ព័ត៌មាន
អតីតពលករខ្មែរជាច្រើននាក់ បានកំពុងហ្វឹកហាត់ការងារមុនចូលបំពេញការងារពេញលេញនៅរោងចក្រ សហគ្រាស
ភ្នំពេញ៖ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួនប្រមាណ ១ម៉ឺន ៣ពាន់នាក់ហើយ ទទួលបានឱកាសការងារតាមរោងចក្រ សហគ្រាសនៅប្រទេសកម្ពុជា។ ជាក់ស្តែង ពលករខ្មែរមួយចំនួនបានកំពុងតេស្តសមត្ថភាព និងមួយចំនួនផ្សេងទៀត បានកំពុងហ្វឹកហាត់ការងារ មុនអនុញ្ញាតឱ្យចូលបំពេញការងារទៅតាមផ្នែក និងជំនាញរៀងៗខ្លួន។
លោក ថុន ដាណេ តំណាងផ្នែកធនធានមនុស្សនៅក្នុងរោងចក្រផលិតខ្សែភ្លើង គ្រឿងបង្គុំអេឡិចត្រូនិចសំរាប់រថយន្ត ស៊ូមិ ខេមបូឌា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខណ្ឌកំបូល រាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតមកដល់ពេលនេះ រោងចក្របានដំណើរការរយៈពេល ១៣ឆ្នាំ ដែលផលិតនាំចេញទៅប្រទេសជប៉ុន និងមានកម្មករនិយោជិត និងបុគ្គលិកសរុបប្រមាណ ៥ពាន់នាក់ ក្នុងនោះស្រ្តីប្រមាណ៩០%។ លោកបានបន្តថា សព្វថ្ងៃនេះ រោងចក្រនៅតែត្រូវការកម្លាំងពលកម្មបន្ថែមទៀតខ្ទង់រាប់រយនាក់បន្ថែម ដោយសារស្របទៅតាមផែនការផលិត និងឆ្លើយតបតម្រូវកើនឡើងរបស់អ្នកបញ្ជាទិញ។
លោកបានបញ្ជាក់ថា ចំពោះលក្ខខណ្ឌការងារនៅរោងចក្រនេះ គឺផ្តល់អាទិភាពដល់ពលករខ្មែរមកពីថៃ ទាំងអ្នកមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ក៏ត្រូវការ ដោយសារមុនចូលបំពេញការងារ ខាងរោងចក្រមានការបណ្តុះបណ្តាល និងហ្វឹកហាត់ការងារជាមុន។ ជាក់ស្តែងកំឡុងពេលនេះ កម្មករ កម្មការិនីជាច្រើននាក់ បានកំពុងទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ក្រោយជាប់សម្ភាស៍ការងារ។ លោកបន្ថែមទៀតថា នៅទីនេះ ក្រៅពីប្រាក់ឈ្នួល ខាងរោងចក្រក៏មានផ្តល់ជូនបន្ថែមនូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដល់កម្មករនិយោជិត ដូចជា ថ្លៃអាហារ និងការស្នាក់នៅជាដើមដោយមិនគិតថ្លៃ។
ក្រុមអតីតពលករខ្មែរដែលត្រឡប់មកពីថៃ និងជាប់ការងារនៅរោងចក្រខាងលើនេះ បានសម្តែងការអរគុណ និងដឹងគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយស្វែងរកឱកាសការងារថ្មីជូនដល់ពួកគាត់ និងពលករផ្សេងៗទៀត ព្រោះពួកគាត់មិននឹកស្មានទេថា នៅកម្ពុជាមានការងារជាច្រើនកន្លែងដែលកំពុងខ្វះខាតកម្លាំងពលកម្ម ទាំងមានការងារល្អៗ ប្រាក់ឈ្នួលសមរម្យ ជាពិសេសមិនចាំបាច់ធ្វើការងារចំណាកស្រុក ដូចមុន និងរស់នៅឆ្ងាយពីសាច់ញាតិ និងកូនចៅ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥ ពលករខ្មែរមកពីប្រទេសថៃ ចំនួនប្រមាណ ១ម៉ឺន ៣ពាន់នាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។ ហើយតំបន់ដែលស្រូបកម្លាំងពលកម្មច្រើនជាងគេ មានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ ស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនានា ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុងជាដើម និងតាមបណ្តារោងចក្រ សហគ្រាសផ្សេងៗទៀត។
ឯកឧត្តម បានឱ្យដឹងទៀតថា វិស័យឧស្សាហកម្ម នៅតែជាវិស័យដឹកមុខនៅក្នុងការស្រូបទាញកម្លាំងពលកម្មរបស់ពលករ ក៏ដូចជាប្រជាពលរដ្ឋ។ កម្ពុជា នៅតែមានឱកាសការងារប្រមាណ ២៥ម៉ឺនកន្លែងថែមទៀត ពីព្រោះដោយសារមានការបោះទុនវិនិយោគថ្មីៗ ហើយក្រុមហ៊ុនកើតឡើងជាបន្តបន្ទាប់ ដូច្នេះពេលដែលរោងចក្រសាងសង់ហើយ តំរូវការកម្លាំងពលកម្មនៅបន្តមានដដែល។
គិតក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សហគ្រាស គ្រឹះស្ថាននៅកម្ពុជា បានកើនឡើងចំនួន ៥ ៣៥៦សហគ្រាស។ ក្នុងនោះ វិស័យកាត់ដេរ មានចំនួន ១ ៦៨២សហគ្រាស និងវិស័យក្រៅពីការដេរ មានចំនួន ៤៣ ៩៧៤សហគ្រាស៕
អត្ថបទ៖ ឈិត បូរ៉ាវី












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព