ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចង់ឃើញបងប្អូនកូរ៉េមានទំនាក់ទំនងជាមួយគ្នាល្អឡើងវិញ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាចង់ឃើញបងប្អូនកូរ៉េ មានទំនាក់ទំនងល្អនឹងគ្នាឡើងវិញ ហើយកម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរផងដែរ។
ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក Jang Yun Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា(កូរ៉េខាងជើង) នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កម្ពុជាពិតជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ នៅចំពោះមុខឯកអគ្គរដ្ឋទូត សម្តេចតេជោក៏បានលើកឡើងផងដែរថា កម្ពុជាពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។

ជាមួយគ្នានោះដែរ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានស្នើសុំការយោគយល់ពីឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ផងដែរ ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយព្រះរាជាណាចក្រកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
ចំពោះទំនាក់ទំនងកូរ៉េខាងជើងជាមួយអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាងជើង គប្បីប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាន និងការផ្សាភ្ជាប់កូរ៉េខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បានបន្តថាកម្ពុជា យល់អំពីភាពចាំបាច់នៃការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែ សូមកុំដាក់វិធានការដែលដើរហួសពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភ ដល់ប្រទេសក្នុងតំបន់ និងអាស៊ាន។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Jang Yun Gon ក៏បានថ្លែងអំណរគុណដល់សម្តេចប្រមុខ រដ្ឋស្តីទី ចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី១ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង២ផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថាទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងកូរ៉េខាងជើងអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។
ជាមួយគ្នានោះដែរលោកឯកអគ្គរដ្ឋទូតក៏បានគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែល បានជាប់ឆ្នោតជ្រើសតាំងជាប្រានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល៣៨ឆ្នាំ និងបានសម្រេចនូវសមិទ្ធផលដ៏មានតម្លៃជាច្រើនដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ លោកទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។
នៅចំពោះមុខសម្តេចប្រមុខរដ្ឋស្តីទី លោកទូតក៏បានជម្រាបជូនសម្តេចផងដែរថា អស់រយៈពេល ១ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់លោកផ្ទាល់ លោកសូមវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត ដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និងគោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលជាផ្លែផ្កា និងជាពិសេសគឺធានាបាននូវសន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា៕ អត្ថបទ៖ បាន ចក់

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់