Connect with us

ព័ត៌មាន

ព្រះករុណា ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣ នៅ​ខេត្ត​កំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃ ទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វ​ព្រះរាជ​ហឫទ័យ​ស្តេច​យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើក​ទី៧៣ នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេច​មហា​រដ្ឋ​សភា​ធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា​ ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់​ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ចាម ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួ​​ម​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ចាម ជាច្រើនរូបទៀត។

«រុក្ខទិវា ៩កក្កដា» ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា រុក្ខទិវា នេះ​ឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និង​មនុស្ស​ជាតិ​។

ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះ​បរម​រតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច​បង្កើត​ឡើង​វិញ​នូវ​ពិធី​ «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់​ពី​ឆ្នាំ១៩៩២មក។

មកទល់ពេលនេះ ព្រឹត្តិការណ៍ «រុក្ខទិវា ៩កក្កដា» បានបង្កើត​ជាចលនា​ជាតិ​ស្រឡាញ់​ថែ​រក្សា​ការ​ពា​រ​ព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយបង្កើតបានជាចម្ការឈើ និង​សួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សាលារៀន ទីធ្លាសាធារណៈ សហគមន៍ និង​រមណីយដ្ឋាននានា។ គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បាន​បណ្តុះ និងដាំកូនឈើជាង ២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈ​ដែល​កូន​ឈើ​ជា​ច្រើន​លាន​ដើម​ផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិន​រាប់​បញ្ចូល​ឈើ​ហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយ​ចន្ទី​ជា​ដើម​។ល។

សម្រាប់ពិធី «រុក្ខទិវា ៩កក្កដា» លើកទី៧៣​នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥,០០០ ដើម នឹងត្រូវដាំ​ក្នុង​សួន​រុក្ខ​ទិវា​ទំហំ​១០​ហិក​តានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

កាលពីដើមឡើយ ពោលគឺចាប់ពីឆ្នាំ១៩៣៤មក ទីតាំងនេះ គឺជាអតីតស្ថានីយកសិកម្មចំការក្រូច ប៉ុន្តែ​ត្រូវបានប្តូរឈ្មោះមកជា ស្ថានីយ៍ពិសោធន៍ដំណាំកប្បាសចំការលើនៅឆ្នាំ១៩៨១ ក្រោយ​ពេល​ក្រសួងកសិកម្ម និង​អ្នក​ជំនាញ​ការ​អតីត​សហភាព​សូវៀត​បាន​សហការ​ដាំ​ដើ​ម​ក​ប្បាស​នៅ​លើ​ទី​តាំងនេះ ដើម្បីបម្រើឱ្យឧស្សាហកម្មដំណាំកប្បាស និងបំពេញ​តម្រូវ​ការ​រោង​ចក្រ​វាយ​នភណ្ឌ​។ ជាអកុសលនៅខែសីហា ឆ្នាំ១៩៨៣ អ្នកជំនាញការសូវៀត ចំនួន ៩នាក់បាន​បាត់​បង់​ជីវិត​ក្រោម​ការ​ពួនស្ទាក់បាញ់ប្រហាររបស់ពួក ប៉ុល ពត បានធ្វើឱ្យគម្រោង​ផលិតកម្ម​ដំណាំ​កប្បាស​ត្រូវ​បាន​ផ្អាក​ទាំងស្រុង ហើយក្នុងឆ្នាំដដែលនោះ ក្រសួងកសិកម្មបានសម្រេចប្តូរឈ្មោះស្ថានីយ៍នេះ មក​ជា​ស្ថានីយ៍ ពិសោធន៍ដំណាំចំការលើវិញ។ នៅឆ្នាំ១៩៩០ ស្ថានីយ៍នេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ម្តង​ទៀត មកជាកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ និងត្រូវបាន​ប្រើ​ប្រាស់​សម្រាប់​ពិសោធ​វិធី​សាស្រ្តដាំដុះពូជដំណាំផ្សេងៗ រហូតមក។

រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពជាច្រើន ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ជាពិសេសព្រៃឈើ ទឹក ដី និងសត្វព្រៃ។ កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបាន​ដាក់​តំបន់​ព្រៃ​ឈើ​ទំហំ​ជាង​ ៤០ភាគរយនៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញ​ការ​ដាំស្តារ​ព្រៃ​ឈើឡើ​ង​វិញ​។ ជាមួយគ្នានេះផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វព្រៃ សម្តេចតេជោ ក៏បានសម្រេច​អនុញ្ញាត​ឱ្យ​បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បី​ឱ្យ​សត្វ​ទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ក្រោម​ការពិនិត្យ និងការផ្តល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

បន្ទាប់មករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និង​ប្រកប​ដោយ​ចក្ខុ​វិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​មាន​យុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ ជាមាគ៌ា និងមានទស្សនាទាន «មានហូប មានប្រើ មាន​បាន និងមានរហូត» កំពុងជំរុញ និងបង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បី​ធានា​សន្តិសុខ​ស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុង​អនុវិស័យព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាសេនាធិការ បាននិង​កំពុង​អនុវត្ត ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា ដូចជា៖ ១). ការពង្រឹងការការពារ និង​គ្រប់​គ្រង​ដីព្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈកិច្ច​សហការ​ជិតស្និទ្ធ​ជា​មួយ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការជំរុញចុះបញ្ជីដីរដ្ឋ រួមមាន ដី​គម្របព្រៃឈើ ដីសហគមន៍ព្រៃឈើ និងដីស្ថានីយស្តារព្រៃឈើ ២). ការបង្កើន និង​លើក​ទឹក​ចិត្ត ដល់ការបណ្តុះកូនឈើគ្រប់រូបភាព ទាំងរដ្ឋ អង្គការដៃគូ និងវិស័យឯកជន ដើម្បីគាំទ្រ​សកម្មភាព​ដាំ​ឈើនៅទូទាំងប្រទេស ៣). ការពង្រឹងការទប់ស្កាត់ និងអនុវត្តច្បាប់ម៉ឺង​ម៉ាត់​លើ​ការ​ទន្ទ្រាន​ដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃ ៤). ការបង្ការ ទប់ស្កាត់ និង​អន្ត​រាគមន៍​ទាន់​ពេលវេលា ចំពោះករណីភ្លើងឆេះព្រៃ ជាពិសេស ក្នុងរដូវប្រាំងស្ងួតហួតហែង ដើម្បី​ការពារ​ព្រៃ​ឈើធម្មជាតិ និង៥). ការគាំទ្រ និងជំរុញឧស្សាហកម្មឈើដាំ ដើម្បីដោះស្រាយ​តម្រូវ​ការ​ឈើ​សម្រាប់ ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយសម្ពាធ និងធានានិរន្តរភាពព្រៃឈើធម្មជាតិ ព្រម​ទាំង​គាំទ្រការកែច្នៃផលិតផលឈើដើម្បីចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នា​នេះ ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងវិស័យឯកជន ក្រសួងកសិកម្ម​បាន​និង​កំពុង​ផ្តល់​ការគាំទ្រ ផ្នែកបច្ចេកទេស និងថវិកាដល់ការបង្កើតមុខរបរសម្រាប់ប្រជាសហគមន៍ ដូច​ជាការចិញ្ចឹមសត្វ ការធ្វើកសិ-រុក្ខកម្ម កសិ-ទេសចរណ៍ និងការប្រមូលផលអនុផលព្រៃឈើ ដើម្បី​ទ្រទ្រង់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ចំនួន ៦៥៥សហគមន៍ ដែលមានសមាជិកជាង ១៧​ម៉ឺន​គ្រួសារ ស្មើនឹងជាង ៥១ម៉ឺននាក់នៅទូទាំងប្រទេស ដែលបាននិង​កំពុង​រួម​ចំណែក​យ៉ាង​សកម្ម ក្នុងការការពារដីព្រៃសហគមន៍ និងសត្វព្រៃ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្តល់ដី ការពារព្រៃ ក្នុងទ​ម្រង់​ជា​សម្បទានដីសង្គមកិច្ច ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បង្កើ​ន​ការ​អភិរក្សធនធានធម្មជាតិ និងប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ ក៏ដូចជាជួយប​ង​ប្អូនប្រ​ជាពលរដ្ឋ​ដែល​គ្មានដីពិតប្រាកដឱ្យទទួលបានដីសម្រាប់ប្រកបរបរ កសិកម្មចិញ្ចឹមជីវិត និង​ជួយ​កា​រ​ពារព្រៃឈើ និងដីព្រៃដែលនៅជិតនោះ។ មកទល់ពេលនេះ រាជរដ្ឋាភិបាល​បាន​ទទួល​សំណើ​របស់​ប្រជាពលរដ្ឋជាង ១២,០០០គ្រួសារ មកពីឃុំ/សង្កាត់ចំនួនជាង ១,០០០ នៅទូទាំងប្រទេស និង​បានរៀបចំការចាប់ឆ្នោត ដើម្បីជ្រើសរើសប្រជាពលរដ្ឋចំនួន ២ ៥០០​គ្រួសារ​ដំបូង​មក​ទទួល​ដី និងតាំងទីលំនៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានរៀបចំជាប្លង់បែងចែកឡូតិ៍ និង​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់គាំទ្រដល់ការរស់នៅរបស់។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នឹងចូលរួមតាមរយៈការរៀបចំចងក្រង ជាសហគមន៍កសិកម្មទំនើប ដើម្បី​ជួយគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅ។

តាមរយៈ​កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយ​មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ជាសេនាធិការ កម្ពុជានៅតែបន្តរក្សាបាននូវតុល្យភាព និងនិរន្តរភាពល្អប្រសើរ ក្នុង​កិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia