Connect with us

ព័ត៌មាន

លោកជំទាវនាយករដ្ឋមន្ត្រីថៃបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃដោយជោគជ័យ និងផ្លែផ្កា

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសថៃវិញ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ លោកជំទាវនាយករដ្ឋមន្ត្រី ថៃ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជំនួបទ្វេភាគីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងអញ្ជើញធ្វើបដិសណ្ឋារកិច្ចផ្លូវការប្រកបដោយកិត្តិយសជូន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ នៅវិមានសន្តិភាព។

នៅក្នុងជំនួបទ្វេភាគីនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ថាមពល សន្តិសុខនិងការពារជាតិ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម (Complementary SEZ) នៅតាមបណ្តោយព្រំដែន។

ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។ ស្របពេលឆ្នាំ២០២៥នេះជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្តែងការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាបក៏ដូចជាគម្រោងសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាណង់អ៊ាន) នាពេលខាងមុខ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាសម្តេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវនាយករដ្ឋមន្ត្រីថៃ នៅកម្ពុជានៅពេលនេះ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ភាគីទាំងពីរដាក់ចេញនូវសកម្មភាពគន្លឹះ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងជំរុញការផ្លាស់ប្តូរឱ្យកាន់តែជិតស្និទ្ធរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្តេចធិបតី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការចំពោះពលករកម្ពុជា ដោយអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងប្រគល់ជូនកម្ពុជាវិញនូវវត្ថុបុរាណចំនួន ២០ទេវរូប ដែលត្រូវបានរឹបអូសពីជនទុច្ចរិត ជាពិសេស ប្រទេសថៃដែលមិនអនុញ្ញាតឱ្យជនណាប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា ចំណែកកម្ពុជាក៏អនុវត្តគោលការណ៍ដូចគ្នាដែរ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់វិនិយោគិននិងធុរជនថៃ ចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពុជា ការបង្កើតនូវយន្តការនិងគំនិតផ្តួចផ្តើមបំពេញបន្ថែមផ្សេងៗទៀត ដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគ ការតភ្ជាប់ប្រជាជននិងប្រជាជន ការប្តេជ្ញាចិត្តជាថ្មីក្នុងក្របខ័ណ្ឌ “ព្រះរាជាណាចក្រ២ គោលដៅតែ១” និងគំនិតផ្តួចផ្តើម “ប្រទេស៦ គោលដៅតែ១” ជាដើម។

ចំពោះវិស័យសន្តិសុខ ប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមដែលមានស្រាប់ ក្នុងនោះការចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។ ចំពោះបញ្ហាព្រំដែន កម្ពុជាបានគូសបញ្ជាក់ពីសារសំខាន់នៃការកសាងព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ដោយប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសក្នុងចំណោមបណ្តាអង្គភាពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាដើម។

ចំណែក លោកជំទាវនាយករដ្ឋមន្រ្តីថៃ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ក៏បានលើកឡើងពីការពង្រឹងភាពជាដៃគូផ្នែកសន្តិសុខ ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយោធា ការពង្រឹងភាពជាដៃគូនៃកងនគរបាលក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ និងការបន្តលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃ ការពង្រឹងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរព័ត៌មាន និងកសាងសមត្ថភាពការប្រឆាំងនឹងការបំពុលខ្យល់ ការបង្កើនល្បឿនការអភិវឌ្ឍនៅតាមតំបន់ព្រំដែន និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពិសេសនៅតាមព្រំដែននៃប្រទេសទាំងពីរ ពន្លឿនកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកទ្វេភាគី ការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីបង្កើនទំហំពាណិជ្ជកម្មពី ១០ពាន់លានដុល្លារអាម៉េរិកឱ្យដល់ ១៥ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៧។

លោកជំទាវ ក៏បានលើកឡើងពីការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងឆ្លងដែនក្នុងគោលដៅទេសចរណ៍ ការធានា និងពង្រឹងនីតិវិធីនៃការជ្រើសរើសពលករស្របច្បាប់កម្ពុជា ដើម្បីទទួលបាននូវសុខុមាលភាព និងផលប្រយោជន៍សមស្រប និងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជនជាមិត្តភាពនិងការយល់ដឹង ជាពិសេស ក្នុងចំណោមយុវជននៃប្រទេសទាំងពីរ ជាដើម។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើកិច្ចការអាស៊ាន និងតំបន់សំខាន់ៗ ដូចជា ការជំរុញប្រទេសទីម័រឡេស្តឱ្យចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៥នេះ និងតួនាទីសំខាន់របស់អាស៊ានក្នុងការជួយប្រទេសមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់នៃការឯកភាពនិងមជ្ឈភាពរបស់អាស៊ាន ជាពិសេសក្នុងបរិការណ៍នៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។ សម្រាប់ទិសដៅបន្ត ភាគីទាំងពីរបានឯកភាពនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រឱ្យឈានដល់កម្រិតកាន់តែខ្ពស់បន្ថែមទៀត ដើម្បីនាំមកនូវកំណើន សុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានអញ្ជើញធ្វើជាសហអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៧រួមមាន ១. កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្មរវាងប្រទេសទាំងពីរ ២. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ៣. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ៤. កិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណង់អ៊ាន) ៥. កិច្ចព្រមព្រៀងស្តីពីការសាងសង់ស្ពានព្រំដែន (ផ្សារព្រំ-បានផាកាត) ៦. កំណត់ហេតុស្ដីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធលទ្ធភាពលើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) និង៧. លិខិតប្ដូរសារស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។

ក្នុងអំឡុងនៃដំណើរទស្សនកិច្ចផ្លូវការនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានអញ្ជើញសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ដើម្បីរំលេចនូវទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងជាមិត្តភាពរបស់ប្រទេសទាំងពីរ។

ជំនួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានចាត់ទុកវត្តមានរបស់ លោកជំទាវនាយករដ្ឋមន្ត្រី ដែលស្របខួបអនុស្សារីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នឹងញ៉ាំងឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀត។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានអបអរសាទរចំពោះការពិភាក្សាគ្នាប្រកបដោយផ្លែផ្ការវាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដោយមានការចុះហត្ថលេខារួមគ្នាលើឯកសារសំខាន់ៗជាច្រើន។ សម្តេចតេជោប្រធានព្រឹទ្ធសភា រំពឹងថា ភាគីទាំងពីរនឹងខិតខំធ្វើកិច្ចការងារជាមួយគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងជាមួយគ្នា ដែលបច្ចុប្បន្នជាដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។

នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីរីករាយនិងពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ដែលត្រូវបានបន្តថែរក្សា ពូនជ្រំ និងរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ៧៥ឆ្នាំ មកនេះ និងឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលថៃសម្រេចបាននៅក្រោមការដឹកនាំរបស់ លោកជំទាវ ដែលជានាយករដ្ឋមន្រ្តី ក្នុងនាមជាអ្នកនយោបាយស្រ្តីវ័យក្មេងដែលមានភាពវាងវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ មានមូលដ្ឋានទូលំទូលាយ និងត្រូវបានជំរុញដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ក៏ដូចជាការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងសង្គមស៊ីវិល ផងដែរ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃ ក៏បានអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ធ្វើឡើងតែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវនាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា ក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀត សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងនយោបាយការទូតរបស់ខ្លួន ដោយកសាងបានទំនាក់ទំនងល្អ និងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្តនៅគ្រប់ជ្រុងជ្រោយនៃពិភពលោក។ ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលថៃ ក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia