ព័ត៌មាន
សម្តេច ឃួន សុដារី៖ កម្ពុជាមានឆន្ទៈមោះមុតចូលរួមការពារសុខសន្តិភាពតំបន់ ពិភពលោក តាមការសន្ទនា និងកិច្ចសហប្រតិបត្តិការដោយយកពលរដ្ឋជាស្នូល
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយ(អាយប៉ា/AIPA)លើកទី១៦ (The 16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃអង្គារទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការរួមចំណែកកាន់តែច្រើនដល់ការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកបទពិសោធន៍ និងការ បញ្ចប់សង្រ្គាមនិងការផ្សះផ្សាជាតិ របស់កម្ពុជាតាម គោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្ន ជាព្រឹទ្ធសភា ជាអគ្គមគ្គទេសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា។
កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ AIPA ដែលសមាជិកអាយប៉ា ត្រូវប្រជុំពិភាក្សាគ្នាពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចដែលអនុម័តដោយមហាសន្និបាតអាយប៉ា កាលពីឆ្នាំកន្លងទៅ។ សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ និងដៃគូអភិវឌ្ឍន៍នានាសរុបប្រមាណជិត៣០០នាក់។
នៅក្នុងពិធីបើកកិច្ចប្រជុំ ក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ សម្តេចរដ្ឋសភាធិបតី បានកត់សម្គាល់ថា វត្តមានតំណាងរាស្រ្តក្នុងតំបន់អាស៊ាន ប្រទេសសង្កេតការណ៍ និងគណៈប្រតិភូដែលជាដៃគូអភិវឌ្ឍន៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងគួរឱ្យកត់សម្គាល់សម្រាប់គ្រួសារ អាយប៉ា។ ការជួបជុំនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យនិងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបើកទូលាយ និងបរិយាប័ន្ន ពហុភាគីនិយមដែល មិនត្រឹមតែដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាត AIPA ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដើម្បីផ្លាស់ប្តូរទស្សនៈលើប្រធានបទ “សន្តិភាពតាមរយៈការសន្ទនា ៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា”ជាមួយនឹងការសង្កត់ធ្ងន់លើតួនាទីនៃការទូតសភាដើម្បីសន្តិភាព និងវិបុលភាព”។
សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមាំថា ការគិតរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពិតជាមានសារៈ សំខាន់ ក្នុងការផ្តល់នូវដំណោះស្រាយ និងការកសាងប្រព័ន្ធអន្តរជាតិ ដែលកាន់តែមានលក្ខណៈបរិយាបន្ន ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍ ប្រទេសលោកខាងត្បូង (Global South) ដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងការរៀបចំនូវទម្រង់ បង្កើតនូវបទដ្ឋាន និងពង្រឹងនូវអភិបាលកិច្ចសកល។
តំបន់អាស៊ាន និងពិភពលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហា និងរងសម្ពាធយ៉ាង ច្រើនរាប់មិនអស់ រួមទាំងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយម ព្រមទាំងសញ្ញានៃការបែកខ្ញែកសេដ្ឋកិច្ច វិវាទនានាទាក់ទងនឹងអធិបតេយ្យ និងជម្លោះប្រដាប់អាវុធ រួមផ្សំនឹងការគំរាមកំហែងសន្តិសុខមិនប្រពៃណី ដូចជា ការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រ ស្មាញ វិសមភាពកាន់តែរីកធំឡើង សន្តិសុខសុខភាពសកល ភាពរអាក់រអួលនៃបច្ចេកវិទ្យា និងវិបត្តិមនុស្សធម៌ ជាដើម។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា “យើងត្រូវរួមគ្នារារាំងឯកតោភាគីនិយម អាកប្បកិរិយា អនុត្តរភាពនិយម និងការការពារនិយម ដែលធ្វើឱ្យខូចដល់អភិបាលកិច្ចសកល និងច្បាប់អន្តរជាតិ។ យើងត្រូវមានភាពក្លាហាន និងចូលរួមដើម្បីការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ បើយើងមិនក្រោកឈរទេ អ្នកណានឹងក្រោកឈរឡើង?”។
សូមជម្រាបថា ការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស “គោលនយោបាយឈ្នះ-ឈ្នះ” ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ។ គោលនយោបាយនេះ ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុងជាច្រើនទសវត្សរ៍ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែ ១គ្រាប់ បានអនុញ្ញាតឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងចូលរួមក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរតំបន់ ប្រកបដោយទំនុកចិត្ត។ ក្នុងបរិការណ៍នេះ ការចូលរួមរបស់កម្ពុជាក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិក១៥ ប្រទេស បានបង្ហាញពីរបៀបដែលស្ថិរភាពជាតិអាចត្រូវបានប្រើប្រាស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់សន្តិភាពក្នុងតំបន់ ត្រូវការស្ថាប័នក្នុងតំបន់ដ៏រឹងមាំមួយ។ ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដើម្បីកសាងអាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ ពោរពេញដោយឋាមវន្ត នវានុវត្តន៍ និងមានភាពធន់ គឺចង់សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាស៊ាន ជាបេះដូងនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា និងគឺដើម្បីធានាឱ្យមានការចូលរួមប្រកបដោយអត្ថន័យនិងបរិយាបន្នពីភាគីពាក់ព័ន្ធទាំងអស់នៅ ក្នុងដំណើរការនៃការកសាងសហគមន៍អាស៊ាន។ ត្រង់នេះ អាយប៉ាពិតជាមានតួនាទី សំខាន់ណាស់នៅក្នុងដំណើការខាងលើនេះ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានសង្កត់បន្ថែមថា ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក យើងត្រូវពង្រឹងអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ខណៈពេលដែលការកែទម្រង់ប្រព័ន្ធអន្តរជាតិនេះឱ្យកាន់តែរួមបញ្ចូលយុត្តិធម៌ និងយុត្តិធម៌។
អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព ជូនពលរដ្ឋ។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

-
ព័ត៌មាន10 hours ago
អ្នកម៉ៅការសាងសង់ផ្សារកំពង់បឹងសន្តិភាពនៅស្រុកកំពង់លែង បានសាងសង់រំលោភលើប្រព័ន្ធលូបង្ហូរទឹក និងប៉ះពាល់ដល់ចិញ្ចើមផ្លូវសាធារណៈ
-
PR NEWS1 week ago
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
-
ព័ត៌មាន2 days ago
ក្មេងទំនើង៣នាក់បំផ្លាញទ្រព្យសម្បត្តិសាធារណៈត្រូវបានឃាត់ខ្លួន ធ្វើកិច្ចសន្យាអប់រំណែនាំដោយមានការធានាពីអាណាព្យាបាល ដើម្បីអប់រំនៅមូលដ្ឋានបន្ត
-
ព័ត៌មាន1 week ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ៖តុលាការថៃគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង
-
ព័ត៌មាន4 days ago
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ
-
ព័ត៌មាន5 days ago
អនុប្រធានទី១ អាជ្ញាធរមីន និង នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusive កម្ពុជា ជួបពិភាក្សាគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចសង្រ្គោះជន រងគ្រោះដោយសារមីន និងណែនាំអំពីបច្ចេកវិទ្យាសិក្សាស្រាវជ្រាវគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះក្រោមទឹក
-
ព័ត៌មាន2 days ago
នាវិកនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារទូងស្គរ អបអរសាទរ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក