Connect with us

ព័ត៌មាន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖មាត្រាដែលត្រូវធ្វើវិសោធនកម្មពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ មានមាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់ស្ដីពីសញ្ជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៥, អន្តរក្រសួង រួមានក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ។

​កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ផងដែរ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងនូវក្រោយកិច្ចប្រជុំនេះថា កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងផុលផុសជាច្រើនម៉ោងទៅលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ដើម្បីឱ្យដើរស្រប និងមានសង្គតភាពទៅនឹងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដែលបើកផ្លូវឱ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរ (ពលរដ្ឋខ្មែរសំដៅទៅលើពលរដ្ឋខ្មែរដែលទទួលបានសញ្ជាតិពីកំណើតជាម្ចាស់ស្រុក និងពលរដ្ឋទទួលបានសញ្ជាតិតាមរយៈសញ្ជាតូបនីយកម្ម បានន័យថាជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់) នេះហៅថាពលរដ្ឋខ្មែរ។

លោកបានបន្តថា អង្គប្រជុំបានពិភាក្សាគ្នា ដើម្បីស្វែងរកលក្ខខណ្ឌណាខ្លះ ដែលឈានទៅដល់ការសម្រេចដកសញ្ជាតិ ហើយនឹងកំណត់អំពីទម្រង់នៃការដកសញ្ជាតិ។ លោក សុខៈ បានបញ្ជាក់ថា ចំណុចលក្ខខណ្ឌនេះ គឺសំដៅទៅលើអំពើដែលពលរដ្ឋខ្មែរណាម្នាក់បានធ្វើសកម្មភាពដើម្បីឈានទៅដល់ការដកសញ្ជាតិ។ ចំណែកទម្រង់នៃការដកសញ្ជាតិនេះ គឺធ្វើទៅបានដោយមាន គណៈកម្មាធិការជាតិមួយ សម្រាប់ពិគ្រោះយោបល់ ហើយឈានទៅដល់ការស្នើសុំព្រះរាជក្រឹត្យដើម្បីដកសញ្ជាតិលើពលរដ្ឋខ្មែរនោះ។

លោកបានបញ្ជាក់ថា ក្នុងក្របខណ្ឌនេះ សម្រាប់ពលរដ្ឋខ្មែរមានសញ្ជាតិខ្មែរពីកំណើតតែម្ដង គឺមានការការពារតឹងរឹងមុននឹងឈានទៅដល់ការដកសញ្ជាតិ គឺអង្គប្រជុំអន្តរក្រសួងបានជជែកគ្នាយ៉ាងផុលផុសនៅលើចំណុចនេះ គឺក្រសួងទាំងពីរបានឯកភាពគ្នា បង្កើតឱ្យមានគណៈកម្មាធិការជាតិមួយ ដើម្បីវាយតម្លៃទៅលើអំពើ និងលក្ខខណ្ឌដែលពលរដ្ឋខ្មែរណាម្នាក់នោះបានធ្វើហើយចូលជាលក្ខខណ្ឌឈានទៅដល់ការដកសញ្ជាតិឬក៏អត់។ នេះគឺជាការការពារតឹងរឹងមួយមុនឹងឈានទៅដល់ការចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់នោះ។

បើតាមលោក សុខៈ ចំពោះមាត្រាដែលត្រូវធ្វើវិសោធនកម្មដែលពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរនេះ មានមាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ ហើយមាត្រាស្នូលជាងគេនោះគឺមាត្រា ២៨ និងមាត្រា ២៩ តែម្ដងនៃច្បាប់ស្ដីពីសញ្ជាតិ។ ចំណែកក្រៅពីនេះគឺជាការបំពេញន័យ។

លោកបានបញ្ជាក់ឱ្យដឹងជាសេចក្ដីព្រាងបឋមនៃលក្ខខណ្ឌដើម្បីឈានទៅដល់ការវាយតម្លៃ និងដកសញ្ជាតិខ្មែរបាន ឬក៏សកម្មភាពប្រព្រឹត្តរបស់បុគ្គលនោះ ដែលត្រូវឈានទៅដល់ការសម្រេចដកសញ្ជាតិខ្មែរ។ ទី១ គឺពលរដ្ឋខ្មែរដែលអាចត្រូវបានដកសញ្ជាតិខ្មែរ ក្នុងករណីណាមួយដែលពួកគេប្រព្រឹត្តនូវអំពើដូចជា៖ អំពើក្បត់ជាតិ, ធ្វើសកម្មភាពគបគិតគ្នាជាមួយបរទេស ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា, ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ, បូរណភាពទឹកដី និងសន្ដិសុខជាតិ, ចូលបម្រើកងទ័ពនៃរដ្ឋបរទេសដោយស្ម័គ្រចិត្តឬក៏បំពេញតួនាទីជាមន្រ្ដីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ទោះបីជាមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ មួយក្នុងករណីដែលទទួលបានសញ្ជាតិខ្មែរដោយការក្លែងបន្លំ ឬការទទួលបានព័ត៌មានមិនពិត ហើយបន្តមកគឺជាបុគ្គលដែលត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬក៏បទមជ្ឈិមដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្ដិសុខនៃរដ្ឋ ឬអំពើភេរវកម្ម និងបទល្មើសផ្សេងៗទៀតដែលបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ ប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជាតិ។ ទាំងនេះហើយគឺជាលក្ខខណ្ឌដើម្បីឈានទៅដល់ការវាយតម្លៃ និងដកសញ្ជាតិខ្មែរ។

លោក សុខៈ បានបញ្ជាក់ទៀតថា ការធ្វើច្បាប់ រាប់ចាប់តាំងពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរ ឈានមកដល់ការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ និងឈានទៅដល់ាការធ្វើវិសោធនកម្មលើអនុក្រឹត្យស្ដីអំពីបែបបទ និងនីតិវិធីនៃការដកសញ្ជាតិនោះ គឺមិនសំដៅទៅលើបុគ្គលណាមួយ ក្រុមណាមួយ ដោយផ្នត់គំនិតរើសអើងនោះទេ ប៉ុន្ដែគឺធ្វើដើម្បីបន្សុទ្ធនូវស្មារតីស្នេហាជាតិ ក្នុងនាមជាពលរដ្ឋខ្មែរ ដែលរដ្ឋធម្មនុញ្ញបានកំណត់ថា បើជាពលរដ្ឋខ្មែរ គឺត្រូវតែតម្កល់ឧត្តមប្រយោជន៍ ការពារឧត្តមប្រយោជន៍ជាតិ ការពារជាតិ ធ្វើឱ្យសន្ដិសុខជាតិដំណើរការទៅបានល្អប្រសើរ ហើយហ៊ានប្រឆាំងនឹងបរទេសឈ្លានពាន មិនគប់គិតជាមួយរដ្ឋបរទេស ធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជាតិខ្លួនឯង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia