កីឡា
ការសម្ដែងក្បាច់គុនរួមគ្នារវាងល្បុក្កតោ-សៅលិញ បញ្ជាក់ពីទំនាក់ទំនងល្អកម្ពុជា-ចិន តាំងពីអតីតកាល ដល់បច្ចុប្បន្ន
លោក អួរ តា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានចាត់ទុកការសម្ដែងក្បាច់គុនរួមគ្នាជាថ្មី រវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ គឺជាការបញ្ជាក់នូវអត្ថន័យនៃទំនាក់ទំនងដ៏ល្អក្នុងប្រវត្តិសាស្ដ្រកម្ពុជា-ចិន ហើយក៏ជាការលើកកម្ពស់គុណតម្លៃ និងការផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនបុរាណខ្មែរឲ្យកាន់តែល្បីល្បាញផងដែរ។

ការបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី ៧រូប ចូលរួមការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នៅទីក្រុងចឹងចូវ សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំ និងរៀបចំរបស់ក្រសួងទេសចរណ៍ កាលពីដើមសប្ដាហ៍កន្លងទៅ។

លោក អួរ តារា បន្ដថា តាមរយៈព្រឹត្តិការណ៍សម្ដែងក្បាច់គុននេះ ពិតជាផ្ដល់នូវគុណតម្លៃសម្រាប់កម្ពុជាទាក់ទងនឹងសិល្បៈក្បាច់គុន ពិសេសគុនល្បុក្កតោ ដែលជាផ្នែកមួយដ៏ធំនៃវប្បធម៌របស់កម្ពុជា និងត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ លោកថា ក្នុងប្រវត្តិសាស្ដ្រ ក្រៅពីទំនាក់ទំនងប្រជាជន និងក្រៅពិទំនាក់ទំនងកាទូត កម្ពុជា-ចិន ក៏ធ្លាប់មានទំនាក់ទំនងផ្នែកក្បាច់គុន ក្នុងផ្នែកយោធាផងដែរ ។ ដូច្នេះការសម្ដែងក្បាច់គុនរួមគ្នា រវាងគុនល្បុក្កតោ និងក្បាច់គុនសៅលិញ នេះ ពិតជាបានបញ្ជាក់នូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាល ដល់បច្ចុប្បន្ន និងការរឹតចំណងមិត្តភាពកាន់តែល្អិតរមួតថែមទៀត ។
គួរដឹងថា ក្រៅពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក្បាច់គុនល្បុក្កតោ ដែលជាសិល្បៈក្បាច់គុនអត្ដសញ្ញាណជាតិ ត្រូវបានជំរុញ និងលើកកម្ពស់ជាខ្លាំង តាមរយៈសកម្មភាពសម្ដែងក្នុងវេទិកាផ្សេងៗ ទាំងកម្រិតជាតិ និងអន្ដរជាតិ ជាក់ស្ដែងការសម្ដែងរួមគ្នា រវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងរយៈពេលចុងក្រោយ បានធ្វើឲ្យប្រជាជនចិន ក៏ដូចជាអន្ដរជាតិ មានការស្ងើចសរសើរ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះក្បាច់ដ៏រស់រវើក ហើយបានទាក់ទាញឲ្យពួកគេចង់មកទស្សនចម្លាក់ក្បាច់គុន ដែលបានចារតាមជញ្ជាំងប្រាសាទបុរាណនៅកម្ពុជាទៀតផង ។ នេះគឺជាចលកមួយដ៏សំខាន់ ក្នុងការជំរុញការអភិរក្ស និងអភិវឌ្ឍន៍ មរតកក្បាច់គុនបុរាណខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរនេះ៕ អត្ថបទ លី ឈុនឡា













-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ