កីឡា
ក្រោន និងស្វាយរៀងបន្ថែម ៣ពិន្ទុ ខណៈណាហ្គា បង្អាក់ដំណើរ ISI ស្របពេល Tiffy Army អស់ឱកាស
ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ដរក្សាគម្លាត ១ពិន្ទុពីគ្នា ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ គ្រាដែលក្រុមណាហ្គាវើលដ៍ បានបង្អាក់ដំណើរក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៣-១ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ(Tiffy Army) បានអស់ឱកាសប្រជែងកៅអី Top-6 ក្រោយស្មើក្រុមបឹងកេត ១-១ ។
សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះសមាគមកីឡាក្រសួងមហាផ្ទៃ ២-០ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក ដែលធ្វើសម្រេចដោយកីឡាករ Jelle Joost Goselink នៅនាទី៣២ និង អ៊ន ចាន់ប៊ូលីន នៅនាទី៥៣ ។ ជ័យជម្នះនេះ នាំឲ្យក្រុមសិង្ហក្រហម បន្ដឈរកំពូលតារាង ដោយរកបាន ៤៧ពិន្ទុ នាំមុខក្រុមព្រះខ័នរាជស្វាយរៀង ដែលរកបាន ៤៦ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-២ នៅថ្ងៃជាមួយគ្នា ។
សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ កីឡាករ ញាណ សុស៊ីដាន បានស៊ុតគ្រាប់បាល់នាំមុខដ៏ល្អឲ្យក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី៥០ បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល ០-០ នៅវគ្គទី១ មុនខ្សែការពារ Takashi Odawara ភ្លាត់ទាត់ចូលទីខ្លួនឯង នាំឲ្យអង្គរថាយហ្គឺរ តាមស្មើ នៅនាទី៦៤ ។
យ៉ាងណាមិញ នៅនាទី៧៩ កីឡាករអន្ដរជាតិ Bounphachan Bounkong បានរកគ្រាប់បាល់នាំមុខជាថ្មីសម្រាប់ក្រុមភ្ញៀវ មុនខ្សែការពារ Odawara តែតបន្ថែមគ្រាប់ទី៣ ឲ្យក្រុមព្រះខ័នរាជស្វាយរៀងវិញ នៅនាទី៨៨ ។ បន្ទាប់មកទើបកីឡាករ Nagashima Kodai វាយបកបានគ្រាប់ទី២ ឲ្យអង្គរថាយហ្គឺរ នៅនាទី៨៩ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ ៣-២ បន្ទាប់ពីជើងទី១ ពួកគេក៏បានយកឈ្នះ ៤-២ លើក្រុមអង្គរថាយហ្គឺរផងដែរ ។
ដោយឡែកក្រុមណាហ្គាវើលដ៍វិញ ស្ថិតក្នុងតំបន់សុវត្ថិភាព នៃកៅអី Top-6 បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-១ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរហស្សនាម នាគមាស បន្ដឈរលេខ៣ និងមាន ៣០ពិន្ទុ គ្រាដែល ISI ដង្កោសែនជ័យ បន្ដឈរលេខ៧ ដោយរក្សា ២៤ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមបឹងកេត ៣ពិន្ទុ បន្ទាប់ពីក្រុមនាគខៀវនេះ បានត្រឹមប្រកួតស្មើក្រុមភ្ញៀវ Tiffy Army ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ ។
ចំពោះក្រុមបឹងកេត ទោះបីបន្ដឈរលេខ៦ តែមិនទាន់សុវត្ថិភាពឡើយ ដ្បិតពួកគេ នៅសល់ ២ប្រកួត ដូចក្រុម ISI ដង្កោសែនជ័យដែរ ខណៈក្នុងចំណោម ២ប្រកួតចុងក្រោយ ក្រុមទាំងពីរ ក៏ត្រូវជួបគ្នា នាចុងសប្ដាហ៍នេះ មុនបឹងកេត ជួបវិសាខា ខណៈ ISI ត្រូវជួបភ្នំពេញក្រោន នាថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខ ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវទទួលបានកៅអី Top-6 ជាមួយក្រុមភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងណាហ្គាវើលដ៏ ដែលមានភាគខ្ពស់ទៅហើយនោះ?
អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ