Connect with us

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរៀបចំសួនឧស្សាហកម្ម និងអភិវឌ្ឍ​វិស័យស្វាយចន្ទីកម្ពុជា

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​ត្រួតពិ​និត្យ​វឌ្ឍនភាព​នៃកា​រ​រៀប​ចំ​សួន​ឧស្សាហកម្ម​ស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព។

យោងតាមរបាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាមាញ់ និងនេសាទ ស្វាយចន្ទី​ជា​កសិផល​ដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ដំណាំ​ស្វាយ​ចន្ទីជាង ៥៨ ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥ តោន ក្នុង ១ហិកតា។

នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា «អធិរាជស្វាយចន្ទី» នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។ ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។

ក្នុងឱកាស ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋសមាជិកសហគមន៍កសិកម្មទំនើបស្វាយចន្ទី ប្រាសាទសំបូររុងរឿង ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅក្នុងផែនការរដ្ឋាភិបាល ខេត្តកំពង់ធំ (មានដាំស្វាយចន្ទីច្រើនជាងគេ) ក្រៅពីនេះមានដាំស្វាយចន្ទីនៅខេត្តនៅព្រះវិហារ ត្បូងឃ្មុំខ្លះ។ ចំណែកខេត្ត បាត់ដំបង មានបន្ដិចបន្ដួច។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ទៅមុខទៀតកម្ពុជានឹងមានរៀបចំជាមជ្ឈមណ្ឌលសួនឧស្សាហកម្មធំ ដើម្បីធានាថា កាត់បន្ថយការហូរចេញស្វាយចន្ទីទៅក្រៅប្រទេស ឬប្រទេសជិតខាង ដើម្បីនាំចេញបន្ដ។ ប៉ុន្ដែរាជរដ្ឋាភិបាលនឹងរកទីផ្សារផ្ទាល់សម្រាប់ការនាំចេញទៅក្រៅប្រទេសវិញ។

សម្ដេចធិបតីបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយគ្រោងនឹងពង្រីកការនាំចេញស្វាយចន្ទី២ម៉ឺនតោន។ ខណៈដែលបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនជប៉ុនមួយ គ្រោងនឹងពង្រីការនាំចេញស្វាយចន្ទីចំនួន២ម៉ឺនតោនផងដែរ។ ដូច្នេះផលិតផលស្វាយចន្ទីខ្មែរលែងចេញទៅណាហើយ គឺទិញលក់នៅក្នុងស្រុកសម្រាប់នាំចេញទៅជប៉ុន និងអឺរ៉ុបតែម្ដង។

សម្ដេចបញ្ជាក់ថា ដូច្នេះបានន័យថា តម្លៃកាន់តែអាចធានាបាន ប៉ុន្ដែទាល់តែអ្នកផលិតចងក្រងគ្នាជាសហគមន៍ដែរ ដើម្បីអាចធ្វើកុងត្រារួមគ្នាបាន។ ក្រុមហ៊ុនមួយដែលទិញ ២ម៉ឺនតោន មិនអាចទៅកុងត្រាជាមួយកសិករ ៣ ម៉ឺននាក់ ឬមួយមួយម៉ឺន មួយពាន់នាក់ដាច់ដោយឡែក មួយពាន់កុងត្រាទេ។ តែបើចងក្រងគ្នាជាសហគមន៍តែមួយគឺអាចធ្វើការបាន។

សម្ដេចធិបតីមានប្រសាសន៍ថា ទៅថ្ងៃក្រោយ កម្ពុជានឹងរៀបចំជាសួនឧស្សាហកម្មស្វាយចន្ទីសម្រាប់ប្រមូលការវិនិយោគធំៗ មកធ្វើការវិនិយោគកែច្នៃនៅក្នុងខេត្តកំពង់ធំ។ សម្ដេចបានឲ្យក្រុមការងារចុះឆែកមើលខេត្តណាខ្លះគួរដាក់ជាសួនឧស្សាហកម្មនេះ ហើយដំបូងដាក់នៅខេត្តកំពង់ធំ។ ដូច្នេះទៅមុខទៀត កន្លែងផលិតកម្រិតអន្ដរជាតិនឹងមកកាន់តែក្បែរបងប្អូនប្រជាកសិករថែមទៀត៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia