Connect with us

ព័ត៌មាន

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ក្នុងនីតិកាលទី៧ ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទី​របស់ក​ម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ជូនប្រជាពលរដ្ឋ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាស​ន៍​ថា នៅក្នុងនីតិកាលទី៧នេះ ការទូតសភាជាការងារអាទិភាពមួយរបស់រដ្ឋសភា ដែល​បាន​ដើរ​ស្របជាមួយនឹងស្ថាប័នព្រឹទ្ធសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចូលរួមលើកកម្ពស់  តួនាទីរបស់កម្ពុជា ជាពិសេសសភាកម្ពុជា ក្នុងទំ​នាក់​ទំនង​ការ​ទូតសភាដែលមានភាពកាន់តែសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និង​វិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រទេស ជាដើម​ក្នុង​ការ​នាំ​មក​នូវ​ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុង​ឱកាស​អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ បើកសិក្ខាសាលាស្តីពី “លទ្ធផល​នៃ​ការងារ​ការ​បរទេស​របស់​កម្ពុជា និង​សភាព​ការណ៍​អន្តរជាតិ​” ដែលសហការរៀបចំឡើងដោយគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការ​អន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅ​វិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​៣០០​នាក់ មកពីស្ថាប័នពាក់ព័ន្ធមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម។

លទ្ធផលសំខាន់នៃការងារការទូតសភាក្នុងពេលកន្លងមកថ្មីៗនេះ គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្ល​ង​ទៅនេះសភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បី​ភាពអត់ឱន និងសន្តិភាព (IPTP) ដោយបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែល​ជា​គំនិត​ផ្តួច​ផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកល។ ធម្មនុញ្ញស​ន្តិភាព​សាក​លដែ​ល​ជា​ការ​ផ្តួច​ផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជានោះ ទទួល​បាន​ការ​គាំទ្រ​ពី សភាទូទាំងពិភពលោកជិត ៥០ប្រទេស។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ក្នុងបរិបទដែល​សកល​លោក​កំពុង​ប្រឈម​បញ្ហា​ស្មុគ​ស្មាញ ដែលស្មានមិនត្រូវ ប្រែប្រួលយ៉ាងឆាប់រហ័សនោះ កម្ពុជានៅតែ​មាន​ជំហរ​រឹង​ប៉ឹង​មាន​ការ​ប្ដេជ្ញាចិត្ត ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជា​អចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយបន្តរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និង​បង្កើន​ភាព​ជាដៃគូជាមួយប្រទេសនានា ដោយផ្អែកលើច្បាប់អន្តរជាតិ និងផល​ប្រយោជន៍​ស្នូល​របស់​ជាតិ។ ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារ​ការ​កើន​ឡើង​នូវ​ភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមន៍វិជ្ជា គឺ​ទាម​ទារ​ចាំបាច់ឱ្យមានការចូលរួមនិងការបំពេញគ្នាទៅវិញទៅមករវាងការទូតរាជរដ្ឋាភិបាល និង​ការ​ទូតសភា ដែលជាការទូតរដ្ឋប្រកបដោយបរិយាប័ន្ន និងសន្តិភាព ដែលមានលក្ខណៈ បើក​ចំហរ និងជាច្រកនៃការរក្សាកិច្ចសន្ទនា ជាមួយគ្នានេះ ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំង​ជាតិ និងអន្តរជាតិ សម្រាប់ស្តារនូវទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ និងមិត្ត​ភាព​ស្មោះ​ត្រង់​។

បច្ចុប្បន្ន កម្ពុជាបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ទាំង​ក្នុង​ផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា តាមរយៈ​ទំនាក់​ទំនងទ្វេភាគី កម្ពុជាបានពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសដៃគូសំខាន់ៗ ដើម្បី​ជំរុញកិច្ចពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហការផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសន្តិសុខ។ ជាមួយ​គ្នានេះ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាថ្នាក់តំបន់ និង​ក្រប​ខ័ណ្ឌ​អង្គការសហប្រជាជាតិ បានជួយកម្ពុជា ឱ្យមាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​រួម​ចំណែក​បន្ថែម​លើ​សេដ្ឋកិច្ច និងសន្តិភាពអន្តរជាតិ។

ក្នុងសន្ទរកថា​ស្វាគមន៍ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបទេស សហ​ប្រតិបត្តិ​ការ​អន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានគូសបញ្ជាក់ថា សភាពការណ៍អន្តរជាតិបច្ចុប្បន្ន នៅ​ក្នុង​ទសវត្សចុងក្រោយនេះ មានភាព តានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ ការ​ប្រកួតប្រជែង ភូមិសាស្ត្រ និងបច្ចេកវិទ្យា ហើយថ្មីៗ​នេះ​សង្គ្រាម​ពាណិជ្ជ​កម្ម​បាន​និង​កំពុង​អង្រួន ស្ថានភាពរបស់ពិភពលោកកាន់តែរញ្ជួយមួយកម្រិតទៀត។ ជម្លោះប្រដាប់អាវុធ ដែល​កំពុង​កើត​ឡើងនៅក្នុងតំបន់នីមួយៗទាំងប្រពៃណី និងមិនប្រពៃណី សុទ្ធតែបាន​បំផ្លាញ​ដល់​សន្តិសុខ​មនុស្សជាតិ មិត្តភាព កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ពិភពលោក ជាពិសេ​ស​ធ្វើ​ឱ្យ​ប៉ះពា​ល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងកំណើនសេដ្ឋកិច្ច ពិភពលោក ជា​ពិសេស​បង្ក​ឱ្យ​អត្រានៃភាពក្រីក្ររបស់ប្រជាជន តាមប្រទេស មួយចំនួនមានការកើនឡើង។ ទាំង​នេះ​បាន​បង្ក​ជា​ឧបសគ្គដល់ការសម្រេចនូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គ​ការ​សហ​ប្រជា​ជាតិ ឆ្នាំ២០៣០។

ឯកឧត្តមប្រធានគណៈកម្មការរដ្ឋសភា បានគូសបញ្ជាក់ថាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភាបាននិងកំពុងពួតដៃគ្នាជាមួយគ្រប់តួអង្គ ពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹង បញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ សិក្ខាសាលា និងវេទិកា សន្ទនាផ្សេងៗ ដើម្បីប្រមូល និងផ្តល់នូវធាតុចូល មតិយោបល់ និងអនុសាសន៍ សម្រាប់គោលនយោបាយយុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងឡាយប្រកបដោយប្រសិទ្ធភាព។ ក្នុងតួនាទីដែលកម្ពុជាជាអ្នកដឹកនាំវេទិកា និងកិច្ចប្រជុំអន្តរជាតិនានា បានខិតខំបញ្ចូលនូវផលប្រយោជន៍របស់កម្ពុជា ទៅក្នុងសេចក្តីសម្រេចនានា របស់វេទិកាទាំងនោះ សំដៅទៅលើគោលនយោបាយ ដែលមានលក្ខណៈបរិយាប័ន្ន បើកចំហរ និងអាចអនុវត្តបាន។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា កាលពីដើមខែមីនាថ្មីៗនេះ ក្នុងសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការបរទេសបានសម្រេច ពិនិត្យ និងរៀបចំឡើងវិញនូវការងារធំៗទាំងឡាយដែលចាប់តាំងពីឆ្នាំ២០១៨មក បានបម្រើ ជាមគ្គុទ្ទេសន៍សម្រាប់ការងារការទូតរបស់កម្ពុជា។ ការរៀបចំឡើងវិញនេះត្រូវបាន សម្តេចធិបតីនាយករដ្ឋមន្ត្រី គាំទ្រ លើកទឹកចិត្ដ និងផ្តល់អនុសាសន៍បន្ថែម ដើម្បីការពារដោយ ម៉ឺងម៉ាត់បំផុតនូវអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យនយោបាយ ការពារនិងលើកស្ទួយមុខមាត់កិត្យានុភាព ផលប្រយោជន៍គោលរបស់ជាតិ និងពលរដ្ឋកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាទិភាព របស់ក្រសួងនឹងផ្ដោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងការពង្រីក ទំនាក់ទំនងថែមទៀតជាមួយដៃគូថ្មីតាមទិសស្លោក «ពង្រីកមិត្តខាងក្រៅ កែទម្រង់ខាង ក្នុងដោយឈរលើស្មារតីឯករាជ្យ» និងដោយ “ប្រកាន់នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ»។ កម្ពុជានឹងបន្តគាំទ្រ និងចូលរួមវិភាគទាន តាមច្រើនបំផុតដែលអាចធ្វើទៅបាន ក្នុងការពង្រឹងពហុភាគីនិយម សណ្ដាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ រួមចំណែកដល់សន្តិភាពនៅលើពិភពលោក និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិយើងលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាក៏នឹងបន្តចូល រួមយ៉ាងសកម្មក្នុងការ កសាងសហគមន៍អាស៊ាន ពង្រឹងមជ្ឈភាព សាមគ្គីភាព ឯកភាព អាស៊ាន និងដើរតួនាទីជាសមាជិកដ៏សកម្មបំផុតមួយរបស់អាស៊ាន អ្នកការទូតរបស់ យើងនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ការពារ និងលើកស្ទួយកិត្យានុភាពជាតិ តាមរយៈការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ក៏ដូចជាការទូត សាធារណៈ ដែលក្រសួងទើបបង្កើតថ្មី។ កំណែទម្រង់ផ្ទៃក្នុងក៏នឹងត្រូវបន្ត គុណភាព សមត្ថភាព កម្រិតវិជ្ជាជីវៈ និងភាពវៀងវៃរបស់អ្នកការទូតក្នុងការពិគ្រោះយោបល់ ចរចា បកស្រាយ ការពារនយោយបាយ និងជំហររបស់រដ្ឋាភិបាលយើងនឹងត្រូវសម្រួចថែមទៀត ដើម្បីសម្រេច នូវបេសកកម្មដ៏ថ្លៃថ្នូរខាងលើនេះ។

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការងារការបទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ» ជាកាលានុវត្តភាពសម្រាប់កិច្ចសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីពិនិត្យលើវឌ្ឍនភាពគោលនយោបាយការបរទេសរបស់កម្ពុជា សម្រាប់បរិបទពិភពលោកដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងប្រឈមនឹងបញ្ហាជាច្រើន។ សិក្ខាសាលានេះ ជាវេទិកាមួយក្នុងចំណោមសិក្ខាសាលាជាច្រើន ដែលបានរៀបចំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៥នេះ ដែលសភាកម្ពុជា បានរៀបចំឡើងជាមួយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិនៅក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពឡើង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ បាននិងកំពុងពួតដៃជាមួយគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ សិក្ខាសាលា និងវេទិកាសន្ទនាផ្សេងៗ ដើម្បីប្រមូលនិងផ្តល់នូវធាតុចូល មតិយោបល់ និងអនុសាសន៍សម្រាប់គោលនយោបាយ យុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយប្រកបដោយប្រសិទ្ធភាព និងជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia