ព័ត៌មាន
និស្សិតជាង៧ពាន់នាក់កំពុងសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថាន NPIC ខណៈជាង១ម៉ឺននាក់បញ្ចប់ការសិក្សា
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីការផ្តើមក្នុងឆ្នាំ២០០៥ ដែលមាននិស្សិតចុះឈ្មោះចូលរៀនចំនួនតែ ២៥០នាក់ រហូតមកដល់បច្ចុប្បន្ននេះ មាននិស្សិតប្រមាណ ៧ ៥០០នាក់ កំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ខណៈនិស្សិតបានបញ្ចប់ការសិក្សាសរុបចំនួនជាង ១ម៉ឺន ២ពាន់នាក់។

នៅក្នុងបទសម្ភាសន៍ជាមួយក្រុមនិស្សិតដែលកំពុងទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ពួកគាត់ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងស្រដៀងគ្នា ការចាប់យកជំនាញវិស័យ ធីវ៉េត ពិតណាស់មិនសូវមានអ្នកស្គាល់ និងយល់ច្បាស់ច្រើន ឬយល់ថាពិបាកក្នុងការសិក្សា ប៉ុន្តែវិស័យមួយនេះ គឺមានសារៈសំខាន់ខ្លាំងក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ ដោយសារភាពរីកចម្រើនរបស់ប្រទេសលើវិស័យសំណង់ អគ្គិសនី កសិកម្ម ទេសចរណ៍ និងឧស្សាហកម្មជាដើម ដើម្បីឆ្លើយតបតាមតម្រូវការកម្លាំងពលកម្មទៅនឹងទីផ្សារការងារជាក់ស្តែង។

យុវជន ម៉ុន សុខម៉ានិត និស្សិតឆ្នាំទី៤ ចាប់យកជំនាញផ្នែកមេកានិក បានលើកទឹកចិត្តដល់យុវជនទាំងអស់ដែលជិតបញ្ចប់ការសិក្សា ឬបោះបង់ការសិក្សាជាដើម អាចចាប់យកជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយកុំគិតថា មានការលំបាក ឬរៀនចប់ហើយអត់មានការងារធ្វើ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងគិតគូរជាខ្លាំងទៅលើការបណ្តុះបណ្តាល ហើយបច្ចុប្បន្ននេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុក ក៏មានតម្រូវការជំនាញទាំងនេះផងដែរ។

តំណាងឱ្យយុវជនកំពុងបណ្តុះបណ្តាលជំនាញផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច កញ្ញា វឿង ម៉ាលី បានអំពាវនាវយុវជន និងយុវសិស្សវិទ្យាល័យ ឱ្យងាកមកសិក្សាជំនាញបច្ចេកទេសផងដែរ ពីព្រោះជំនាញបច្ចេកទេស ទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងណាស់ ក្នុងការទាក់ទាញអ្នកវិនិយោគជាច្រើនពីក្រៅប្រទេស ដើម្បីវិនិយោគនៅក្នុងស្រុក។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពគន្លឹះក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីថ្នាក់ជាតិដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥លាននាក់ដោយរៀនជំនាញឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

សូមបញ្ជាក់ថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (ធីវ៉េត) បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចនាយករដ្ឋមន្រ្តី គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”៕អត្ថបទ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ