ព័ត៌មាន
ព្រះមហាក្សត្រ យាងនិវត្តពីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តពីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។
តបតាមការសូមយាងរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩នេះធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង»។ កិច្ចប្រជុំកំពូលនេះជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលដើម្បពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានាដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ តាមរយៈកិច្ចប្រជុំនេះក៏បានបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាពព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើងវិញដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ជាលទ្ធផលដ៏លើសលប់ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខណៈដែលឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានប្រកាសជាផ្លូវការបែបនេះនៅវិមាន Grand Palais ទីក្រុងប៉ារីស ដោយមានការទះដៃអបអរសាទរយ៉ាងកងរំពងពីបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាល។
បន្ទាប់ពីការប្រកាសពីឯកមានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថាកម្ពុជាជាប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ ក្នុងឱកាសកិច្ចប្រជុំនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។ ព្រះអង្គក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជាឱកាសដ៏ពិសេសមួយសម្រាប់ការចែករំលែក និងការប្រាព្ធពិធីមួយដ៏សប្បាយរីករាយ។
សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលព្រះអង្គស្ដេចគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏បានព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយនឹង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដោយបានពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំងផងដែរ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់