ព័ត៌មាន
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យ និងចាត់វិធានការលើទីតាំងមួយកន្លែងនៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ ភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានឱ្យដឹងថា ជនខិលខូច បានលួចសាងសង់ផ្ទះលំហែចំនួន១ខ្នង(សាងសង់បានប្រមាណ៨០% ) បម្រុងនឹងសាងសង់ផ្ទះស្នាក់មួយកន្លែងទៀត រោងប្រក់តង់ចំនួនពីរ បានធ្វើរបងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ ហើយកាប់ដើមស្រល់មួយចំនួន និងការដាំដុះដើមដូងប្រមាណ២០ដើម។
យោងតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក្រសួងនឹងចាត់វិធានការច្បាប់ចំពោះជនល្មើស ដែលបានកាប់រុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៥៥ ការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដីដែលជាទ្រព្យសម្បត្តិរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថាន នឹងសហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនខិលខូច ដែលទន្ទ្រានដីដោយខុសច្បាប់នៅតំបន់ការពារធម្មជាតិ ទៅកាន់តុលាការ ដើម្បីអនុវត្តវិធានការច្បាប់ជាធរមាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច ព្រមទាំងអនុវត្តន៍ទៅតាមគោលការណ៍បែបបទបច្ចេកទេស ស្របតាមនិតីវិធីច្បាប់ជាធរមាន ចំពោះការអភិវឌ្ឍ រៀបចំ សាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយមិនអនុញ្ញាតឱ្យមានការឈូសឆាយ កាប់រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិដាច់ខាត។
ក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៣៧៩ ចំណុច «១» ការរៀបចំគម្រោងស្ថាបនា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈគ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវធ្វើការពិគ្រោះយោបល់ជាមុន ជាមួយក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងចំណុច «២» រាល់គម្រោងស្ថាបនា សាងសង់សំណង់ឯកជន នៅក្នុងតំបន់ការពារធម្មជាតិ ត្រូវទទួលការអនុញ្ញាតជាមុនពីក្រសួងទទួលបន្ទុកវិស័យបរិស្ថាននិងធនធានធម្មជាតិ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ និងមាត្រា៣៨៦ ការហាមឃាត់សិទ្ធិរបស់បុគ្គល ចែងថា «បុគ្គលពុំមានសិទ្ធិ ផ្តល់ការអនុញ្ញាតទោះដោយផ្ទាល់ក្តីឬប្រយោលក្តី ឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមនេះ»។
ក្រសួងបរិស្ថាននឹងបន្តនីតិវិធីច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណីរាល់បទល្មើសធនធានធម្មជាតិខាងលើ មិនលើកលែងចំពោះជនល្មើស និងអ្នកពាក់ព័ន្ធបទល្មើស ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវ:ចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេសការបង្កើនគម្របបៃតង និងការសម្រេចបានគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលនៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
PR NEWS10 hours agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ