ព័ត៌មាន
សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ
ភ្នំពេញ ៖ លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានមួយចំនួនតិចតួចប៉ុណ្ណោះនៅលើពិភពលោក។
លោកស្រី Jemima Parry-Jones បានអញ្ជើញចូលរួម ជាមួយក្រុមអ្នកជំនាញបរិស្ថានជាតិ និងអន្តរជាតិ មកពី កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ដែលនៅមានវត្តមានសត្វត្មាតរស់នៅព្រមទាំងអង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ប្រទេសអង់គ្លេស សរុបប្រមាណ៣០នាក់ នៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៥ ដើម្បីសិក្សាដកបទពិសោធន៍ពីកម្ពុជាក្នុងការអភិរក្សសត្វត្មាតបានល្អប្រសើរ នៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីវត្តមានសត្វត្មាតនៅកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញទាំងអស់នោះ បានជួបគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៤ ដែលធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរគំនិតយោល់ឱ្យគ្នាទៅវិញទៅមក សំដៅធានាវត្តមាន ក៏ដូចជាបង្កើនចំនួនសត្វត្មាតឡើងវិញ ខណៈសត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN)។
ក្រុមអ្នកជំនាញបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងនោះបានការពារជម្រកជីវៈចម្រុះ ដូចជាប្រភេទសត្វត្មាត រស់នៅប្រកបដោយភាពសុខសាន្ត នៅតាមតំបន់ការពារធម្មជាតិ។
លោកស្រី Thiri Da Wei Aung តំណាងអង្គការអភិរក្សសត្វព្រៃរបស់ប្រទេសមីយ៉ាន់ម៉ា VWG បានថ្លែងថា ការផ្ដល់ចំណីជាសត្វគោ ឬក្របីងាប់បន្ថែម ដល់សត្វត្មាតប្រចាំសប្តាហ៍ជាទៀងទាត់ គឺជាការប្រសើរបំផុត ខណៈការអភិរក្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនទាន់ធ្វើបានដូចនៅកម្ពុជានេះឡើយ។
លោក អៀង សំណាង ប្រធានផ្នែកតាមដាន និងអង្កេតជីវៈចម្រុះប្រចាំក្រុមហ៊ុន Rising Phoenix Co.Ltd ដែលជាក្រុមហ៊ុនទទួលការខុសត្រូវសម្រាប់ការចូលរួមអភិរក្ស និងដល់ចំណីបន្ថែមដល់សត្វត្មាត ដែលហៅថា “អាហារដ្ឋានត្មាត” ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ គឺត្រូវកាប់សត្វគោ ឬក្របីចំនួន១ក្បាល សម្រាប់សត្វត្មាតនៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។ ការដាក់ចំណីនេះ ត្រូវធ្វើជាទៀងទាត់រៀងរាល់ថ្ងៃព្រហស្បតិ៍ ដើម្បីរង់ចាំដល់ថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ដើម្បីឱ្យត្មាតចុះមកស៊ី ពោលគឺ ដើម្បីឲ្យសត្វគោ ឬសត្វក្របី ដែលត្រូវបានសម្លាប់នោះ ហើមស្អុយសិនទើបអាត្មាតចុះមកស៊ី។ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង មានត្មាតចន្លោះពី៨០ក្បាល ទៅ១០០ក្បាល ក្នុងមានប្រភេទត្មាតភ្លើង ត្មាតផេះ, និងត្មាតត្នោត ដែលមានចំនួនច្រើនជាងគេ។
បច្ចុប្បន្ន ទីជម្រក និងកន្លែងប្រភពចំណីសម្រាប់សត្វត្មាតនៅកម្ពុជាមានដូចជា៖ ដែនជម្រកសត្វព្រៃសៀមប៉ាងនៃខេត្តស្ទឹងត្រែង, ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ, ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ, ដែនជម្រកសត្វលំផាត់ក្នុងខេត្តរតនគិរី។
លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា សុវត្ថិភាពរបស់វត្តមានសត្វត្មាតនៅកម្ពុជា ឈានទៅរកភាពល្អប្រសើរ តាមរយៈការពារតំបន់ផ្តល់ជម្រក ប្រភពចំណី និងចំណេះដឹងរបស់ប្រជាសហគមន៍រស់នៅក្បែរតំបន់ការពារធម្មជាតិ ដូចជាការមិនប្រើថ្នាំបំពុលទៅលើសត្វ ដំណាំកសិកម្ម ការមិនដាក់អន្ទាក់ចាប់សត្វព្រៃ ជាដើម។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា មន្ទីរបរិស្ថានដែលមានឧទ្យានុរៈបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គការដៃគូ ចុះល្បាត និងអនុវត្តច្បាប់ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដោយជាលទ្ធផលកត់សម្គាល់ឃើញថា បទល្មើសទៅលើធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃមានការថយចុះយ៉ាងច្រើន។ ការថយចុះនៃបទល្មើសនេះនដោយសារកត្តាពង្រឹងច្បាប់និងការបង្កើនការចុះល្បាត ការចុះផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋ
សូមបញ្ជាក់ថា សត្វត្មាត ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន ដោយសារវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន និងនាំចំណូលសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈភ្ញៀវទេសចរបង់កម្រៃចូលទស្សនានៅក្នុងតំបន់ធម្មជាតិ ដែលត្រូវបានការពារ។ ប៉ុន្តែ ពួកវា ត្រូវបានរាយការណ៍ថា ប្រឈមមុខនឹងការគំរាមកំហែងសំខាន់ៗជាច្រើនរួមមាន៖ ការបាត់បង់ទីជម្រក ការពុល ថ្នាំពេទ្យសត្វ កង្វះអាហារ។ ជាមួយគ្នានេះ បញ្ហាសេនេទិចចង្អៀត ក្នុងចំណោមសត្វត្មាត ដែលអាចបន្តពូជបាន ត្រូវបានលើកឡើងផងដែរ ទាក់ទងនឹងការខ្សោយក្នុងការប្រឆាំងនឹងជំងឺ និងបង្កឱ្យធ្លាក់ចុះនូវសត្ថភាពបង្កកំណើតរបស់ត្មាត៕









-
ព័ត៌មាន12 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS1 day agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ