ព័ត៌មាន
សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យ
នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព

ក្នុងឱកាសនៃជំនួប លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញស្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់ន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត។



-
PR NEWS6 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន3 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន3 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន2 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន3 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង
-
ព័ត៌មាន1 week agoរដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្ត