ព័ត៌មាន
អ្នកនាំពាក្យក្រសួងសាធារណការ៖ ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅចុងសប្តាហ៍នេះហើយ
ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ចុងសប្តាហ៍នេះហើយ។

ឯកឧត្ដម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារបានធ្វើសកម្មភាពនៅតំបន់ចុងទី ដោយបានចុះបោះបង្គោលនិយាមកាដំបូងលើផ្ទៃសមុទ្រ(ខេត្តកែប) បានដោយជោគជ័យ។ ក្រុមការងារនឹងបន្តបោះបន្ថែមទៀត ទៅតាមផែនការ និងតាមគោលដៅ ដែលបានគ្រោងទុកនៅលើផ្ទៃសមុទ្រ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោបានដោយជោគជ័យតាមកំណាត់ ឆ្លងកាត់ំ់ភូមិសាស្ត្រខេត្តនីមួយៗ ក្នុងនោះរួមមាន៖

កំណាត់ទី១ប្រវែងជាង២១គីឡូម៉ែត្រ ពីចំណុចដើមទី នៃតំបន់ព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍(ទន្លេបាសាក់) ក្នុងភូមិស្រ្តាខេត្តកណ្តាលចំនួន ១៥៥បង្គោល។ កំណាត់ទី២ ពីចំណុចព្រែកតាហ៊ីង(ទន្លេបាសាក់) ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តតាកែវចំនួន ២៣២បង្គោល, ខេត្តតាកែវចំនួន ៥៥២បង្គោល ,ខេត្តកំពតចំនួន ៨០១បង្គោល និងខេត្តកែបមានចំនួន១៨០បង្គោល ដោយសរុបទាំងអស់មានចំនួន១៩២០បង្គោល។
ដំណាក់កាលបន្ទាប់ ក្រុមការងារដោះស្រាយផលប៉ះពាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះវាស់វែងក្បាលដីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដោយមិនឱ្យបងប្អូនប្រជាពលរដ្ឋណាមួយបាត់បង់ផលប្រយោជន៍ឡើយ។
គម្រោងព្រែកជីហ្វូណនតេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។
ផ្លូវទឹកមួយខ្សែនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង៥៤គ.ម ខេត្តតាកែវប្រវែង ៦០គ.ម ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។
ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
នៅពេលគម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនង និងការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីការដឹកជញ្ជូន គម្រោងនេះរួមបញ្ចូលការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត និងកសិកម្ម ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ ហើយត្រូវបានរំពឹងថានឹងបង្កើនផលិតភាពកសិកម្មតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។ បន្ថែមពីនេះ វាក៏នឹងជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗ នៅទូទាំងកម្ពុជា ទៅកាន់តំបន់ និងពិភពលោក ជាអាទិ៍រួមមាន៖ ឧស្សាហកម្ម, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែ។
គួររម្លឹកដែរថា គម្រោងដ៏ធំសម្បើមនេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្នគម្រោងនេះ បាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គម្រោងនេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមានការចូលរួមគាំទ្រយ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោងព្រែកជីកនេះ ត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕








-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប