Connect with us

ព័ត៌មាន

ខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ថ្លែងសុន្ទរក​ថា​ក្នុង « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដែលកម្មវិធីនេះបាន​រៀបចំ​ឡើង​​នៅប្រទេសសិង្ហបុរី។

ខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ថ្លែង​ក្នុង « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី » ដែលមានខ្លឹមសារដូចខាងក្រោម៖

-ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកវិនិយោគិនខ្មែរ និងសិង្ហបុរី ដែលបានអញ្ជើញចូលរួម ក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅប្រទេសសិង្ហបុរី។ -សម្ដេចក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី និងសភាពាណិជ្ជកម្មសិង្ហបុរីនៅកម្ពុជា និងសមាគមនអតីតសិស្សនិស្សិតខ្មែរនៅសិង្ហបុរី ចំពោះកិច្ចសហការដ៏មានតម្លៃសហការរៀបចំវេទិកាធុរកិច្ចនេះឡើង។

-សម្ដេចធិបតីបញ្ជាក់ថា វេទិកានេះ បានដើរតួសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងសហគមធុរកិច្ចកម្ពុជា-សិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាពផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី កម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងយូរអង្វែង និងស៊ីជម្រៅ ដោយចាប់ផ្ដើតមតាំងពីកម្ពុជាទទួលស្គាល់ឯករាជភាពរបស់សិង្ហបុរី ក្នុងឆ្នាំ១៩៦៥។ ឈរលើមូលដ្ឋានគ្រឹះដែលបានកសាងឡើងដោយសម្ដេចព្រះនរោត្តមសីហនុ និងលោក លី ខ្វាន់យូ នាយករដ្ឋមន្រ្ដីទីមួយរបស់សិង្ហបុរី ភាពដៃគូដ៏រឹងមាំនេះ បានរឹតតែរឹងមាំថែមទៀតជាលំដាប់ក្នុងរយៈពេលកន្លងប៉ុន្មានទស្សវត្សរ៍មកនេះ ដោយយើងឃើញការរីកចម្រើនគួរឱ្យគត់សម្គាល់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលត្រូវបានពង្រឹងដោយបានផ្លាស់ប្ដូរកម្រិតកំពូលជាញឹកញាប់ និងការប្ដេជ្ញាចិត្តរួមឆ្ពោះទៅកាន់ភាពរីកចម្រើន។

-សម្ដេចធិតបីបញ្ជាក់ថា សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបជវភាព។ ពាក់ព័ន្ធនឹងការវិនិយោគក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោងវិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប ១៥៣ គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់ ៤ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

-សម្ដេចធិបតីបញ្ជាក់ថា សិង្ហបុរីតែងតែឋិតក្នុងប្រភពវិនិយោគពីបរទេសកំពូលទាំង ១០ នៅក្នុងប្រទេសកម្ពុជា ក្នុងទស្សវត្សរ៍កន្លងមក ដោយបានចូលរួមចំណែកជិត ២ ពាន់លានដុល្លារអាមេរិក ក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា។

-សម្ដេចធិបតីបញ្ជាក់ថា ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាតីដ៏សំខាន់ ក្នុងការអភិវឌ្ឍកម្ពុជា ដោយបានជំរុញកំណើនក្នុងវិស័យជាច្រើនដូចជា កម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនល្បីៗរបស់សិង្ហបុរី ជាច្រើនបានចូលរួមបណ្ដាក់ទុនវិនិយោគដ៏រឹងមាំនៅកម្ពុជា ដែលការណ៍នេះ បង្ហាញពីភាពជោគជ័យ និងសត្តានុពលនៃការវិនិយោគនៅកម្ពុជា។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី មានកិច្ចសហការលើសពីពាណិជ្ជកម្ម និងការវិនិយោគទៅទៀត ប្រទេសទាំងពីរកំពុងសហការគ្នាក្នុងការជំរុញវិសយទសចរណ៍ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងចាប់យកកាលានុវត្តភាពនានានៃបរិវត្តកម្មឌីជីថល។ -សម្ដេចធិបតីបន្ថែមថា កម្ពុជា-សិង្ហបុរី បានឹងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការបង្កើនការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថាកម្លាំងពលកម្មរបស់ប្រទេសទាំងពីរមានជំនាញ និងចំណេះដឹងស្របតាមតម្រូវការសេដ្ឋកិច្ចក្នុងសម័យទំនើប។

-សម្ដេចបន្តថា ការដាក់សម្ពោធមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-សិង្ហបុរី នៅរាជធានីភ្នំពេញ ក្នុងខែសីហា ឆ្នាំ ២០២២ បានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយក្នុងភាពជាដៃគូររវាងកម្ពុជា និងសិង្ហបុរី។ ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលចេញពីមជ្ឈមណ្ឌលនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរចំពោះការផ្លាស់ប្ដូរចំណេះដឹង និងការកសាងសមត្ថភាព។

-សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏គួរឱ្យស្ងប់ស្ងែង ដែលអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍មុនការរាតត្បាតជំងឺកូវីដ-១៩។ ទោះបីជាមានការថមថយបន្ដិចនៅឆ្នាំ ២០២០ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបង្ហាញភាពធន់គួរឱ្យគត់សម្គាល់ក្នុងឆ្នាំ២០២៣ និងឈានទៅសម្រេចបានតាមកំណើនអត្រា ៥% ក្នុងឆ្នាំ២០២៣ ជាមួយនឹងការព្យាការណ៍កំណើន៦ ៦% ក្នុងឆ្នាំ២០២៤។ -តាមរយៈកំណើនដ៏ឋិតថេរ និងភាពធន់ គួបផ្សំនឹងការកើនឡើងនៃការវិនិយោគពីបរទេសបានជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយមានការរីកចម្រើននៅអាស៊ីអាគ្នេយ៍។ -រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការកសាងបរិយាកាសអំណោយផលដល់ភាពជោគជ័យនៃនិយោគិន និងសហគ្រាសដែលត្រូវបានបង្កើតឡើងថ្មីលើគ្រប់វិស័យនៅកម្ពុជា។ ចំពោះការជំរុញបរិយាកាសវិនិយោគរាជរដ្ឋាភិបាលបាននឹងកំពុងនុវត្តការកែទម្រង់ស៊ីជម្រៅសម្រួលបទបញ្ញត្តិ និងនីតិវិធីក្នុងការបង្កើតអាជីវកម្ម និងផ្ដល់ការលើកទឹកចិត្តពន្ធដារដល់វិនិយោគិនថ្មីនៅកម្ពុជា។

-សម្ដេចធិបតីបញ្ជាក់ថា ច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា បានផ្ដល់ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដាររហូតដល់ ១៥ ឆ្នាំ សម្រាប់វិស័យអាទិភាពជាច្រើន រួមជាមួយនឹងការធានា និងការការពារលើការវិនិយោគនានានៅកម្ពុជាដោយមិនមានការរើងអើងរវាងវិនិយោគិនក្នុងស្រុក និងបរទេស។

-សម្ដេចធិបតីថ្លែងទៅកាន់ វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ នឹងពង្រឹងការតភ្ជាប់នៅក្នុងតំបន់ និងធានាប្រសិទ្ធភាពក្នុងការតភ្ជាប់ទៅក្នុងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងទូទាំងតំបន់។

-ការវិនិយោគជាយុទ្ធសាស្រ្ដទាំងនេះ បានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ធុរកិច្ច លើការកាត់បន្ថយការចំណាយលើវិស័យឡូជីស្ទិក បង្កើនប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងអនុញ្ញាតឱ្យធុរជនទាញយកអត្ថប្រយោជន៍បានយ៉ាងពេញលេញពីសក្ដានុពលយ៉ាងធំធេងនៃគម្រោងព្រែកជីកហ្វូណនតេជោនេះនៅក្នុងទីផ្សារតំបន់។

អត្ថបទ: BTV NEWS

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia