កីឡា
១២ប្រទេសចូលរួមប្រកួតជម្រុះប្រចាំតំបន់ ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026
ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ចាប់ផ្តើមដំណើរការប្រកួតជម្រុះហើយ ចាប់ពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមាន១២ប្រទេសចូលរួម ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ កីឡាការិនី៤នាក់ចូលរួមប្រកួតប្រជែង។

នេះជាការគូសបញ្ជាក់ពី កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួលព្រឹត្តិការណ៍នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅក្នុងកិច្ចប្រជុំមុនការប្រកួត ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កញ្ញា បានបន្ថែមថា នេះជាការប្រកួតវាយកូនបាល់អន្តរជាតិអាស៊ីប្រចាំតំបន់ក្រោម១៤ឆ្នាំ ដោយមានការចូលរួមសរុប១២ប្រទេស ក្នុងនោះក្នុង១ប្រទេសមានកីឡាករ កីឡាការិនី៤នាក់ និងគ្រូបង្វឹកម្នាក់។ហើយនេះជាការប្រកួតប្រជែងក្រុមសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមជ័យលាភីដែលមានពិន្ទុខ្ពស់ជាងគេ (២ប្រទេស) សម្រាប់ការប្រកួតនៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៧ខាងមុខ។

កញ្ញា សោម ចិន្តា គូសបញ្ជាក់ថា ការប្រកួតជម្រុះនេះ មានវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី វាយគូក្មេងប្រុស-ក្មេងស្រី និងវាយចម្រុះក្រុម ហើយតាមរយៈការទទួលបានសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនបាល់អន្តរជាតិវគ្គជម្រុះតំបន់មួយនេះនឹងជួយផ្តល់ឱកាសដល់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជាបានចូលរួមប្រកួតប្រជែង ដកស្រង់បទពិសោធន៍បច្ចេកទេសបន្ថែមជាមួយកីឡាករ កីឡាការិនីអន្តរជាតិមកពី១១ប្រទេសផ្សេងៗទៀត។

ជាមួយគ្នានេះដែរ លោក ឃ្លាំង ពន្លក គ្រូបង្វឹកផ្នាល់កម្ពុជាបានគូសបញ្ជាក់ថា សម្រាប់កីឡាករ កីឡាការិនី បានបង្កើនការហ្វឹកហាត់ជាប់ជាប្រចាំ ពោលពីមានរយៈពេលប្រមាណ១ឆ្នាំមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៥មកម៉្លេះ ដោយគុណភាពបច្ចេកទេសរបស់ពួកគាត់មានការរីកចម្រើនល្អ ដែលមានសមត្ថភាពអាចប្រកួតប្រជែងបានជាមួយអត្តពលិកមកពីប្រទេសផ្សេងៗក្នុងតំបន់ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះបាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់អន្តរជាតិវគ្គជម្រុះប្រចាំតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជា ឆ្នាំ២០២៦នេះ មានគ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុប ៦០នាក់។ចំពោះសមាសភាពកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាមាន៤នាក់ គឺកីឡាករកាន់កូនកាត់ខ្មែរ-រស្ស៊ី មីហេអ៊ីឆេវ អាឡិចសេនឌឺ កីឡាករ មានសុផានិត និងកីឡាការិនី ម៉ន មករា និងកីឡាការិនី ស៊្រុន ជំនិតអេសធើ ដឹកនាំដោយគ្រូបង្វឹកកម្ពុជា លោក ឃ្លាំង ពន្លក។ កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រូវប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី និងវាយគូក្មេងប្រុស-ក្មេងស្រីក្រោម១៤ឆ្នាំ៕





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម