ព័ត៌មាន
អាកាសយានដ្ឋានសៀមរាបអង្គរ នឹងអាចទទួលអ្នកដំណើរ ១,៥ លាននាក់ ក្នុងដំណាច់ឆ្នាំ២០២៤នេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេលជិត១ឆ្នាំ ទទួលបានជើងហោះហើរចេញ-ចូល មានចំនួនជាង ១៤ពាន់ជើង, ទំនិញតាមផ្លូវអាកាសជាង ៨២តោន និងអ្នកដំណើរ ជាង ១,៣ លាននាក់ ហើយរំពឹងថា នឹងមានអ្នកដំណើរចេញ-ចូល កើនដល់ ១,៥ លាននាក់ នៅដំណាច់ឆ្នាំ២០២៤ នេះ ។
តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងពិធីអបអរសាទរគម្រប់ខួប ១ ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀម- រាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានបង្ហាញឱ្យដឹងថា ចាប់តាំងពីបើកដំណើរការបានជិត១ឆ្នាំ កន្លងមកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤ ពាន់ជើង, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ជាង ១,៣ លាននាក់, ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) ជាង ៨២ តោន ក្នុងនោះបើគិតជាមធ្យម អាកាសយានដ្ឋានអន្តរជាតិសៀម រាបអង្គរ ទទួលបានការហោះហើរចំនួន ៤០ ជើងហោះហើរ និងអ្នកដំណើរចំនួន ៣ ៦២០ នាក់ក្នុងមួយថ្ងៃ ជារួមមានអត្រាធម្មតា ខពស់ជាង ៩០ ភាគរយ, ហើយរំពឹងថា នឹងមានអ្នកដំណើរចេញ-ចូលកើនដល់ ១លាន ៥០ម៉ឺននាក់ នៅដំណាច់ឆ្នាំ២០២៤។
ចំណែកជើងហោះហើរវិញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកផ្លូវហោះហើរទៅកាន់ ៨ប្រទេស និង ១៥ ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២ ដែលបានហោះហើរចំនួន១៦ខ្សែផ្លូវ ភ្ជាប់ប្រទេសនានានៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានក្លាយជាតំបន់សំខាន់ក្នុងការផ្សាភ្ជាប់សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា និងប្រទេសនៅអាស៊ីអាគ្នេយ៍។
ក្រៅពីវិធានការគាំទ្រដល់វិស័យទេសចរណ៍-អាកាសចរណ៍ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជាការលើកទឹកចិត្តសម្រាប់ ការបើកជើងហោះហើរថ្មី ក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏បានដាក់ចេញបន្ថែម និងដើម្បីផ្ដល់ការលើក ទឹកចិត្តសម្រាប់ការបើកជើងហោះហើរថ្មី ឬជើងហោះហើរដែលបានផ្អាក ជាង ១២ ខែ ហើយធ្វើការតភ្ជាប់ហោះហើរឡើងវិញ ដោយបញ្ចុះតម្លៃទាំងស្រុង ១០០% នូវថ្លៃចុះចត, ថ្លៃចំណត, ថ្លៃភ្លើងបំភ្លឺ, និងថ្លៃស្ពានឆ្លងចូលយន្តហោះ ក្នុងឆ្នាំដំបូង។ ចំណែកឆ្នាំទីពីរ តម្លៃទាំងនេះនឹងត្រូវគិតថ្លៃតែពាក់កណ្តាល ៥០% ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងផ្ដល់ ការលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ថ្មី ឬក្រុមហ៊ុនអាកាសចរណ៍ដែលបានផ្អាកប្រតិបត្តិការលើសពី១២ ខែ ហើយធ្វើ ប្រតិបត្តិការឡើងវិញ ក្នុងនោះថ្លៃចុះចត, ថ្លៃចំណត, ថ្លៃភ្លើងបំភ្លឺ, និងថ្លៃស្ពានឆ្លងចូលយន្តហោះ នឹងត្រូវបានកាត់បន្ថយ ៥០% ក្នុងឆ្នាំ ដំបូង ហើយក្នុងឆ្នាំទីពីរ នឹងត្រូវបានកាត់បន្ថយ ២៥%។ ចំណែកចំនួនអ្នកដំណើរសម្រាប់ជើងហោះហើរអន្តរជាតិ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ នឹងផ្តល់ការបញ្ចុះតម្លៃផ្ទាល់ យោងតាមចំនួនអ្នកដំណើរចេញ, ក្រៅពីនេះក៏មានការលើកទឹកចិត្ត ឧបត្ថម្ភជា ទឹកប្រាក់ ចំពោះជើងហោះដែលមានចំនួនអ្នកដំណើរច្រើនផងដែរ។
សូមបញ្ជាក់ថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការវិនិយោគក្នុងទម្រង់ “សាងសង់-អាជីវកម្ម-ផ្ទេរ/BOT” និង មានទុនវិនិយោគ ចំនួន ១ ១០០ លានដុល្លារអាមេរិក ដោយកសាងហេដ្ឋារចនាសម្ពន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំជាង ៧០០ ហិកតា និងមានដីបំរុងប្រមាណ ១ ០០០ហិចតា សម្រាប់ការកសាងតំបន់អភិវឌ្ឍពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-កសិកម្ម-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលយើងអាចហៅថា “ទីក្រុងអាកាសយានដ្ឋាន” នាពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន