កីឡា
មន្ដ្រីជាន់ខ្ពស់កីឡាជឺជីតស៊ូថា ការឈ្នះមេដាយមាស មឿនលីម សុបញ្ញា លើទឹកដីអាមេរិកជាសញ្ញាណដ៏ល្អ
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាស ក្នុងការប្រកួត Jiu-Jitsu World League California X នៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានចាត់ទុកជ័យជម្នះនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់ការបោះជំរុំហ្វឹកហាត់នៅទីនោះ។
នេះគឺជាការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង បន្ទាប់ពី មឿនលីម សុបញ្ញា បានចេញទៅហ្វឹកហាត់រយៈពេល ២៥ថ្ងៃ ក្នុងបេសកកម្មបោះជំរុំហ្វឹកហាត់រយៈពេល ៣ខែរបស់ខ្លួន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួល និងរៀបចំរបស់សហព័ន្ធ និងទទួលបានការឧបត្ថម្ភគាំទ្រពីលោក ទូច សុភ័ក្រ និងភរិយា។
ចំពោះការប្រកួតក្នុងកម្មវិធី Jiu-Jitsu World League California X នេះដែរ បញ្ញា បានប្រកួតលើវិញ្ញាសា Gi ឯកត្តជនបុរស កម្រិតខ្សែខៀវ ប្រភេទទម្ងន់ក្រោម ៨២.៥គីឡូក្រាម ដែលមានបេក្ខភាពចុះឈ្មោះចូលរួមប្រកួតចំនួន ២២នាក់ ។ ជាលទ្ធផល បញ្ញា ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស បន្ទាប់ពីឈ្នះ ៤ប្រកួតជាប់គ្នា ក្នុងនោះបានផ្ដួលដៃគូឲ្យចុះចាញ់ ៣ប្រកួតឯណោះ
លោក Jasper Paas អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានចាត់ទុកនេះគឺជាជ័យជម្នះដ៏អស្ចារ្យ សម្រាប់ មឿនលីម សុបញ្ញា ដែលសម្រេចបាននូវសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល ដូចអ្វីដែលសហព័ន្ធជឿជាក់លើរូបគេ ។ នេះគឺជាមូលហេតុ ដែលសហព័ន្ធបានបញ្ជូនរូបគេទៅបោះជំរុំហ្វឹកហាត់ ៣ខែនៅអាមេរិក ហើយជ័យជម្នះនេះ បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ បញ្ញា ដើម្បីត្រៀមការប្រកួតធំៗជាច្រើន ក្នុងឆ្នាំ២០២៥ ពិសេសស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំនេះ។
គួរដឹងថា មឿនលីម សុបញ្ញា បានចេញទៅបោះជំរុំហ្វឹកហាត់ នៅមជ្ឈមណ្ឌល Art of Jiu-Jitsu គឺជាកន្លែងប្រមូលផ្ដុំដោយគ្រូបង្វឹកលំដាប់ពិភពលោក ដែលបានបង្កើតនូវអត្តពលិកជើងឯកពិភពលោក និងគ្រូបង្វឹកជាច្រើន ក្នុងនោះក៏មានវត្តមានវីរកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ជាដើម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ បញ្ញា បានចាកចេញពីកម្ពុជា កាលពីពាក់កណ្ដាលខែមករា ហើយគ្រោងនឹងត្រឡប់មកមាតុភូមិវិញ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ៕ អត្ថបទ លី ឈុនឡា
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ