ព័ត៌មាន
អគ្គលេខាធិការអន្តរសភាអាស៊ាន គំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកលដែលផ្តួចផ្តើមបង្កើត ដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា
ភ្នំពេញ ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលជាការផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានសន្យាថា នឹងចូលរួមលើកកម្ពស់ធម្មនុញ្ញសកលនេះឱ្យបានទូលំទូលាយបន្ថែមទៀត នៅលើឆាកអន្តរជាតិ ក្នុងការធានាការពារសុខសន្តិភាព ដែលជាតម្រូវការរបស់មនុស្សជាតិទួទំាងសកលលោក នោះ។ ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។
លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះនៅក្នុងឱកាស ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមករួមសហការជាមួយរដ្ឋសភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (16th AIPA Caucus Meeting) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅវិមានរដ្ឋសភា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥នេះ។
សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍ជាថ្មីម្តងទៀតចំពោះវត្តមាន លោកជំទាវ អាស៊ីធី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាប់ឌុលរ៉ាម៉ាន អគ្គលេខាធិការអាយប៉ា និងសហការី ដែលបានឆ្លៀតពេលដ៏មមាញឹកពីការចូលរួម និងជួយសហការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អាយប៉ាលើកទី១៦ ហើយបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនាពេលនេះ។ វត្តមានរបស់លោកជំទាវនាព្រឹត្តិការណ៍ដ៏សំខាន់នោះ ពិតជាមានសារៈសំខាន់ ដែលមិនត្រឹមតែបង្ហាញពីការគាំទ្រយ៉ាងសកម្មរបស់អង្គការសភាតំបន់ដែលប្រកបដោយភាពរស់រវើក និងពោរពេញដោយថាមវ័ន្តប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងកិច្ចការពារសន្តិភាព និងវិបុលភាព ជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជាអនេកចំពោះលោកជំទាវអគ្គលេខាធិការ និងសហការី ដែលជានិច្ចកាលតែងបានចូលរួមសហការ និងជួយគាំទ្រដល់សភាកម្ពុជាក្នុងការរៀបចំកម្មវិធីសំខាន់ៗរបស់អាយប៉ានាពេលកន្លងមក និងជាពិសេសកិច្ចប្រជុំអាយប៉ា Caucus លើកទី១៦ នាពេលនេះ ឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ ។ សម្តេចប្រធានរដ្ឋសភាបានអរគុណ អគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានគំាទ្រធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមឡើង ដោយសម្តេចតេជោ ហ៊ុន សែន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ធម្មនុញ្ញសន្តិភាពសកល មិនមែនជាច្បាប់ចាប់បង្ខំនោះឡើយ ប៉ុន្តែជាផ្នែកមួយចូលរួមចំណែកដល់ការកសាងនិងការពារសុខសន្តិភាព ដោយស្ម័គ្រចិត្ត។ សន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតិ ដូច្នេះគេត្រូវការពារសុខសន្តិភាព នៅពេលប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្រ្គាមហើយនោះ អ្វីៗទំាងអស់និងបាត់បង់។ កម្ពុជាបានឆ្លងកាត់សង្រ្គាម ដូច្នេះមិនចង់ឃើញមិត្តភ័ក្ត្រណាមួយរបស់ខ្លួន ជួបនឹងទុក្ខ ដូចខ្លួនកាលពីអតីតកាលនោះឡើយ។
ធម្មនុញ្ញសន្តិភាពសកល បានប្រសូតឡើងក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព IPTP កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។ ធម្មនុញសន្តិភាពសកល ត្រូវបានវាយតម្លៃជាសកលថា មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព។
លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ដែលរដ្ឋសភាកម្ពុជាទទួលស្វាគមន៍ លោកជំទាវយ៉ាងកក់ក្តៅ ពិសេសសម្តេចប្រធាន ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។ អគ្គលេខាធិការអាយប៉ា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងការចូលរួមយ៉ាងសកម្ម របស់សភាកម្ពុជា ទំាងនៅក្នុងក្របខណ្ឌអាយប៉ា ក៏ដូចជាវេទិកាអន្តរសភានានា។ នៅក្នុងនោះ គំនិតផ្តួចផ្តើមថ្មីៗរបស់សភាកម្ពុជា ដូចជា AIPA Digital Law Library ធម្មនុញ្ញសន្តិភាពសកល និងការបើកឱ្យមានកិច្ចប្រជុំ ការកសាងភាពជាដៃគូរបស់អាយប៉ា (AIPA Partnership Building) ក្នុងកិច្ចប្រជុំក្រុមអ្នកនយោបាយលើកទី១៦ នៅភ្នំពេញនេះ បានចូលរួមដល់ការលើកកម្ពស់តួនាទីអាយប៉ាឱ្យកាន់តែខ្លំាងឡើង នៅក្នុងការពង្រឹងលើកកម្ពស់វប្បធម៌សន្ទនា ការរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួមទំាងនៅក្នុងតំបន់និងកសលលោក។
អាណត្តិអគ្គលេខាធិការអាយប៉ា របស់លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ នឹងត្រូវបញ្ចប់នាខែកញ្ញាខាងមុខហើយនឹងជំនួសដោយ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បច្ចុប្បន្នជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា។ ទោះបីយ៉ាងនេះក្តី លោកជំទាវបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សា និងពង្រឹងទំនាក់ទំនងជាមួយសភាកម្ពុជាតទៅមុខ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។ លោកជំទាវបានកត់សម្គាល់នូវវឌ្ឍនភាពជាវិជ្ជមានរបស់ AIPA ដោយបន្ថែមពីការពិនិត្យផ្តល់យោបល់លើគោលនយោបាយ និងការតាក់តែងច្បាប់ ទៅជាសកម្មភាពអនុវត្តជាក់ស្តែង ដែលធ្វើឱ្យអន្តរសភាអាស៊ាន(AIPA) កាន់តែស្វាហាប់រស់រវើក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ានប្រមាណ ៧០០លាននាក់។
សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការងារ លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ នៅក្នុងរយៈពេលប្រមាណ៣ឆ្នាំមកនេះ។ សម្តេចបានគូសបញ្ជាក់ថា លេខាធិការដ្ឋានអាយប៉ា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់លោកជំទាវ បានធ្វើឱ្យអាយប៉ាកាន់តែសកម្ម ជាទីគួរឱ្យកត់សម្គាល់ ធ្វើឱ្យបណ្តាប្រទេសនានាកាន់រីករាយចូលរួមធ្វើការជាមួយអាយប៉ា ដែលមកដល់ពេលនេះ អាយប៉ាមានប្រទេសសង្កេតការណ៍ចំនួន២៦ហើយ។ នៅក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជា និងផុយស្រួយនៃភូមិសាស្ត្រនយោបាយ រួមទាំងភូមិសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ ចាំបាច់ត្រូវបន្តពង្រឹងនូវកិច្ចសន្ទនាដែលមានលក្ខណៈបើកចំហ បរិយាបន្ន ព្រមទាំងលើកកម្ពស់នូវពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។
កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់។ ក្នុងន័យនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាដូច្នេះហើយបានជាករណីជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលប្រទេសទំាងពីរមាន និងច្បាប់អន្តរជាតិ។ កម្ពុជាបង្រួមបញ្ហា ក្នុងគោលបំណងរក្សាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយអ្នកជិតខាង ភូមិផងរបងជាប់គ្នា និងជាប្រទេសក្នុងសហគមន៍អាស៊ានតែមួយ។ ប៉ុន្តែភាគីម្ខាងទៀតបានពង្រីកបញ្ហា យកទំនាស់ព្រំដែនពីកន្លែងមួយឱ្យរីករាលដាលទៅជាការបិទព្រំដែនទំាងអស់ ដោយឯកតោភាគី បដិសេធមិនទទួលយកផែនទីដែលអន្តរជាតិទទួលស្គាល់មកដោះស្រាយបញ្ហា ប្រើប្រាស់ផែនទីឯកតោភាគី គួសដោយខ្លួនឯងបានធ្វើឱ្យបញ្ហាព្រំដែនមិនអាចដោះស្រាយបាន អូសបន្លាយពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្ននេះ ថែមទំាងបានពង្រីកបញ្ហាព្រំដែន ទៅជាបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទំាងសងខាង ទៅវិញ៕

-
កីឡា1 week ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា1 week ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
កីឡា4 days ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
Uncategorized1 week ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន5 days ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )
-
ព័ត៌មាន6 days ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ