ព័ត៌មាន
ក្រុមអ្នកជំនាញបរិស្ថានជាតិ-អន្តរជាតិ ជួបប្រជុំគ្នានៅកម្ពុជា ដើម្បីពង្រឹងការអភិរក្សសត្វត្មាត
ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថាវេទិកានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ បានបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ដើម្បីធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជនៅក្នុពិភពលោក។ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ «អស់រយៈពេលជិតពីរទស្សវត្សមកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំងបីប្រភេទរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា យើងបានអនុវត្តកម្មវិធីជាច្រើននៅទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ តាមដានចំនួនប្រជាសាស្ត្រ និងធានាការរស់រានមានជីវិតរយៈពេលវែងរបស់ពួកវា។» ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងបន្ថែម។
លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ លោកបញ្ជាក់ថា «ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ យើងអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះចំនួនរបស់ពួកវាទាំងបីប្រភេទ មានប្រហែល១៣០ក្បាល។ អ្នកជំនាញបានលើកឡើងថា សត្វត្មាត រងការគំរាមកំហែងដូចជា៖ ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលការណ៍នេះ ត្រូវតែមានកិច្ចសហប្រតិបត្តិការពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។
លោកស្រី Jemima Parry-Jones ប្រធានសមាគមនៃអង្គការមកពីប្រទេសចំនួនប្រាំមួយសម្រាប់ការសង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ (SAVE) បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។ លោកស្រី ថ្លែងថា ការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏ មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ។
សូមបញ្ជាក់ថា សត្វត្មាត មានតួនាទីសំខាន់ក្នុងធម្មជាតិនោះគឺជាអ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វមានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។ ត្មាតត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានសិក្សាជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។
កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការអភិរក្សសត្វត្មាតនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងផ្តល់ឱកាសមួយឱ្យក្រុមអ្នកអភិរក្សបរិស្ថានជាតិនិងអន្តរជាតិបានរៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ ការគំរាមកំហែងដូចជា ចំណីពុលដល់សត្វត្មាត និងកម្ពុជាមានឱកាសចែករំលែកការអភិរក្សសត្វត្មាតជូនតំណាងប្រទេសនានាផងដែរ។ ក្នុងឱកាសនេះ ពួកគេនឹងមានឱកាសបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វត្មាតរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចសិក្សា នៅដែនជម្រកសត្វព្រៃសៀមប៉ាង។ នៅទីនោះ គណៈប្រតិភូនឹងរៀនអំពីសារៈសំខាន់ នៃភោជនីយដ្ឋានសត្វត្មាត និងលទ្ធផលនៃវេទិកាសំបុកសិប្បនិម្មិត៕







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា