នកមិនបង់លុយ៤០ម៉ឺនដុល្លារទៀត អ្នកជាអ្នកវិនិយោគគ្មានលុយ ចិនជជុះ មានលុយតិចតួច រត់ការដើម្បីទៅលក់បន្ត។ ដើម្បីបង្កើតលេសថា ក្រសួងជាអ្នកដកអាជ្ញាបណ្ណពីភាគីចិននេះពិតប្រាកដមែន ក្រុមទាំង៣នាក់នេះ បានក្លែងលិខិតរបស់ចិន លី មិនឆាយ សុំទៅឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សុំអាជ្ញាបណ្ណសិក្សារុករករ៉ែលើផ្ទៃដី ១០៣,៨១ គម២ ទីតាំងដែលក្រសួងបានឲ្យអាជ្ញាបណ្ណនេះទៅអ្នកផ្សេងរួចហើយ ។ ក្រុមទាំង៣នាក់បានជួលគេឲ្យគេសរសេរគម្រោងផែនការអស់៥ពាន់ដុល្លារ នឹងជួលអ្នកជំនាញមកធ្វើបទបង្ហាញជូនក្រសួងរ៉ែ និងថាមពលអស់២០០ដុល្លារ ។ ជាលទ្ធផលរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្វើលិខិតឆ្លើយតបជាផ្លូវការថាក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំងដែលក្រុមហ៊ុនលោកស្នើជាទីតាំងដែលបានអនុញាតឲ្យអ្នកដទៃរួចហើយ។ ក្រុមអ្នកទាំង៣ យកចម្លើយនេះរបស់ក្រសួងថា ក្រសួងមិនបន្តអាជ្ញាបណ្ណឲ្យទេព្រោះក្រុមហ៊ុនមិនមានបញ្ជូនមនុស្សមកការពារគម្រោង ហើយបកស្រាយផ្ទាល់មាត់ទៀតថា អ្នកឯងមិនព្រមបង់៤០ម៉ឺនដុល្លារទៀត ទើបក្រសួងលុបអាជ្ញាបណ្ណ។ អង្គហេតុនេះ ACU ដាក់ឈ្មោះថាជាអង្គហេតុទី១ ឫអង្គហេតុប៉ៃលិនទី១ ព្រោះរឿងដដែលនេះក្រុមទាំង៣នាក់ បានយកឯកសារប៉ៃលិនដដែល សកម្មភាពដដែល យកតួនាទីជាអភិបាលរងខេត្តដើម្បីឲ្យអភិបាលខេត្តនានា ដូចជាស្ទឹងត្រែង ព្រះវិហារ ប៉ៃលិន ជួយសម្របសម្រួលការងារទាំងខ្លួនមិនមានសិទ្ធិ ភារកិច្ច ហើយបានទឹកប្រាក់ពីចិនទី២ម្នាក់ទៀតលើផែនទីក្លែងក្លាយដដែល រហូតមកដល់ចិនទី២នោះបានប្រគល់លុយ ៨០ម៉ឺនដុល្លារគ្រប់ចំនួនតែម្តង។ ACU សូមដាក់ឈ្មោះអង្គហេតុនេះជាអង្គហេតុប៉ៃលិនទី២ ហើយយកលុយបានសម្រេចចំនួន ៨០ម៉ឺនដុល្លារពីចិនទី២ មានឈ្មោះ ផាន់ អ៉ីជុន Pan Yijun។ ចិនទី២នេះក៏ជាមិត្តភក្តរបស់ចិនទី១ ហើយក៏ជាអ្នកជួយកាន់ផ្ទេរលុយរបស់ចិនទី១ ប្រគល់ឲ្យអ្នកបកប្រែ អ៊ីង សារឿន ចំនួន៤០ម៉ឺនដុល្លារ ក្នុងករណីប៉ៃលិនទី១ ។
ឯកឧត្ដម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមទៀតថា មុនកើតអង្គហេតុប៉ៃលិនទី២ ក្រុម៣នាក់នេះ បានបង្កើតអង្គហេតុកណ្តាល១ គឺអង្គហេតុរ៉ែមាសខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាបណ្ណ ៥លានដុល្លារ ឲ្យមកចិនឈ្មោះ ផាន់ អ៉ីជុន (ចិនទី២)។ អ្នករត់ការ ហ៊ាវ ខន បានអះអាងថា ខ្លួនជាម្ចាស់អាជ្ញាបណ្ណរ៉ែមាស ៣០ ហិកតា នៅភ្នំអន្លុង ខេត្តព្រះវិហារ ហើយខ្លួនបានពឹងឲ្យក្រុមហ៊ុនចិនមួយឈរឈ្មោះឲ្យខ្លួន។ ក្រុមទាំង៣នាក់ បានពិគ្រោះគ្នាត្រូវលក់អាជ្ញាបណ្ណនេះ៣លានដុល្លារ តែដោយការលោភលន់ចង់ទារលុយឲ្យច្រើនទៀត សម្រេចលក់ឲ្យបាន៥លានដុល្លារ ហើយបានស្រុះស្រួលគ្នាឲ្យអ្នកបកប្រែ អ៊ីង សារឿន ប្រាប់ទៅភាគីចិនទី២ថា តម្លៃលក់គឺ ៥,៥លានដុល្លារ ដើម្បីទុកឲ្យភាគីចិនតថ្លៃឲ្យនៅត្រឹម៥លានដុល្លារ។ ភាគីចិនព្រមទិញក្នុងតម្លៃ៥លានដូចក្រុមទាំង៣នាក់គ្រោងទុកមែន។ ពេលណាត់គ្នាទៅខេត្តព្រះវិហារ ដើម្បីពិនិត្យទីតាំងជាក់ស្តែង ភាគីចិនទី២ បាននាំវិស្វករចិនទៅជាមួយ។ ពេលទៅដល់ភ្នំអន្លុង ភាគីចិន វិស្វករចិន បានចូលទៅមើលរូងភ្នំជារណ្តៅ រើសយកថ្មជាច្រើនដុំយកទៅវិភាគនៅប្រទេសចិនវិញ ហើយមានលទ្ធផលថា អត្រាមាសនៅក្នុងភ្នំថ្មនោះ មានកម្រិត ២,៦៤ ក្រ ក្នុង១តោនថ្ម ដែលចំនួននេះមិនអាចមានចំណេញទេក្នុងការធ្វើរ៉ែមាស ប៉ុន្តែក្រុមអ្នកទាំង៣ និងភាគីចិននៅគិតថា អត្រាមាសនៅជ្រៅជាងនេះអាចមានខ្ពស់ជាងនេះ។ វិស្វករសុំខួង៣រណ្តៅ ដើម្បីមើលថាខ្សែមាសរត់ដូចម្តេច។ ចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានយល់ព្រមតម្លៃខួងក្នុងមួយរណ្តៅចំណាយ១០ម៉ឺនដុល្លារ ខួង៣រណ្តៅ ៣០ម៉ឺនដុល្លារ ហើយហ៊ានកក់ ១,៥លានដុល្លារមុន នៅពេលបានខួង។ ដោយទីតាំងនោះមានម្ចាស់អាជ្ញាបណ្ណហើយ ក្រុមទាំង៣នាក់នេះគ្មានពេលណាដែលអាចបោកប្រាស់ថាពេលណានឹងអាចចូលទៅខួងបានទេ ហើយយកលេសថា ទីនោះជាទីតាំងយោធា ចាំយោធារើកន្លែងសិនទើបអាចចូលខួងបាន។ ក្រុមទាំង៣នាក់ បានបន្តថា ទីតាំង ១០៣,៨១គម២ របស់ចិនទី១ (លី មិនឆាយ) ដែលជាមិត្តភក្តចិនទី២ដែរ ដែលសុំអាជីវកម្មរុករកស្ពាន់មុននេះ ហើយត្រូវក្រសួងផ្អាកបញ្ឈប់ដោយគ្មានលុយបង់បន្ត ក៏មានរ៉ែមាសដែរ។ ក្រុមទាំង៣នាក់ តាមរយៈអ្នកបកប្រែបានបន្តប្រាប់ចិនទី២ជាទីតាំងរ៉ែស្ពាន់នោះក៏មានមាសដែរ ត្រូវបង់តម្លៃដូចគ្នាគឺ ៨០ម៉ឺនដុល្លារ។ ក្រោយពីមកពីខេត្តព្រះវិហារ ស្នាក់នៅភ្នំពេញបាន១សប្តាហ៍ ចិនទី២ និងវិស្វករឯកភាពទៅប៉ៃលិន មើលទីតាំងដែលចិនទី១ ដែលរត់ការមិនបានជោគជ័យ។ ពេលទៅពីរ បី លើកដំបូងដែលមានអ្នកបកប្រែ, ចិន, អ្នករត់ការ ហ៊ាវ ខន ជួបឧបសគ្គច្រើនរដ្ឋអំណាចមិនស្វាគមន៍ អភិបាលរង ទិត វុទ្ធី បានប្រើតួនាទីតាមរយៈអភិបាលរងប៉ៃលិនមួយរូប ដើម្បីឲ្យអភិបាលខេត្តបានទទួលខ្លួន។ អភិបាលរង ទិត វុទ្ធី បាននាំក្រុមទៅខេត្តប៉ៃលិនដោយផ្ទាល់៤លើក ទើបបានជោគជ័យដោយលោកជំទាវអភិបាលខេត្តប៉ៃលិនទទួលជួប ហើយមានអ្នកសារព័ត៌មាន ទូរទស្សន៍ថតផ្សាយថែមទៀតផង។ ទូរទស្សន៍ និងសារព័ត៌មានបានផ្សាយរូបថតរូបវីដេអូជំនួប អភិបាលរង ទិត វុទ្ធី អ្នកបកប្រែ ភាគីចិនទី២ ក្នុងឱកាសជំនួបនោះ ធ្វើឲ្យភាគីចិនទុកចិត្តយ៉ាងខ្លាំង ព្រោះចិនយល់ថា សារព័ត៌មានទាំងនោះសុទ្ធតែជាសាលព័ត៌មានមានឥទ្ធិពលខ្លាំង។ ACU ស្រាវជ្រាវឃើញថា ការផ្សាយទាំងនោះមានរូបភាពចិនទី២ពិតប្រាកដ ឈ្មោះចិនទី២នោះ និងឈ្មោះក្រុមហ៊ុនរបស់គាត់ ជាឈ្មោះចិនផ្សេង ដែលជាប្រធានក្រុមហ៊ុនសំណង់យូណាន ឈ្មោះ លីយូ ស៊ីអាន LiU XIAO ដែលភាគីចិនទី២នេះ ស្មានថាសារព័ត៌មានទាំងនោះនិយាយពីខ្លួនព្រោះអ្វីសុទ្ធតើរូបរបស់ខ្លួន។ ចិនទី២នេះខំរក្សាទុកព័ត៌មានទាំងនោះក្នុងទូរស័ព្ទខ្លួន ទុកប្រាប់ភាគីចិនភាគហ៊ុនទៀតផង។ ភាគីចិនទី២នេះបានប្រគល់លុយ៨០ម៉ឺនដុល្លារពេញមិនចាំបាច់បង់៥០%មុនដូចភាគីចិនទី១ ដែលជាមិត្តភ័ក្តគាត់ទេ។ មានមធ្យោបាយជាច្រើនផ្សេងទៀត ដែលក្រុមទាំង៣នាក់បានធ្វើដើម្បីទទួលបានលុយខុសច្បាប់ពីចិនដល់ទៅ ២លើកលើទីតាំងតំបន់រ៉ែបោកប្រាស់តែ១រហូតបានប្រាក់ ១,២លានដុល្លារនេះ។ ACU បញ្ជាក់ជាសាធារណៈលុយ ៥លានដុល្លារ នៃអង្គហេតុទី២ រ៉ែមាសខេត្តព្រះវិហារ ក្រុមទាំង៣នាក់នេះ មិនទាន់ទទួលបានមួយរៀលណាឡើយ។ សារព័ត៌មានគេហទំព័របានផ្សាយតែ ១០% ប៉ុណ្ណោះនៃអង្គហេតុទី១ ក៏ជាពន្លឺឲ្យ ACU ស៊ើបបានពេញលេញ ហើយរកឃើញនៅអង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) និងអង្គហេតុទី៣ គឺប៉ៃលិនទី២ទៀត។
¬ឯកឧត្ដម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា អង្គហេតុទី១ ជាអង្គហេតុប៉ៃលិនទី១ ក្រុមទាំង៣នាក់នេះបានទទួល៤០ម៉ឺនដុល្លារពីចិនទី១ (លី មិនឆាង Li Minchang) ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បានទទួល៤ម៉ឺនដុល្លារ (មិនមែន១០ម៉ឺនដុល្លារ ដូចគាត់និយាយក្នុងខ្សែអាត់ទេ)។ អង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) ភាគីចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានសម្រេចទិញអាជ្ញាបណ្ណពីក្រុមទាំង៣នាក់ ក្នុងតម្លៃ៥លានដុល្លារ បានសម្រេចចាយលុយ៣០ម៉ឺនដុល្លារសម្រាប់ខួង៣រណ្តៅ និងហ៊ានកក់ប្រាក់១,៥លានដុល្លារទៀត នៅពេលបានខួង។ ករណីនេះក្រុមទំាង៣នាក់ក៏មិនទាន់ទទួលបានមួយរៀលនៅឡើយនៃចំនួនប្រាក់ ៥លានដុល្លារ និងនៃទឹកប្រាក់៣០ម៉ឺនដុល្លារថ្លៃខួងនៅឡើយដែរ។ អង្គហេតុទី៣ (ប៉ៃលិនទី២) ក្រុមទាំង៣នាក់ យកប្លង់ទីតាំងរត់ការឲ្យចិនទី១ មករត់ការឲ្យចិនទី២ ដោយបានប្រាក់សម្រេច៨០ម៉ឺនដុល្លារ ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បាន១០ម៉ឺនដុល្លារ (សរុបទាំងប៉ៃលិនទី១ ទាំងប៉ៃលិនទី២ អ្នករត់ការ ហ៊ាវ ខន បានទទួល១៤ ម៉ឺនដុល្លារ)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

-
ព័ត៌មាន1 day ago
សម្តេចធិបតី ក្រើនរំលឹកដល់អាជ្ញាធរទាំងអស់ ត្រូវតែចាត់វិធានការចំពោះក្មេងទំនើងឲ្យបាន ដូចភ្លៀងរលឹម
-
ព័ត៌មាន7 days ago
រថយន្ដក្រុងមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេករេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ទាំងកម្រោល ស្ថិតនៅស្រុកចុងកាល់
-
ព័ត៌មាន3 days ago
លោក សម សេរី ប្រកាសរំលាយចោលនូវរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស
-
ព័ត៌មាន7 days ago
សង្រ្កាន្តនៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ឆ្លុះបញ្ចាំងពី វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជាសហគ្រិនភាព
-
ព័ត៌មាន1 day ago
សម្ដេចធិបតី៖ កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីទៅចរចារឿងពន្ធជាមួយអាមេរិក
-
ព័ត៌មាន6 days ago
ព្រះសង្ឃ និងអាជ្ញាធរ កំពុងតែមមាញឹករៀបចំតុបតែងលម្អក្នុងបរិវេណវត្តវាលស្បូវ ដើម្បីត្រៀមអបអរសាទរព្រឹតិ្តការណ៍សង្រ្កាន្តច្បារអំពៅ នាពេលខាងមុខនេះ
-
ព័ត៌មាន6 days ago
ជប៉ុនផ្សព្វផ្សាយវារីវប្បកម្មតាមបែបទំនើប ដើម្បីលើកកម្ពស់ផលិតភាព និងការច្នៃបង្កើតពូជថ្មីៗ
-
ព័ត៌មាន5 days ago
កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំង៣០០នាក់ និងរថយន្តតូចធំជាង៦០គ្រឿង សម្រាប់ចុះជួយពលរដ្ឋរងគ្រោះដោយធម្មជាតិ