ព័ត៌មាន
បេតិកភណ្ឌបណ្ណសារសារមន្ទីរទួលស្លែង ជាឯកសារដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រ ហើយទទួលការទុកដាក់ និងអភិរក្សយ៉ាងម៉ត់ចត់
សារមន្ទីរទួលស្លែង រៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងរវាងមន្ត្រី បុគ្គលិកបណ្ណសារដ្ឋាន។ វគ្គបណ្ដុះបណ្ដាលនេះ មានមន្ត្រីជំនាញអភិរក្សបណ្ណសារ សារមន្ទីរ ២រូប គឺលោកស្រី ស្តាន់ សំរិតពិសី និងលោកស្រី ប៊ុន ធីតា ចែករំលែកចំណេះដឹងផ្នែកទ្រឹស្ដី និងបទពិសោធអភិរក្សបណ្ណសារ ទៅកាន់មន្ត្រី និងបុគ្គលិកចំនួន៤រូប ចាប់ពីថ្ងៃទី១០ ដល់១៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីមន្រី្ត និងបុគ្គលិកទាំងអស់ បានស្វែងយល់ពីផ្នែកការងារអភិរក្សឯកសារបានទូលំទូលាយ។
លោកស្រី ស្តាន់ សំរិតពិសី អនុប្រធានផ្នែកឯកសារ នៃសារមនី្ទរទួលស្លែង បានថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះថា បច្ចុប្បន្ននេះ បុគ្គលិកនៅផ្នែកបណ្ណសារដ្ឋាន មានចំនួនប្រមាណ១០រូប ប៉ុន្តែមន្រី្តជំនាញខាងផ្នែកជួសជុលឯកសារ មានចំនួន២រូប គឺទទួលបន្ទុកលើផ្នែកខុសៗគ្នា ដូចជា៖ ផ្នែកថតចម្លងឯកសារ (ឌីជីថាយ) ជួសជុលឯកសារ ស្រាវជ្រាវស្វែងរកបងប្អូន និងស្រាវជ្រាវធ្វើសារណា និងរៀបចំការតាឡុកដាក់ក្នុងកុំព្យូទ័រ។ ជាមួយគ្នានោះដែរលោកស្រី បានពន្យល់ថា ពាក្យថាបណ្ណសារ គឺជាឯកសារដែលមានតម្លៃសម្រាប់មនុស្សទូទៅ ក៏ដូចជាមនុស្សជាតិ។ មានប្រជាជនមួយចំនួនតូចមិនសូវស្វែងយល់ពីបណ្ណសារ ប៉ុន្តែបណ្ណសារនៅក្នុងសារមនី្ទរទួលស្លែងនេះ ពិតជាមានសារសំខាន់ ដោយសារបណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានអង្គការយូណេស្កូ បញ្ជូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិ។ នេះមានន័យថា ឯកសារទាំងនេះ មានតម្លៃជាសាកល ត្រូវបានចាត់ទុកជាបេតិកភណ្ឌឯកសារ របស់មនុស្សជាតិ និងទាមទារឱ្យមានការអភិរក្ស។
លោកស្រី ស្តាន់ សំរិតពិសី បានបញ្ជាក់ទៀតថា បណ្ណសារ នីមួយៗនៅក្នុងសារមនី្ទរទួលស្លែង បានបញ្ជាក់ដូចជា ចម្លើយសារភាពរបស់ជនរងគ្រោះ ប្រវតិ្តរូបរបស់ជនរងគ្រោះ និងឯកសារសំណេរដោយដៃផ្ទាល់ ឯកសារនិយាយពីបញ្ជីចេញ-បញ្ជីចូល និងឯកសារផ្ទាំងក្រដាស់ធំៗដែលនិយាយពីអង្កការលេខក្នុងសម័យខ្មែរក្រហម។
ចំណែកលោក មុត វុទី្ធ និងកញ្ញា កែន សុលីនដា បុគ្គលិកផ្នែកបណ្ណសារ នៃសារមនី្ទរទួលស្លែង ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា កិច្ចការនេះពិតជាមានសារសំខាន់ យើងបានដឹងហើយថាឯកសារ មានសភាពចាស់ ពុក ផុយ ប្រសិនបើយើងគ្មានការទប់ស្កាត់ និងការអភិរក្សនោះទេ វាធ្វើឲ្យឯកសាររបស់យើងខូចខាតកាន់តែខ្លាំង ហើយឯកសារដែលមាននៅក្នុងសារមនី្ទរទួលស្លែង គឺជាឯកសារដែលមានតម្លៃជាទីបំផុត សម្រាប់មនុស្សជាតិ ដែលបានបន្សល់ទុកតាំងពីសម័យខ្មែរក្រហម។
សូមបញ្ជាក់ផងដែរថា បេតិកភណ្ឌបណ្ណសារ សារមន្ទីរទួលស្លែង ជាឯកសារដែលមានគុណតម្លៃជាប្រវត្តិសាស្ត្រហើយទទួលការទុកដាក់ និងអភិរក្សយ៉ាងម៉ត់ចត់។ ប៉ុន្តែបណ្ណសារ ក៏ដូចឯកសារដទៃទៀតដែរ សុទ្ធសឹងមានអាយុកាលចំណាស់ ហើយត្រូវប្រឈម នឹងការវិវត្តសារធាតុគីមី ក្នុងធម្មជាតិ ឬខូចខាតដោយសកម្មភាពមនុស្ស។ ដូច្នេះបណ្ណសារ ត្រូវការព្យាបាល ឬជួសជុលអោយមានសភាពរឹងមាំ អាចរក្សាទុកបានយូរអង្វែង ដើម្បីជាគុណប្រយោជន៍ការស្រាវជ្រាវរបស់មនុស្សជំនាន់ក្រោយ។ ចាប់ពីឆ្នាំ២០១៩ សារមន្ទីរបានចាប់ផ្ដើមកម្មវិធីអភិរក្សបណ្ណសារ ដោយផ្ដោតលើការធានាស្ថានភាពក្នុងឃ្លាំងឱ្យមានសុវត្ថិភាព ការអភិរក្ស និងជួសជុល ថតចម្លង និងការបណ្ដុះបណ្ដាលផងដែរ៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤