កីឡា
អង្គរថាយហ្គឺរបន្ថែមកម្លាំងថ្មី ២រូប ខណៈព្រះខ័នរាជស្វាយរៀង បន្ដបញ្ចេញកីឡាករទី៦
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បាននឹងបន្ថែមកម្លាំង ២រូបទៀត ដើម្បីពង្រឹងក្រុមឡើងវិញ ក្នុងការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង បានប្រកាសការចាកចេញរបស់កីឡាករទី៦ គឺកីឡាករ គួច ដានី ដែលបានផ្ទេរទៅកាន់ក្លិបគិរីវង់សុខសែនជ័យ។
ការប្រកាសនាំចូល និងបញ្ចេញកីឡាកររបស់ក្លិបទាំងពីរ ធ្វើឡើងមុនទីផ្សារដោះដូរកីឡាករលើកទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ត្រូវបិទនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ខាងមុខ ខណៈរយៈពេល ៣សប្ដាហ៍កន្លងមក គេឃើញក្លិបមួយចំនួន បានរុះរើសកីឡាករថ្មីជាច្រើន ពិសេសក្លិបព្រះខ័នរាជស្វាយរៀងតែម្ដង។
សម្រាប់សមាជិកថ្មីរបស់ក្លិបអង្គរថាយហ្គឺរ ដែលប្រកាសនៅព្រឹកថ្ងៃទី៨ ខែមករានេះ គឺខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីន Facundo Aranda ។ មុនផ្លាស់មកប្រកបអាជីពលើកដំបូងនៅតំបន់អាស៊ីអាគ្នេយ៍ កីឡាករវ័យ ២៥រូបនេះ ធ្លាប់បានប្រកបអាជីពលីគ ៤ប្រកួតមកហើយ រួមមានក្លិប San Telmo II និងក្លិប Penarol នៃលីគអាហ្សង់ទីន, ក្លិប FK Jezero នៃលីគម៉ុងតេណេហ្គ្រោ, ក្លិប Persis នៃលីគឥណ្ឌូនេស៊ី និងក្លិបឆាយនីសតៃប៉ិ Tainan City។
ក្រៅពីកីឡាករអាហ្សង់ទីនរូបនេះ អង្គរថាយហ្គឺរ ក៏ត្រៀមបង្ហាញកីឡាករថ្មីម្នាក់ទៀត ដែលក្លិបបានបង្ហើប គឺកីឡាករសញ្ជាតិជប៉ុន តែមិនទាន់បញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណផ្លូវការនោះទេ ។ ការនាំចូលកីឡាករបរទេសនេះ ស្របពេលអង្គរថាយហ្គឺរ ធ្វើមិនសូវបានល្អក្នុងមួយរយៈពេលធំចុងក្រោយ ។ ដូច្នេះការបន្ថែមកម្លាំងថ្មីនេះ គេសង្ឃឹមថា ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ នឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង សម្រាប់ការប្រកួតសេសសល់។
ក្រឡេកទៅចាប់អារម្មណ៍ក្លិបព្រះខ័នរាជស្វាយរៀងវិញ ឈានចូលការបើកទីផ្សារដោះដូរកីឡាករលើកទី២ ក្លិបបាននាំចូលកីឡាករថ្មីមួយចំនួន ពិសេសកីឡាករបរទេស ។ ជាមួយគ្នា ក្រោមការដឹកនាំរបស់លោក MATTHEW McCONKEY ក្លិបក៏បានរុះរើកីឡាករចេញច្រើនគួរឲ្យកត់សម្គាល់ផងដែរ ជាក់ស្ដែងកាលពីថ្ងៃពុធម្សិលមិញ ក្លិបទើបបានប្រកាសចែកផ្លូវជាមួយខ្សែបម្រើខ្មែរ-បារាំង គួច ដានី ដែលជាកីឡាករទី៦ បានចាកចេញ បន្ទាប់ពី ធារី ចន្ថាប៊ីន និង កាន់ ពិសាល ខ្ចីជើងទៅឡាយហ្វខេត្តព្រះសីហនុ, លូកាស អាតធ័រ ខ្ចីជើងទៅ អឹមអូអាយ កំពង់ដេវ៉ា, សេត រ៉ស៊ីប ខ្ចីជើងទៅបឹងកេត និងកីឡាករឡាវ Bounkong Bounphachan ផងដែរ។
គួរដឹងថា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង គួច ដានី ត្រូវបានប្រកាសស្វាគមន៍ភ្លាមៗទៅក្លិបគិរីវង់សុខសែនជ័យ ក្នុងនាមក្លិបទី៧ នៃលីគកំពូលកម្ពុជា ដែលខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ បានប្រកបអាជីពជាមួយ៕ អត្ថបទ លី ឈុនឡា


-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ