Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋដោយផ្ទាល់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក និងទី២ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺនេះតាមរយៈការលេងកីឡា និងទទួលទានអាហារឱ្យបានល្អ និងត្រឹមត្រូវ។

ក្រសួងស្ថាប័នជំនាញ មានដូចជា៖ ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកគយ និងរដ្ឋាករ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ការនាំចូលសាច់ខូចគុណភាពដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ, ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអប់រំ, ណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀន អំពីហានិភ័យ និងការបង្ការអំពីជំងឺមហារីក។ ជាមួយគ្នានេះ, អាជ្ញាធរត្រូវរៀបចំបរិស្ថានអំណោយផលដល់ការហាត់ប្រាណ និងលេងកីឡារបស់ប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋអាចចូលរួមបង្ការជំងឺមហារីកតាមរយៈការហាត់ប្រាណ, ការលេងកីឡា និង ការពិនិត្យសុខភាពជាប់ជាប្រចាំ រួមទាំងការទទួលទានតែអាហារណាដែលមានគុណភាពល្អមិនប៉ះពាល់ដល់សុខភាព និងតមអាហារណាមិនចាំបាច់ និងប៉ះពាល់សុខភាព រួមទាំងការមិនទទួលទានបារីគ្រប់ប្រភេទ។

ជាមួយគ្នានេះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពមមន្ទីរពេទ្យដែលមានឯកទេសក្នុងការព្យាបាលជំងឺមហារីក ដើម្បីព្យាបាលប្រជាពលរដ្ឋដែលមានជំងឺមហារីក ព្រោះការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ, សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលសុខភាពមិនល្អ នឹងក្លាយទៅជាបន្ទុកសម្រាប់រដ្ឋ ហេតុនេះត្រូវចូលរួមទាំងអស់គ្នា ទាំងការបង្ការ, ការអប់រំ និងការព្យាបាលឱ្យបានទាន់ពេល ហើយជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ព្រោះ សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាសុខភាពប្រជាជនបានល្អ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង, សម្របសម្រួល និង អនុវត្ត ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល ។ ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់កម្រិត,ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។ ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិតទាំងជំនាញវេជ្ជសាស្រ្ត និង ជំនាញវិជ្ជាជីវៈអមសុខភាពដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ទី៤. ក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។ ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល,សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្តប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ទី៦. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត និង ទី៧. សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះ តាមរយៈការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែលប្រឈម នឹងការកើតជំងឺមហារីក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia