Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុង​ដំណើរ​ការ​យ៉ាង​ស្វាហាប់​ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក, និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បាន​កំពុ​ងដំណើរការយ៉ាងស្វាហាប់​ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក, និរន្តរភាព និង​ឯករាជ្យ​ដឹក​ជញ្ជូនផ្លូវទឹក។

ឯកឧត្ដមបានបន្តឲ្យដឹងថា បច្ចុប្បន្នក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និង​​រៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី១ រួចរាល់ បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​អន្តរក្រសួងបាននិងកំពុងបញ្ចប់នីតិវិធីនៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និង​ដោះ​ស្រាយ​ផលប៉ះពាល់​ជាក់​ស្តែង​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ទាំង​អស់​តាម​យន្តការ និង​នីតិ​វិធី​ដែលមានជាធរមាន។ ជាមួយគ្នានេះ ក្រុម​ការ​ងារ​របស់​CMAC បាន​និង​កំពុង​រុក​រក​មីន​ និង​យុទ្ធ​ភ័ណ្ឌដែ​ល​មិន​ទាន់​ផ្ទុះ​ដើម្បី​អាច​ចាប់​ផ្តើមការងារជីកស្តារ និង​សាង​សង់​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ។ ស្រប​ពេល​ជា​មួយគ្នានេះដែរ ក្រុមការងារជំនាញ​របស់​​អគ្គ​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបន្តចុះប្រមូលទិន្នន័យ បង្កើ​ត​បណ្តាញ​ប្រព័ន្ធ​ប្រតិ​ភី​វិភាគ ផលិតផែនទីភូមិសាស្រ្ត3D ដោយប្រើប្រាស់ឧបករណ៍ដ្រូន eBee X និង​ដ្រូន DJI M350 ដែល​ជា​បច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយទើបត្រូវបានបំពាក់បន្ថែម ដើម្បី​បញ្ចប់​​កិច្ច​ការ​ចុះ​កំណត់​និយាមកា បោះបង្គោលព្រំដី និងរៀបចំផែន​ទី​លម្អិត​តាម​បណ្តោយ​ព្រែក​ជីក​ហ្វូណន​តេជោ សម្រាប់​កំណាត់ទី២ ឱ្យបានរួចរាល់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាង​មុខ​នេះ​។

ឯកឧត្ដម អ្នកនាំពាក្យបានបន្ថែមថា​ ​គិតចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រហូត​មក​ដល់​ពេល​បច្ចុប្ប​ន្ននេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់​ផែ​នៃ​ក្រសួង​សាធារណការនិងដឹកជញ្ជូន បានចំណាយរយៈពេល៥៥ថ្ងៃរួចមកហើយ ដើម្បី​ចុះ​ប្រមូល​ទិន្នន័យ បង្កើតបណ្តាញប្រព័ន្ធប្រតិភីវិភាគ(BM)សរុបបានចំនួន ៤០ ទីតាំង និង​បាន​បញ្ចប់​ការ​ថត​យក​រូបភាពពីលើអាកាស សម្រាប់កំណាត់ទី២ ទាំងស្រុង ហើយការ​ថត​យក​រូប​ភាព​ពី​លើ​អាកាស​ដោយប្រើប្រាស់ឧបករណ៍ដ្រូនផែនទីទំនើបនេះ ត្រូវបានផលិតផែនទីលម្អិត និង​ផលិត​ផែន​ទី​ភូមិ​សាស្រ្ត3D សរុបលើផ្ទៃដីប្រមាណ១៥.៨៣៦ ហិកតារួចមកហើយ។

គួរ​បញ្ជាក់បន្ថែមទៀតផងដែរថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កិច្ចព្រមព្រៀង និង​កិច្ច​សន្យា​ចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” (គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ) ត្រូវបានចុះហត្ថលេខាជាផ្លូវការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ​ក្រុម​ហ៊ុន​វិនិយោគ និងរវាងក្រុមហ៊ុនវិនិយោគកម្ពុជា និងក្រុមហ៊ុនវិនិយោគរបស់ភាគីចិន។

កិច្ច​ព្រម​ព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធរួមមានជាអារទិ៍ ៖ (១) កិច្ចសន្យា​ភាព​ជាដៃ​គូ​រវាង​រដ្ឋ និងឯកជន (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ច​សន្យា​វិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។ កិច្ច​ព្រម​ព្រៀង និងកិច្ចសន្យា ទាំង ៥នេះ និងធ្វើឱ្យដំណើរការនៃការវិនិយោគ ការសាងសង់ និង​ប្រតិបត្តិការណ៍ព្រែកជីកហ្វូណនតេជោប្រកបដោយភាពរលូននិងច្បាស់លាស់។

គម្រោង​ព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ការ​បោះ​ជំហាន​ដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុង​វិស័យ​នាវា​ចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹក​ប្រវត្តិ​សាស្រ្ត​មួយ​ខ្សែ​នេះ​មានប្រវែងជាង ១៧៤ គ.ម ត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្ត​តាកែវ ខេត្តកំពត និងខេត្តកែប ហើយ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​នាវា​ដែល​មាន​ទម្ងន់​ផ្ទុក​រហូត​ដល់​ ៣ ០០០ DWTទៅមក និងជៀសសគ្នាបានដោយសុវត្ថិភាព។ គម្រោងនេះ​នឹង​បង្កើត​បណ្តាញ​ផ្លូវ​ទឹក​ក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងអាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រម​ទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និង​សមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់​បន្ថយ​ចម្ងាយ និង​តម្លៃ​ដឹក​ជញ្ជូន​ ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​ប្រព័ន្ធ​ផ្លូវ​ទឹក និងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានផងដែរ។

ឯកឧត្ដម ផន រឹម បានបញ្ជាក់ថា នៅ​ពេល​គម្រោងនេះបញ្ចប់ការស្ថាបនាជាស្ថាពរ យើងរំពឹង​ថា​នឹង​​បណ្តាញ​ផ្លូវ​ទឹក​នេះ​នឹង​ចូល​រួម​លើក​កម្ពស់​ការតភ្ជាប់​បណ្តាញ​ផ្លូវ​ទឹក​ក្នុង​ប្រទេស​ទៅ​សមុទ្រ​ជាតិ​ និងអន្តរជាតិ, ពន្លឿនការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជ​កម្ម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ភាព​ងាយ​ស្រួល រវាងកម្ពុជាទៅ​កាន់​តំបន់​នានា​ដែល​ជា​ដៃ​គូ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជា​ពិ​សេស​ធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា។ លើសពីការដឹកជញ្ជូន គម្រោង​នេះ​ក៏​នឹង​ផ្តល់អត្ថប្រយោជន៍រួមមាន ការជំរុញ និង​អភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹក ប្រព័ន្ធ​ធារា​សាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និងការវិនិយោគសំខាន់ៗ ហើយ​គម្រោងនេះ​នឹងជួយក​ម្ពុជា​ឱ្យ​សម្រេច​ចក្ខុ​វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងក្លាយជាប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការ​បង្កើ​ន​ផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការ​តភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក និងផ្លូវសមុទ្រ បង្កើតការងារ​ថ្មី​ៗ​ជា​ច្រើន​ជូន​ប្រជា​ពលរដ្ឋ និងជំរុញការ​អភិវឌ្ឍ​ និង​វិនិយោគ​ពហុ​វិស័យសម្រាប់​តំបន់​នានា​តាម​បណ្តោយ​ខ្សែផ្លូវ​ទឹក​មួយ​នេះ​។

គួររម្លឹកដែរថា គម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ គឺជាគំនិត​ផ្តួច​ផ្តើម​ដ៏​ខ្ពង់​ខ្ពស់​ប្រកបដោយចក្ខុវិស័យយុទ្ធសាស្រ្តដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​។

គម្រោងនេះបានបន្តយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងថាមពល ដោយ​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្សល់​ទុក​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​តទៅ​អនាគត​ដ៏​យូរ​អង្វែងប​ន្ត​ទៀត​។

គម្រោង​នេះ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិកនិងអធិកអធម កាលពីថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយ​មាន​ការ​ចូល​រួ​​មគាំទ្រយ៉ាងកងរំពងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ គម្រោង​ព្រែក​ជីក​ហ្វូណ​នតេជោនេះ ត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ​២០២៨​ខាង​មុខ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia