ព័ត៌មាន
ក្រសួងការងារលេីកទឹកចិត្តសិស្សបញ្ចប់ថ្នាក់ទី១២ ងាកមករៀនជំនាញ TVET ដេីម្បីឆ្លេីយតបទីផ្សារការងារថ្ងៃអនាគត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះគឺជាស្ពានអនាគត អាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។
យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់សម្រាប់យុវជនដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់ ឬអ្នកជាប់ ហើយគ្មានលទ្ធភាពទៅបន្តការសិក្សានៅសាកលវិទ្យាល័យបាន ពីព្រោះកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន (TVET 1.5M) ពុំមានការបង់ថ្លៃសិក្សា ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០ដុល្លារក្នុងមួយខែថែមទៀតផង។
យុវតីរូបនះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺសិក្សាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយយុវជនរៀនឆាប់ចេះជាមួយកម្មវិធីសិក្សាដ៏ល្អរបស់គ្រឹះស្ថានបណ្តុះបណ្តាល និងឆាប់មានការងារធ្វើ។ សិស្សានុសិស្សរបស់យើងអាចចាប់យកការសិក្សាជំនាញរយៈពេលខ្លី សិន ចាំបន្តការសិក្សានៅសាកលវិទ្យាល័យក៏មិនទាន់ហួសពេលដែរ ដោយឡែកបងប្អូនដែលប្រឡងមិនជាប់ក្តី ឬប្រឡងជាប់ហើយតែពុំមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យបានភ្លាមៗ អាចជ្រើសរើសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីជាស្ពានចម្លងទៅថ្ងៃអនាគត។
ស្រដៀងគ្នានេះ យុវជន ធូ វួចឆាយ ជាសិស្សម្នាក់ទៀតដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក៏បានលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺល្អណាស់សម្រាប់យុវជន ពីព្រោះកម្មវិធីបណ្តុះបណ្តាលមួយនេះមានជំនាញល្អៗជាច្រើនសម្រាប់ជ្រើសរើសសិក្សាដូចនៅសាកលវិទ្យាល័យផងដែរ។ យុវជនដែលទើបតែបញ្ចប់ការប្រឡងថ្នាក់ទី១២ ថ្មីៗនេះគួរកុំមើលរំលងឱកាសក្នុងការសិក្សាជំនាញមួយនេះ។
ដោយឡែក យុវជន ហ៊ាម ឃ្លីនតុន បានឲ្យដឹងដែរ កន្លងមកឃើញមានមន្រ្តីរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស បានមកផ្តល់ព័ត៌មានអំពីការសិក្សាជំនាញ TVET មួយនេះមកដល់សាលារៀនផ្ទាល់ផងដែរ។ យុវជនរូបនេះមានការចាប់អារម្មណ៍ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ហើយលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរក្នុងការប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះ សូមចាប់យកការសិក្សាជំនាញបច្ចេកទេសនេះដោយចាំបាច់បំផុត។
គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកម្មវិធីសិក្សាជំនាញមួយនេះគឺមិនមានការបង់ថ្លៃសិក្សា, និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, សិក្សារយៈពេល៤ ខែ ដោយអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្ត។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះកំពុងតែដំណើរការបណ្តុះបណ្តាលយុវជនជាច្រើនមុឺននាក់ ហើយបច្ចុប្បន្ននៅតែបន្តជ្រើសរើសយុវជនចូលសិក្សានៅទូទាំងប្រទេសផងដែរ៕











-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត