Connect with us

ព័ត៌មាន

កម្ពុជាកំពុងពង្រឹងខ្លួនទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច

កម្ពុជាបានទទួលស្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល បាននិងកំពុងខិតខំពង្រឹងខ្លួន ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍ឲ្យបានជាអតិបរមា​ពីវិស័យដ៏មានសក្តានុពលនេះ ដើម្បីរួមចំណែក​ដល់​ការ​កសាង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាន​គ្រប់​គ្រង​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈ​ប្រហាក់​ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ នៅថ្ងៃទី១៨ ខែធ្នូនេះថា ឈរ​លើ​មូលដ្ឋាននៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ, ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ចនៅកម្ពុជា បាននិង កំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ លើមាគ៌ា​ដ៏​ត្រឹម​ត្រូវ​ និងប្រកបដោយក្តីសង្ឃឹម ។ ជាមួយនឹងមូលដ្ឋានសង្គម-សេដ្ឋកិច្ច ដ៏រឹងមាំ ប្រកប​ដោយ​ចីរភាព​, បរិយាបន្ន, សមធម៌ និងធន់នឹងវិបត្តិ, សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើន ៥% ក្នុង​ឆ្នាំ២០២៣ និងត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើង ក្នុងរង្វង់ប្រមាណ ៦% នៅឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្តី បន្ថែមថា ទោះជាយ៉ាងនេះក្តី, កម្ពុជា​ក៏​កំពុង​ត្រូវ​បាន​បន្ត​ហ៊ុម​ព័ទ្ធ​ដោយ​ហានិ​ភ័យ និងភាពមិន ប្រាកដប្រជាខ្ពស់ពីកត្តាខាងក្រៅចម្បងៗរួមមាន៖ ការបន្តប្រឈម​មុខ​ខាង​ភូមិ​សាស្ត្រនយោបាយកាន់តែស្រួចស្រាល់, ជាពិសេសការ បន្តអូសបន្លាយ និងភាព​កាន់​តែតា​ន​តឹងឡើងនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាភាពកាន់តែតានតឹង និងពិបាក​ស្មាន​នៃ​សង្គ្រាម​ នៅតំបន់មជ្ឈឹមបូព៌ា ព្រមទាំងស្ថាន​ភាព​មិន​ច្បាស់​លាស់​ នៃ​ទស្សន​វិស័យ​នៃ​កំណើន​សេដ្ឋកិ​ច្ច​នៅបណ្តាប្រទេស និងតំបន់ ជាដៃគូ ពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ព្រមទាំង​ផល​វិបាក​ពី​ការ​ប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។ ដែលហានិភ័យទាំងអស់នេះ ពុំមែន​ជា​ចំណុច​នឹង​ការគ្រប់គ្រងរបស់កម្ពុជានោះឡើយ។

ស្ថិតក្នុងបរិការណ៍នេះ, កម្ពុជាត្រូវសម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកល ដែល​ទាមទារ​នូវ​ការ​យក​ចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាព​ស្ថាប័ន​គ្រប់​កម្រិត​ ដោយផ្សារភ្ជាប់នឹងការធានាបាននូវគោលនយោបាយសម ស្រប និងសមត្ថភាព​អនុវត្ត​ជាក់​ស្ដែង​, លទ្ធផលការងារ និងការទទួលខុសត្រូវ ដើម្បីឆ្លើយតបនឹងអាទិភាពសំខាន់ៗ នៅក្នុង​ដំណាក់​កាលថ្មីរួមមានជាអាទិ៍៖ ការពង្រឹងអភិបាលកិច្ច; ការទ្រទ្រង់កំណើន និងការធ្វើ​ទំនើប​កម្ម​សេដ្ឋកិច្ច​, ការបង្កើតការងារ, ទាំងគុណភាព និងបរិមាណ; ការលើកស្ទួយវិស័យឯកជន និង​សហ​គ្រិនភាព, ការកសាងមូលធនមនុស្ស; ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតប ទៅនឹងការ​ប្រែប្រួល​អាកាសធាតុ, ព្រមទាំងការជំរុញធ្វើបរិវត្តកម្មឌីជីថល, ទាំងក្នុងសង្គម និង​សេដ្ឋកិច្ច​ជា​ដើម​។

ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ, បច្ចេកវិទ្យាឌីជីថល បានក្លាយ​ជា​ផ្នែកដ៏​សំខាន់​មិន​អាច​ខ្វះ​បានសម្រាប់សកម្ម- ភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្តល់​នូវ​កាលានុវត្តភាព​ថ្មី​ជា​ច្រើន​ តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មី ប្រកបដោយនវានុវត្តន៍ខ្ពស់, ការបង្កើនផលិតភាព និង​ប្រសិទ្ធភាពការងារ, និងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរជនជាដើម ក្នុង​នោះកម្ពុជាបាននិងកំពុងខិតខំពង្រឹងខ្លួន ក្នុងការទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមា ពី​វិស័យដ៏មានសក្តានុពលនេះ ដើម្បីរួម ចំណែកដល់ការកសាង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ផ្អែក​លើមូលដ្ឋាន​ប្រកប​ដោយ​សុទិដ្ឋិ​និយម​ខាង​លើ និងដើម្បីបន្តដំណើរ ដោយភាពស្វាហាប់ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ​២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់, យើងមាន តម្រូវការចាំបាច់ ក្នុង​ការ​អភិវឌ្ឍ និងការកែទម្រង់លើគ្រប់វិស័យ, ពិសេស​ការ​ជំរុញ​លើកក​ម្ពស់​វិស័យ​ច្ចេកវិទ្យា​ឌីជីថល​នេះ​ឯង​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia