ព័ត៌មាន
ឯកឧត្តម ហេង សួរ និងគណៈប្រតិភូសភាខេត្តណាហ្គាណូ ជប៉ុន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ជំនួបពិភាក្សាការងារនេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជាពិសេសលើវិស័យបញ្ជូន និងទទួលពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។
ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលជប៉ុនក៏ចូលរួមក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ ប្រទេសជប៉ុនជាគោលដៅដែលប្រជាជនកម្ពុជាចង់ទៅធ្វើការ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជាកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនប្រមាណ ២ម៉ឺននាក់។
ទន្ទឹមនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន ជាពិសេសខេត្តណាហ្គាណូ បង្កើនចំនួនការទទួលយកពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករកម្ពុជាប្រមាណជិត ៣០០នាក់ប៉ុណ្ណោះកំពុងធ្វើការនៅក្នុងខេត្តណាហ្គាណូ។
ឯកឧត្តម រដ្ឋមន្ត្រី រំពឹងថាតាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាខេត្តណាហ្គាណូ នាពេលនេះនឹងអាចចងក្រងជារបាយការណ៍សម្រាប់ពិនិត្យមើលលក្ខខណ្ឌផ្សេងៗដែលភាគីជប៉ុនត្រូវការដើម្បីទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោក NAKAGAWA Hiroji បានគូសបញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាបង្កើតឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកិច្ចការបង្កើនចំនួនបញ្ជូន និងទទួលពលករកម្ពុជាធ្វើការនៅក្នុងខេត្តណាហ្គាណូ ដោយលោកសម្លឹងមើលឃើញថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសមានយុវជនជាច្រើនមានអាយុជាមធ្យមប្រមាណ២៦ឆ្នាំ ដែលជាកម្លាំងធនធានដ៏សំខាន់។ ទន្ទឹមនេះ លោកបានបញ្ជាក់ថានឹងរាយការណ៍ជូនទៅកាន់អភិបាលខេត្តណាហ្គាណូ អំពីគោលបំណងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការជាមួយគ្នា។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅចុះកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនក្រោមគម្រោងចំនួន ២ រួមមាន ប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស និងប្រព័ន្ធពលករជំនាញ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងថែទាំមនុស្សចាស់ជាដើម៕










-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន