ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ទស្សនកិច្ចមន្ទីរពេទ្យ ដែលផ្តល់សេវាអេដស៍ ក្នុងខេត្តចន្ទបុរី ប្រទេសថៃ
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនកិច្ចមន្ទីរពេទ្យផុងណាមរ៉ុន (Pong Nam Ron) ដែលផ្តល់សេវាអេដស៍ ក្នុងខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
អមដំណើរគណៈប្រតិភូរួមមាន៖ ឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តមអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន អភិបាលរងស្រុក តំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានឯកឧត្តម Monsit Paisarntanawat អភិបាលខេត្តចន្ទបុរី លោកប្រធានមន្ទីរសុខាភិបាលខេត្តចន្ទបុរី ប្រធានមន្ទីរពេទ្យផុងណារ៉ុន ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍និងកាមរោគនៃ ក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ផងដែរ។
ឯកឧត្តមអភិបាលខេត្តចន្ទបុរី គូសបញ្ជាក់ថា ជំនួបនេះជាឱកាសពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាលរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដែលអាចជួយដះស្រាយបញ្ហាជំងឺអេដស៍។ ក្នុងនោះ យើងអាចនឹងរៀបចំគោលការណ៍ណែនាំសុខភាព និងគ្រប់គ្រងជំងឺឆ្លងក្នុងចំណោមពលករផងដែរ។
មានប្រសាសន៍ទៅកាន់ភាគីថៃ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា នៅកម្ពុជា តាមការប៉ាន់ស្មានមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៦០០០នាក់។ ក្នុងនោះ អ្នកមកទទួលសេវាថែទាំព្យាបាលជំងឺអេដស៍មានចំនួន៦៨០០០នាក់។ ដូច្នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៨០០០នាក់ បាត់មុខមិនមកទទួលសេវាក្នុងប្រព័ន្ធ ដែលអាចសំងំព្យាបាលនៅមន្ទីរពេទ្យឯកជន ឬជាជនចំណាកស្រុក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជា នឹងពិភាក្សាលម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈនៃការយោគយល់ឱ្យពលករខ្មែរអាចធ្វើតេស្ត និងទទួលការព្យាបាលនៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅជួបសំណេះសំណាលជាមួយក្រុមប្រជាជនគន្លឹះដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ នៅ”ផ្ទះម៉ែភូមិ” នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសាកសួរក្រុមអ្នកដែលមកសំណាក់ឆ្លងកាត់នៅផ្ទះម៉ែភូមិ អំពីបញ្ហាសុខភាព វិធីការពារពីការឆ្លងមេរោគអេដស៍ និងការទទួលសេវាបង្ការអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធីល្អដើម្បីកុំឱ្យឆ្លងអេដស៍គឺបង្ការដោយការប្រើស្រោមអនាម័យ។ ប៉ុន្តែ បើសង្ស័យថា អាចឆ្លងមេរោគអេដស៍ត្រូវប្រញាប់ទៅធ្វើតេស្ត។ បើមានលទ្ធផលតេស្តវិជ្ជមាននឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។ តមកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូអន្តរក្រសួងដែលរួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ទៅទស្សនកិច្ចមន្ទីរពេទ្យអារញ្ញប្រាថេតដែលផ្តល់សេវាអេដស៍ ក្នុងខេត្តស្រះកែវ ប្រទេសថៃ។
ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានលោក Chawwanate Yimprasert អភិបាលរងខេត្តស្រះកែវ លោកប្រធានមន្ទីរសុខាភិបាលខេត្តស្រះកែវ ប្រធានមន្ទីរពេទ្យអារញ្ញប្រាថេត ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍និងកាមរោគនៃ ក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ (AHF, SWING & Worl Vision) ផងដែរ។ ដំណើរទស្សនកិច្ចនេះ ជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជានឹងពិភាក្សាលម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈនៃការយោគយល់ឱ្យពលករខ្មែរអាចធ្វើតេស្តនៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ៕អត្ថបទ រដ្ឋា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់