ព័ត៌មាន
ក្រសួងរៀបចំដែនដី៖ ការរំលំអគារអង្គរមានជ័យ ដើម្បីសង្គ្រោះជីវិតមនុស្ស ខណៈការដោះស្រាយសំណងតាមទីផ្សារ
ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការសម្រេចរំលំអគារអង្គរមានជ័យ ស្ថិតនៅក្នុងខណ្ឌ៧មករា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយសារអគារនេះមានសភាពចាស់ទ្រុធទ្រោមខ្លាំង ខណៈការដោះស្រាយសំណងវិញ គឺធ្វើតាមតម្លៃទីផ្សារ។
ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងការសម្រេចចិត្តផ្ដួលរំលំអគារអង្គរមានជ័យ ស្ថិតក្នុងខណ្ឌ៧មករា និងទាំងការដោះស្រាយសំណងជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងអគារដ៏ចាស់ទ្រុធទ្រោមនេះ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ បូរិន បានមានប្រសាសន៍ថា អគារអង្គរមានជ័យ ជាអគារសហកម្មសិទ្ធ ដែលរដ្ឋផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋរស់នៅតែមិនផ្តល់កម្មសិទ្ធលើដីនោះទេ ដោយក្រសួងរៀបចំដែនដី បានចាប់ផ្តើមដំណើរការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋទាំង ៦៥គ្រួសារ អស់រយៈពេល ១៤ខែហើយ ដែលជាលទ្ធផល ៦២គ្រួសារ បានឯកភាពទទួលយកសំណងចាកចេញ ទៅរស់នៅទីកន្លែងថ្មី មានសុវត្ថិភាព ១គ្រួសារ ស្នើសុំអភិវឌ្ឍនៅនឹងកន្លែង និង២គ្រួសារ រួមទាំងគ្រួសារស្ត្រីឈ្មោះ លីវ សុផាមិនទាន់យល់ព្រមទទួលយកសំណងគោលនយោបាយនេះ ។
ឯកឧត្តមបន្តថា ក្រសួងបានដោះស្រាយគ្រួសារទាំង៦៥ ដោយផ្អែកលើគោលការណ៍ចំនួន ៣៖ ទី១. សុវត្ថិភាពបងប្អូនដែលរស់នៅក្នុងអគារទ្រុឌទ្រោមពុកផុយវ័យចំណាស់ ៧៥ឆ្នាំនេះជាចម្បង ហើយក្រសួងបានសិក្សាវាយតម្លៃអគារនេះ ជាសំណង់ដែលអាចដួលរលំភ្លាមៗដោយមិនផ្តល់សញ្ញាណជាមុន, ទី២. ក្រសួងបានយកតម្លៃទីផ្សារជាគោល (ក្រុមហ៊ុន Phnom Penh Real Estate 2023, ក្រុមហ៊ុន De Grand Reality 2024 និងបានជួលក្រុមហ៊ុន Asia Pacific ឆ្នាំ 2025) និងទី៣. បានបើកចរចា និងពិភាក្សា ដោយទុកពេលវេលា ១៤ខែ ឱ្យគ្រួសារទាំង ៦៥ ធ្វើការសម្រេចចិត្ត។ ទន្ទឹមនេះ ក្រសួងក៏បានសិក្សាវាយតម្លៃទៅលើស្ថានភាពគ្រួសារទាំង៦៥ ទៅលើជីវភាពរបស់ពួកគាត់ ដែលក្នុងនោះមានគ្រួសារក្រីក្រចំនួន ៥ ក្រសួងបានផ្តល់សម្បទានដីសង្គមកិច្ច សម្រាប់រស់នៅ ។
ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានច្រានចោល ការចោទប្រកាន់របស់ស្ត្រីម្នាក់ ឈ្មោះ លីវ សុផា ដែលរស់នៅក្នុងអគារនេះ ដែលថាមន្ត្រីក្រសួងបានកាត់សោរ ចូលទៅរុះរើសម្ភារផ្សេងៗរបស់គាត់នោះ គឺជារឿងមិនពិត ។
ឯកឧត្តម ខៀវ បូរិន បានគូសបញ្ជាក់ថា សូមឱ្យសាធារណៈមតិជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាប័នទទួលខុសត្រូវ ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងសំណង់អគារទ្រុឌទ្រោមនេះ ដោយគោរពតាមក្រមសិលធម៌វិជ្ជាជីវៈ យុត្តិធម៌សង្គម និងសុខមាលភាពសង្គម ៕អត្ថបទ បាន សុខរិទ្ធិ







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ