កីឡា
ភ្នំពេញក្រោនបន្ថែមកីឡាករបរទេស ៣រូប ត្រៀមជួបព្រះខ័នរាជស្វាយរៀង ក្នុងពានកម្រិតទី៣ ទ្វីបអាស៊ី
ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានបន្ថែមកីឡាករបរទេស ៣រូប ខណៈម្នាក់ជាអតីតសមាជិកចាស់របស់ខ្លួន ដើម្បីត្រៀមជួបក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាដើមខែមីនា ឆ្នាំ២០២៦ខាងមុខ។
ក្នុងចំណោមសមាជិកថ្មីទាំង ៣រូប ដែលភ្នំពេញក្រោន ទើបប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅ រួមមានខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn ដែលកីឡាករវ័យ ៣១ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្រុមសិង្ហក្រហមម្ដងរួចមកហើយ កាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មុនចាកចេញទៅលេងឲ្យក្លិប ២ទៀត នៅបង់ក្លាដែស និងឥណ្ឌូនេស៊ី។
ចំណែក ២រូបទៀត សុទ្ធតែមានប្រវត្តិមិនធម្មតា រួមមានខ្សែការពារសញ្ជាតិអ៊ីតាលី Pape Serigne និងខ្សែបម្រើសញ្ជាតិកាណាដា Diego Gutierrez ។ បច្ចុប្បន្ន Pape Serigne មានវ័យ ២៦ឆ្នាំ ដែលធ្លាប់លេងច្រើនតាមបណ្ដាក្លិបនៅអឺរ៉ុប ដូចជាអ៊ីតាលី ក្រូអាត លីទុយអានី និងឆេកជាដើម ខណៈមុនផ្ទេរមកភ្នំពេញក្រោន រូបគេ បានលេងឲ្យក្លិប Dordoi Bishkek នៃលីគកំពូលកៀហ្ស៊ីស៊ីស្ថាន។
រីឯកីឡាករ Diego Gutierrez វិញ ធ្លាប់មានបទពិសោធន៍លេងនៅលីគធំៗជាច្រើន ក្រោយវិវឌ្ឍន៍ខ្លួនចេញពីក្រុមយុវជនក្លិប Palestino នៃលីគកំពូលឈីលី រូបគេបានលេងឲ្យក្រុមធំ ចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ហើយបន្ដផ្លាស់ទៅលេងឲ្យក្លិប Valour FC នៃលីគកំពូលកាណាដា, ក្លិប AC Barnechea នៃលីគទី២ ឈីលី មុនផ្ទេរមកលេងឲ្យក្លិប Valour FC វិញ នៅឆ្នាំ២០២២ ខណៈចុងក្រោយកីឡាករវ័យ ២៨ឆ្នាំរូបនេះ បានលេងឲ្យក្លិប Cavalry FC នៃលីគកំពូលកាណាដា នៅឆ្នាំ២០២៤ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦។
ការនាំចូលកីឡាករបរទេសថ្មីនេះ បានធ្វើឲ្យភ្នំពេញក្រោន មានកីឡាករបរទេស ១១រូប មិនបូកបញ្ចូលកីឡាករសញ្ជាតិខ្មែរ-កូឡុំប៊ី Andres Nieto ។ សម្រាប់កូតាកីឡាករបរទេស ៨រូបទៀត រួមមាន Park Yi-young, Rick Ketting, Raul Feher, Makerlo Tellez, Maksym Pryadun, Moses Dyer, Seo-In Kim និង Breno Caetano។
ការពង្រឹងក្រុមជាមួយកីឡាករបរទេសដែលមានគុណភាពជាច្រើននេះ ច្បាស់ណាស់ភ្នំពេញក្រោន កំពុងមានមហិច្ឆតាខ្ពស់ ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFC Challenge League 2025/26 ពិសេសការត្រៀមជួបក្រុមរួមជាតិ ព្រះខ័នរាជស្វាយរៀង នៅក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២ជើង នាថ្ងៃទី៥ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដែលធ្វើឲ្យអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ និងទន្ទឹងរង់ចាំការប្រកួតដ៏អស្ចារ្យនេះផងដែរ៕ អត្ថបទ លី ឈុនឡា



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម
-
ព័ត៌មាន3 days agoជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ