ព័ត៌មាន
អាជ្ញាធរមីននិងស្ថានទូតជប៉ុនបើកកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពនៃភាពជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ ៖ អាជ្ញាធរមីន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤បានសហការរៀបចំកិច្ច ប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា។
ពាក់ព័ន្ធនឹងភាពជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា មានមោទកភាពដែលទទួលបានការគាំទ្រពីរដ្ឋភាគី និងអង្គការអន្តរជាតិនានា ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតសកលលោកនេះ ដែលវាបានឆ្លុះបញ្ចាំងពីបទពិសោធន៍ ជំនាញ សមត្ថភាព និងឆន្ទៈរបស់កម្ពុជា ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីនពិភពលោក។
កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ប្រព្រឹត្តទៅជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យលើស្ថានភាពនៃការអនុវត្តអនុសញ្ញា និងកំណត់ទិសដៅរយៈពេល ៥ឆ្នាំបន្ត សម្រាប់ការអនុវត្តអនុសញ្ញា។ កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ី ដែលទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដ៏សំខាន់នេះ ហើយក្នុងនាមជាប្រធាន កម្ពុជា មានកាតព្វកិច្ច រៀបចំឯកសារស្នូលចំនួនបី រួមមាន (១) ឯកសារពិនិត្យឡើងវិញនូវការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, (២) ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩, និង (៣) សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ។ ក្នុងន័យនេះ ផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥ – ២០២៩ គឺជាត្រីវិស័យដ៏សំខាន់ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅរកការសម្រេចបានពិភពលោកមួយដែលមិនមានការគំរាមកំហែងដោយសារមីន។
ឯកឧត្តមបានគូសបញ្ជាក់ដែរថា ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជា ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបានអាទិភាពទាំងបី ដែលកម្ពុជា បានដាក់ចេញ គឺ៖ សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥ នៃអនុសញ្ញា (ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន), និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគំរូ ដែលសម្តេចបានចូលរួមយ៉ាងសកម្មដោយផ្ទាល់ ក្នុងការផ្សព្វផ្សាយ និងអំពាវនាវដល់បណ្តាប្រទេសនានា ទូទាំងពិភពលោក ចូលរួមគាំទ្រដល់អនុសញ្ញាអូតាវ៉ា ដើម្បីធានាថា នឹងមិនមានប្រជាជនណាម្នាក់ នៅក្នុងពភពលោក ទទួលរងទុក្ខវេទនាដោយសារគ្រាប់មីនឡើយ។ បន្ថែមលើនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា “កិច្ចខិតខំប្រឹងប្រែងរបស់សម្តេច គឺជាសក្ខីភាពបង្ហាញថា ភាពជោគជ័យនៅក្នុងសកម្មភាពមីន គឺអាស្រ័យលើទស្សនវិស័យ និងឆន្ទៈមោះមុត របស់មេដឹកនាំ”។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានភាពសកម្មភាពមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម។ រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤ គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។
ឯកឧត្តម បានលើកឡើងថា សមិទ្ធលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជា បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងសប្បុរសជននានា។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូល រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រប្រទេសកម្ពុជា ដេីម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម៕ អត្ថបទ.ភារម្យ










-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប