Connect with us

ព័ត៌មាន

សម្តេច ឃួន សុដារី៖ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលបម្រើ​ឧត្តមប្រយោជន៍​ដល់ប្រជាពលរដ្ឋនឹងនាំកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមាន​ចំណូលខ្ពស់

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមនិងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដោយឈ្លាសវៃ ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការនោះ កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងសម្រេចបានជោគជ័យ នាំមកនូវឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ សម្តេចបានមានប្រសាសន៍បន្តថា សមិទ្ធផលក្នុងរយៈពេល ២០ ខែកន្លងមកនេះ គេបានមើលឃើញថា ការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការដាក់ចេញ និងការអនុវត្តកម្មវិធីគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងសក្ត័សិទ្ធិភាព បានត្រួសត្រាយនិងជាមាគ៌ាឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ សិក្ខាសាលានេះបានរៀបចំឡើងដោយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនៃរដ្ឋសភា សហការជាមួយ ក្រសួងមុខងារសាធារណៈ ដែលមានអ្នកចូលរួម មកពីភាគីពាក់ព័ន្ធទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ មានអ្នកចួលរួមប្រមាណជាង៣០០នាក់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់នេះ ជាបេសកកម្មបន្តជំនាន់ ដែលចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានអនុវត្តរៀងរហូតមក។ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តដ៏មោះមុតនិងមិនងាករេ ដោយបញ្ជាក់យ៉ាងច្បាស់ថា «កែទម្រង់ គឺយើងរស់ បើមិនកែទម្រង់ គឺយើងស្លាប់»។ ការប្ដេជ្ញាចិត្តដ៏ម៉ឹងម៉ាត់នេះធ្វើឱ្យ វិស័យមុខងារសាធារណៈនៅកម្ពុជាត្រូវបានអភិវឌ្ឍ និងពង្រឹងជាបន្តបន្ទាប់ ជាមួយនឹងការបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយម និងវិជ្ជមានតាមរយៈយុទ្ធសាស្ត្រត្រីកោណ និងចតុកោណទាំងបួនដំណាក់កាលកន្លងមក។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន តែងលើកទឹកចិត្តដល់អ្នកបន្តវេនគ្រប់ជំនាន់ឱ្យប្រកាន់ខ្ជាប់នូវ ទស្សនាទាននៃការធ្វើកំណែទម្រង់ជាប់ជាប្រចាំ ដោយមិនត្រូវភ័យខ្លាច ឬចុះញ៉មជាដាច់ខាត។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចសមិទ្ធផលធំធេងនៅក្នុងរយៈពេល២០ខែមកនេះ សបញ្ជាក់ពីការប្ដេជ្ញាចិត្តមោះមុត របស់ រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់សាធារណៈឱ្យមានប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ។ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់ ៤ រួមមាន ចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តខ្ពស់ ការចូលរួមដោយស្មោះត្រង់ និង ការលះបង់។ គោលការណ៍ទាំងបួននេះ មានភាពប្រទាក់ក្រឡាគ្នា និងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ដំណើរឆ្ពោះទៅមុខរួមគ្នា ដោយធានានូវសុខដុមនីយកម្ម និងភាពស៊ីសង្វាក់គ្នានៃភាពប្រទាក់ក្រឡា រវាងក្រសួង ស្ថាប័ន ដែលទាមទារឱ្យមានភាពច្បាស់លាស់ផ្នែកគតិយុត្ត ការឯកភាព ទាំងគុណតម្លៃ និងទស្សនៈរួម ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព និងការអភិវឌ្ឍ ដែលជាមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពស្វាហាប់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ដោយឆ្លើយតបឱ្យបានទាន់ ពេលវេលា ទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ត្រូវបានដាក់ ឱ្យអនុវត្ត និងប្រើប្រាស់ជាត្រីវិស័យ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងមុខងារសាធារណៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល លើការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានប្រគល់តួនាទីបន្ថែម ជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា៖ គ.វ.រ.) ដើម្បីដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មានការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ឯកឧត្តមមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ និង ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានយល់ច្បាស់ពីកត្តា ប្រវត្តិសាស្ត្រ ភាពចាំបាច់នៃកត្តានយោបាយ និងតម្រូវការបច្ចេកទេសជាក់ស្ដែងក្នុង ពេលបច្ចុប្បន្ន និងតទៅអនាគត សម្រាប់រដ្ឋបាលសាធារណៈរបស់កម្ពុជា។ ការវិភាគមុខងារនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រី ពង្រឹងប្រសិទ្ធភាពការងារ បង្កើនសមត្ថភាពប្រកួតប្រជែង ព្រមទាំងជួយសន្សំសំចៃ និងបង្វិលថវិកា មកអភិវឌ្ឍសមត្ថភាពមន្រ្តី និងដើម្បីមកលើកទឹកចិត្តដល់មន្ត្រីរាជការ តាមរយៈប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលជាវិធានការគន្លឹះទី៣ នៃការកទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា សម្តេចធិបតី បានគូសបញ្ជាក់ក្នុងឱកាសនៃពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ថា “កំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់ រាជរដ្ឋាភិបាល”។ ក្នុងស្មារតីនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បាន និងបន្តប្តេជ្ញា ខិតខំប្រឹងប្រឹង ក្នុងការដឹកនាំ សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីទាំងអស់គ្នា ធ្វើដំណើរព្រមគ្នា ប្រកបដោយភាពសុខដុម ឈរលើអភិក្រមការងារនៃការជំរុញ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ឱ្យសម្រេចបាននូវលទ្ធផលកែលម្អ ជាក់ស្តែងជាបណ្តើរៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ ដោយគោរព យ៉ាងម៉ឺងម៉ាត់នូវអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក» ព្រមទាំងបោះជំហានរួមគ្នាឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី គឺ “ការកសាងរដ្ឋបាលសាធារណៈ មួយមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ”។

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានមានប្រសាសន៍នៅក្នុងសុន្ទរកថាស្វាគមន៍ថា ការពិនិត្យ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាជំហានសំខាន់ក្នុងការកែលម្អ ប្រសិទ្ធភាពអង្គភាពសាធារណៈ បង្កើនគុណភាពសេវា និងការគ្រប់គ្រងល្អ។ ដំណើរការនេះ ជួយឱ្យរកឃើញនូវសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយ ស្របតាមវិធានការគន្លឹះ ដើម្បីគាំទ្រកំណែទម្រង់រដ្ឋបាលសាធារណៈ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យសាធារណៈ ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្តបាន និងមានសារៈសំខាន់សម្រាប់ ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។    សម្តេចមានប្រសាសន៍បន្តថា ជាការពិតណាស់ ខណៈពេលដែលយើងទាំងអស់គ្នាពេញចិត្តនឹងវឌ្ឍនភាព និង សមិទ្ធផលនានា ដែលយើងសម្រេចបានក្នុងវិស័យសាធារណៈ យើងចាំបាច់ ត្រូវបន្តកែលម្អ និងធ្វើទំនើបកម្មសេវាសាធារណៈ សំដៅធ្វើយ៉ាងណាបំពេញ តម្រូវការ និងការរំពឹងទុករបស់ប្រជាជន ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ក្នុងន័យនេះ យើងអាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នៅក្នុងបណ្តាក្រសួង-ស្ថាប័ននីមួយៗថែមទៀត តាមរយៈការប្រមូល និងវិភាគទិន្នន័យ ប្រកបដោយវិជ្ជាជីវៈ ដោយធានាឱ្យបានថា ការដាក់ចេញនូវគោលនយោបាយ របស់យើង គឺផ្អែកលើទិន្នន័យ និងការវិភាគដែលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។

សម្តេចបានសង្កត់ធ្ងន់ថា “យើងចាំបាច់ត្រូវតែតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោបាយ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃគោលនយោបាយ និង ដោះស្រាយនូវឧបសគ្គ និងបញ្ហាប្រឈមនានា។ ទន្ទឹមគ្នានេះ កត្តាសំខាន់មួយទៀត ដែលមិនអាចមើលរំលងបាន គឺការសម្របសម្រួល និងកិច្ចសហការ យ៉ាងជិតស្និទ្ធរវាងបណ្តាក្រសួង-ស្ថាប័ននានា។ កិច្ចការនេះដើរតួនាទីយ៉ាង សំខាន់ក្នុងការជំរុញប្រសិទ្ធភាព និងពង្រីកសមត្ថភាព នៃកិច្ចការកំណែទម្រង់ និងនវានុវត្តន៍ ក្នុងវិស័យសាធារណៈ។

ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការទី៤ នៃរដ្ឋសភា និងក្រសួងមុខងារសាធារណៈ ដែលបានផ្ដួចផ្ដើមសហការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារ:សំខាន់នេះឡើង។ សម្តេចមានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់ លោកជំទាវ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ នឹងអាចរកឃើញនូវធាតុចូលសំខាន់ៗ ក្នុងការពង្រឹងវិស័យសាធារណៈរបស់យើងឱ្យកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia