ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាផ្តល់អនុសាសន៍៦ចំណុច ជូនអង្គសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០ ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD)
គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានសហការជាមួយក្រសួងផែនការ និងទទួលបានការគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងអភិវឌ្ឍន៍ (UNFPA) បានរៀបចំសិក្ខាសាលាសភា ស្តីពី“ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្លឿនការអនុវត្តផែនការសកម្មភាពស្តីពី ប្រជាជន និងការអភិវឌ្ឍ (ICPD)» នៅវិមានរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញមានប្រសាសន៍បើកសិក្ខាសាលានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវអនុសាសន៍ចំនួន៦ចំណុច ជូនអង្គសិក្ខាសាលា សម្រាប់ការពិចារណានិងពិភាក្សាគ្នា សំដៅរួមគ្នាស្វែងរកនូវវិធីសាស្ត្រ និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ ក្នុងការអនុវត្តផែនការសកម្មភាព ICPD ក៏ដូចជាឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ ដែលក្នុងនោះមានគោលដៅពាក់ព័ន្ធសំខាន់ៗ ដូចជា ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាពមាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ កំណើនសេដ្ឋកិច្ច និងភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាដើមនោះ។
អនុសាសន៍ទំាង៦ចំណុចរបស់សម្តេចប្រធានរដ្ឋសភា មានដូចជា៖
– ទីមួយ៖ ស្នើដល់គណៈកម្មការទី ៨ និងគណៈកម្មាការពាក់ព័ន្ធនានា នៃ រដ្ឋសភាបន្តបំពេញតួនាទីតាមដានត្រួតពិនិត្យច្បាប់ និងគោលនយោបាយឱ្យបានខ្ជាប់ខ្ជួន ដោយសហការដោយជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការពិសេស ដែលមានរួមបញ្ចូល ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការដៃគូ និងសង្គមស៊ីវិល ដើម្បីលើកកម្ពស់ការអនុវត្តផែនការសកម្មភាព ICPD និងគោលនយោបាយពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព។
– ទីពីរ៖ សូមលើកទឹកដល់ក្រសួងផែនការ និងគណៈកម្មាធិការពិសេស យកចិត្តទុកដាក់ដល់ការប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនជាប្រចាំ ដើម្បីជាមូលដ្ឋាន សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ការតាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពគោលនយោបាយនិងកម្មវិធីនានា។ ទិន្នន័យស្ថិតិអាចជួយដល់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដឹងពីបម្រែបម្រួលប្រជាសាស្ត្រ តម្រូវការធនធាន និងផលប៉ះពាល់ នៃ គោលនយោបាយ និងអន្តរាគមន៍នានា ដែលនាំមកនូវលទ្ធផលនៃ ការអភិវឌ្ឍមានប្រសិទ្ធភាព និងសមធម៌។
– ទីបី៖ យើងត្រូវបន្តពង្រឹងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយ លើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងភាពជាដៃពហុភាគីនៅកម្រិតជាតិ តំបន់ និងសកល ដើម្បីជំរុញកម្មវិធីសកម្មភាព ICPD សម្រេចបានតាមគោលដៅ។ យើងចាំបាច់ត្រូវកៀរគរធនធាន បន្ថែមទៀត ដោយពង្រឹងកិច្ចសហការគ្នាជិតស្និទ្ធរវាងតួអង្គពាក់ព័ន្ធ និងស្រូបយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងគំនិតនវានុវត្តន៍នានា ដើម្បីផ្តល់ដំណោះស្រាយលើបញ្ហាប្រជាជននិងការអភិវឌ្ឍ ក៏ដូចជាការ លើកកម្ពស់អភិបាលកិច្ចដោយផ្តោតលើប្រជាជន។
– ទីបួន៖ យើងត្រូវធានាថា គោលការណ៍នៃសមភាព យុត្តិធម៌ សិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់មនុស្ស ត្រូវបានប្រើប្រាស់ធ្វើជាមាគ៌ាក្នុងការរៀបចំ និងការអនុវត្តគោលនយោបាយ។ ក្នុងន័យនេះ យើងត្រូវជំរុញ ផ្តល់ឱកាស និងផ្តល់ភាពអង់អាចដល់ប្រជាជនដែលងាយរងគ្រោះ ដើម្បីជួយពួកគេ ឱ្យទទួលបានភាគលាភពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជាពិសេស ការកាត់បន្ថយហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះមហន្តរាយ និងផលប៉ះពាល់នានា។
– ទីប្រាំ៖ បន្តជំរុញយុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង ឱ្យកាន់តែសកម្ម ដើម្បីចូលរួមចំណែក ដល់ការរក្សាមូលធន មនុស្សដ៏ល្អ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ សុខភាពល្អ ប្រកបដោយក្រមសីលធម៌ ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងក្របខ័ណ្ឌ ICPD និងសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ឡើយ។ និង
– ទីប្រាំមួយ៖ លើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត តាមរយៈការវិនិយោគសាធារណៈ ឬការកៀរគរធនធានពីប្រភពនានា ដើម្បីពង្រឹងវិស័យសុខាភិបាល និងការថែទាំ និងលើកកម្ពស់ សុខភាព និងសុខុមាលភាពមនុស្សចាស់ជរា។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចំបង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលបានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០ លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកល ឱ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។ រហូតមកដល់ពេលនេះ ប្រជាជនមានបណ្ណ សមធម៌ មានចំនួនប្រមាណ ៤ លាននាក់ ដែលស្មើនឹង ៣០,០៧% និង បណ្ណ ប.ស.ស. មាន ១៩,៣៦% ហើយការចំណាយលើរបប សន្តិសុខសង្គមចំនួន ប្រមាណ ៥៧៤ លានដុល្លារអាមេរិក និងប្រព័ន្ធ គាំពារសង្គម ប្រមាណ ២៨៥ លានដុល្លារអាមេរិក។ លើសពីនេះ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥ លាននាក់។
សម្តេចក៏បានលើកឡើងផងដែរថា កម្ពុជាពិតជាមានមោទនភាព ដែលទទួលបានចំណាត់ថ្នាក់លេខ១ លើគោលនយោបាយពន្យារកំណើតអាស៊ីប៉ាស៊ី ហ្វិក (Asia Pacific Contraceptive Policy Atlas) ឆ្នាំ២០២៣ ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់របស់ កម្ពុជាក្នុងការធានាលទ្ធភាពទទួលបានជាសកល ចំពោះការធ្វើផែនការគ្រួសារ និងសេវាសុខភាពបន្តពូជ។ លើសពីនេះ កម្ពុជាក៏មានវឌ្ឍនភាព ល្អប្រសើរក្នុងការផ្តល់អំណាចដល់យុវជន លើការអប់រំផ្លូវភេទដ៏ទូលំទូលាយ ការលុបបំបាត់ ទប់ស្កាត់ និងឆ្លើយតបគ្រប់ទម្រង់នៃអំពើហិង្សាយេនឌ័រ និងការរើសអើសអើងលើស្ត្រី និងកុមារីផងដែរ៕

-
ព័ត៌មាន5 days ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន7 days ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន3 days ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន7 days ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន7 days ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន7 days ago
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ
-
ព័ត៌មាន5 days ago
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន1 week ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន