ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាបានអំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាពពិភពលោក
(ទីក្រុងសេអ៊ូល) នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) ក្រោមប្រធានបទ “ការកសាងសាមគ្គីភាពជាសាកលៈ ពង្រឹងសន្តិភាព និងវិបុលភាពរួមតាមរយៈកិច្ចសន្ទនាអន្តរសភា” នៃកិច្ចប្រជំកំពូលឆ្នាំ២០២៥ UPF នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach” ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទំនាក់ទំនងការទូតសភា ដោយបានចង្អុលបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព។ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ព្រឹត្តិការណ៍នេះបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកល ដែលទទួលបានការគាំទ្រពីសភាទូទាំងពិភពលោក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអភិបាលកិច្ចកណ្តាល និងគោលនយោបាយការបរទេស។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសាកលជាថ្មី ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់លើគោលគំនិតនៃ “ពហុវិបត្តិ Polycrisis” ដែលរួមមាន ការប្រឈមផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខ ជាដើម ទាមទារឱ្យមានការឆ្លើយតបជាសកល តាមរយៈកិច្ចសហការរួមគ្នា។ សម្តេចប្រធានបានកត់សម្គាល់ថា ខណៈពេលដែលតម្រូវឱ្យមានកិច្ចសហការគ្នាក្នុងការដឹកនាំកាន់តែសំខាន់បំផុតនោះ បែរជាសង្កេតឃើញមានកិច្ចសហការគ្នារវាងប្រទេសនិងប្រទេសបែរជាមានភាពថមថយទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្តឱ្យមានអភិបាលកិច្ចសកល ផ្អែកលើការជឿទុកចិត្ត ដោយផ្អែកលើលទ្ធផល និងយុទ្ធសាស្រ្តដោយផ្តោតលើប្រជាជន។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិ និងអន្តរជាតិ អាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ។ សម្តេចប្រធានរដ្ឋសភា បានជំរុញថា នយោបាយការបរទេសគួរតែត្រូវស្របទៅនឹងនយោបាយជាតិដើម្បីផ្ជាប់គម្លាតដែលមានក្នុងពេលច្ចុប្បន្ន។ នៅថ្នាក់ជាតិ និយមកណ្តាលផ្តល់នូវក្របខណ្ឌប្រកបដោយតុល្យភាព ដែលធ្វើឱ្យមានសុខុដុមនីយកម្មនៃសកលភាវូបនីយកម្មជាមួយមូលដ្ឋាននិយម និងសិទ្ធិរបស់ស៊ីវិលជាមួយនឹងសន្តិសុខ ដោយហេតុនេះការលើកកម្ពស់អភិបាលកិច្ចរួមបញ្ចូល។ នៅលើឆាកអន្តរជាតិ គោលនយោបាយនិយមកណ្តាលបានផ្តោតលើដំណោះស្រាយជាក់ស្តែង និងភាពជាដៃគូដែលមានគោលបំណងរួម ដែលអាចកសាងទំនុកចិត្តឡើងវិញក្នុងកិច្ចសហការអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា ក៏បានរំលេចមេរៀនប្រវត្តិសាស្ត្រ ដោយបានកត់សម្គាល់ថា ភាពជាដៃគូជាក់ស្តែង ដោយផ្តោតលើលទ្ធផល អាចនាំទៅរកលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមចំណែកដល់សន្តិភាព ការអភិវឌ្ឍ និងអភិបាលកិច្ចសកល។ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តថ្នាក់ដឹកនាំសភា ដែលចូលរួមក្នុងកិច្ចប្រជុំនេះទទួលយកវិធីសាស្រ្តកណ្តាលនិយម និងគាំទ្រដល់ភាពជាដៃគូជាក់ស្តែងលើភាពរឹងប៉ឹងនៃមនោគមវិជ្ជា។
សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទៅអនាគត គេបានទទួលស្គាល់ពីបញ្ហាប្រឈមនានានៅខាងមុខ ក៏ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើទំនុកចិត្ត។ សម្តេចរដ្ឋសភាធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រកាន់យកនូវវិធីសាស្រ្តកណ្តាលនិយម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ដោយអះអាងថា តាមរយៈការទប់ស្កាត់ភាពជ្រុលនិយម និងទទួលយកលទ្ធិនិយមកណ្តាល ប្រទេសនានាអាចបង្កើតផ្លូវសហប្រតិបត្តិការឆ្ពោះទៅមុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ។
សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា “យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ”៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា