ព័ត៌មាន
កម្ពុជាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ជាកញ្ចប់របស់រាជរដ្ឋាភិបាល
កម្ពុជាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយបានផ្ដោតជាចម្បងលើវិធីសាស្ត្រក្នុងការរៀបចំវឌ្ឍនភាព នៃការអនុវត្តវិធានការយន្តការស្ថាប័ន បញ្ហាប្រឈម និងទិសដៅការងារបន្ត។

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ “របាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាស ទី១ ឆ្នាំ២០២៤ នៅថ្ងៃទី ១៧ ខែ តុលា ម្សិលមិញ, ពិធីផ្សព្វផ្សាយខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ឱ្យបានកាន់តែទូលទូលាយ នូវរបាយការណ៍ខាងលើព្រោះរបាយការណ៍នេះគឺជាឯកសារមូលដ្ឋាន សម្រាប់ជូនរាជរដ្ឋាភិបាល ពិនិត្យ ពិចារណាក្នុងការតម្រង់ទិស និងពន្លឿនការអនុវត្តវិធានការដែលនៅសេសសល់ ព្រមទាំងដាក់ចេញវិធានការបន្ថែម ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈមដែលបានលើកឡើង ហើយក៏នឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព គណនេយ្យភាព របស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។

តំណាងផ្នែកឯកជន, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សចំពោះវឌ្ឍនភាព ដែលវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) សម្រេចបានកន្លងមក ហើយការណ៍នេះបានសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នា រវាងរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ និងកំណែទម្រង់សំខាន់ៗ ដែលពុំមែនគ្រាន់តែជាគោលដៅអរូបីប៉ុណ្ណោះទេ ប៉ុន្តែជាកំណែទម្រង់ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ធុរកិច្ច និងការវិនិយោគ ទូទាំងប្រទេស។

គូរបញ្ជាក់ផងដែរថា វេទិកា G-PSF លើកទី១៩ ត្រូវបានរៀបចំឡើងដោយជោគជ័យ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំវេទិកានេះជាលើកទី១ ។ ជាលទ្ធផល តាមរយៈវេទិកា G-PSF លើកទី១៩ រាជរដ្ឋភិបាលបាន ដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន១១ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៃការតាមដានវឌ្ឍន- ភាពនៃការអនុវត្តវិធានការទាំងនេះ។ ជារួមវិធានការជាងពាក់កណ្តាល បានសម្រេចពេញលេញត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ ២០២៤ ដែលតួលខនេះបង្ហាញថា ការអនុវត្តវិធានការមានវឌ្ឍនភាពល្អប្រសើរគួរឱ្យកត់សម្គាល់។

លទ្ធផលដែលប្រសូត្រចេញពីពិធីផ្សព្វផ្សាយនេះ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដោយបានទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមរបស់វិស័យឯកជន មកពិនិត្យដោះស្រាយ និងអន្តរាគមន៍ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ ឱ្យកាន់តែមានជវភាព អំណោយផល ទាក់ទាញ ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត