ព័ត៌មាន
រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្រ្ដអភិវឌ្ឍសេវាអេទ្បិចត្រូនិក ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច
រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តជាផ្លូវការនូវ (យុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច) ដើម្បីជំរុញការអភិវឌ្ឍ វិស័យឌីជីថលឲ្យកាន់តែមានភាពរស់រវើក និងជាការលើកកម្ពស់ប្រសិទ្ធភាពការងារ, កាត់បន្ថយថ្លៃដើម, តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបុព្វសិទ្ធិ ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងពិធី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ នេះថា បច្ចេកវិទ្យាឌីជីថល, ជាពិសេសវឌ្ឍនភាពចុងក្រោយនៃបញ្ញាសិប្បនិម្មិត ឬហៅកាត់ AI បានក្លាយ ជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ, ការរៀនសូត្រ, ការប្រកបអាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជន ទូទៅ ក្នុងយុគសម័យនេះដែលជាការណ៍មិនអាចខ្វះបាន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្នុងន័យនេះ, បច្ចេកវិទ្យាឌីជីថលបានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, ហើយបានក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចដែលមិនអាចមើលរំលងបាន។ សម្រាប់វិស័យឯកជន, ការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ, កាត់បន្ថយថ្លៃដើម, តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។ ចំណែកវិស័យសាធារណៈ, បច្ចេកវិទ្យាឌីជីថលក៏បាននិងកំពុងដើរតួនាទីជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញការកែទម្រង់នានានៅកម្ពុជា, ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងសំដៅឆ្លើយតបទៅនឹងតម្រូវការ, សំណូមពរ និង បំណងប្រាថ្នា របស់ប្រជាជន និងធុរជន ។
សម្រាប់កម្ពុជា, ការអភិវឌ្ឍវិស័យឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។ រាជ- រដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ភាពប្រាកដ និយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, បានប្រកាសដាក់ឲ្យអនុវត្តនូវ«ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ធ្វើជាត្រីវិស័យ ក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ការដាក់ចេញ នូវឯកសារដ៏មានសារៈសំខាន់ទាំងពីរនេះ ក៏បានសបញ្ជាក់ច្បាស់ពីឆន្ទៈមោះមុត និងភាពបុរេសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញា ជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ឲ្យកាន់តែមានភាពរស់រវើក ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដែលរឹងមាំ, មានបរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់, រាជរដ្ឋាភិបាលបន្តប្តេជ្ញាធ្វើឲ្យបរិយាកាសធុរកិច្ចនៅ កម្ពុជា មានលក្ខណៈកាន់តែប្រសើរឡើងជាលំដាប់។ ការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថលក្នុងជំហានដំបូង តាមរយៈការផ្តល់សេវា តាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាជម្រើសសម្រាប់ការពិចារណាទៀតទេ, ប៉ុន្តែជាការចាំបាច់ ដែលត្រូវតែអនុវត្តឲ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាពនិងភាពជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា3 days ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន9 hours ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន1 day ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន3 days ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន1 week ago
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ នាំយកអំណោយសម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
-
ព័ត៌មាន2 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន1 week ago
ជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ